ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី ហាមអ្នកវិនិយោគ កុំទិញដីកាក់ទុក នៅតាមតម្រាយគម្រោងព្រែកជីកហ្វូណន
06, Jun 2024 , 11:18 am        
រូបភាព
គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ សីហាខាងមុខ។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។



សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណននេះ ចូលរួមគាំទ្រទាំងអស់គ្នា។ ត្រង់ចំណុចនេះ សម្ដេច ចង់បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន នឹងអាចប៉ះពាល់ដល់ដីស្រែ និងអចលនទ្រព្យរបស់ពលរដ្ឋមួយចំនួន ហើយរដ្ឋនឹងដោះស្រាយបញ្ហានេះ ឱ្យមានតម្លាភាព និងសមរម្យតាមទំហំនៃផលប៉ះពាល់។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល សុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋ។
 
«បើគ្មានការចូលរួមពីពលរដ្ឋ យើងមិនអាចធ្វើបាន ហើយអាចប្រើប្រាស់ផលប្រយោជន៍រួមទេ។ រាជរដ្ឋាភិបាល នឹងខិតខំរៀបចំចុះដោះស្រាយ តាមបច្ចេកទេសដើម្បីធ្វើ និងដោះស្រាយតាមគោលនយោបាយដើម្បី(ប្រយោជន៍) បងប្អូន គឺយើងបានធ្វើហើយ Survey (ស្រង់ទិន្នន័យ) ហើយ មានផ្ទះប៉ុន្មានខ្នង? ដីស្រែប៉ុន្មាន ? ដើម្បីចុះដោះស្រាយជូនពលរដ្ឋតែម្ដង។ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ យើងមិនអាចធ្វើបានទេ មិនអាចទទួលផលបានទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត។
 
បើតាមរបាយការណ៍ពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាយការណ៍ជូនសម្ដេច ហ៊ុន ម៉ាណែត ផ្ទះពលរដ្ឋ នៅតាមបណ្ដោយតំបន់អភិវឌ្ឍព្រែកជីកហ្វូណននេះ មានចំនួន១៦៤០ខ្នងផ្ទះ ឬអាចលើសនេះតិចតួច។ «សូមកុំឱ្យពេលចាប់ផ្ដើម ក្លាយទៅជាង១ម៉ឺនខ្នងផ្ទះ ព្រោះផ្ទះឥឡូវសង់លឿនណាស់ មួយយប់អាចដាំដូងដុះបាន មានផ្លែ។ ប្រជាពលរដ្ឋត្រូវជួយ ហើយរដ្ឋនឹងខិតខំ ហើយរដ្ឋនឹងចេញថវិកាបដិភាគ ដើម្បីប្រជាពលរដ្ឋ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលហាមកុំឱ្យមានចលនាទិញដី ស្ថិតនៅតាមតម្រាយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ។
 
សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងផ្ដាំទៅអ្នកវិនិយោគ និងអ្នករកស៊ីអចលនទ្រព្យ កុំទាន់ទៅទិញដីស្រែ និងអចលនទ្រព្យពលរដ្ឋ នៅកន្លែងអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណន ដែលនាំឱ្យអចលនទ្រព្យឡើងថ្លៃខ្ពស់ ហើយប៉ះពាល់ដល់គម្រោងអភិវឌ្ឍ។
 
ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់បែបនេះ៖«សូមអំពាវនាវដល់បងប្អូនអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ព្រោះខ្ញុំបានឮរហិចរហៀងមកថា មានប្រមូលគ្នា ដើម្បីទិញដីកាក់ទុក។ សូមកុំប៉ះកន្លែង ដែលយើងកំពុងធ្វើ តែប៉ុន្មាននឹងទេ»។ 
 
នាយករដ្ឋមន្រ្តី បានបន្ថែមថា អ្នកវិនិយោគ ឬអ្នករកស៊ីអចលនទ្រព្យ អាចទៅទិញដីទុកនៅក្បែរតំបន់អភិវឌ្ឍន៍គម្រោង លើកលែងតែទីតាំងស្ថិតនៅក្នុងគម្រោងព្រែកជីកហ្វូណន គឺមិនត្រូវប៉ះពាល់ឡើយ។«ជាពិសេសអ្នកគក់ជេដី (អ្នករកស៊ីអចលនទ្រព្យ) និយាយឱ្យច្បាស់តែម្ដង កុំដល់ពេលរដ្ឋចាប់ផ្ដើមដោះស្រាយគោលនយោបាយ ស្រាប់តែដីស្រែឡើង១ការ៉េ ខ្ទង់១០០០ដុល្លារ គឺចប់បាត់។ កន្លែងនេះទុកទៅ (កុំប៉ះពាល់ដីនៅក្នុងគម្រោងព្រែកជីកហ្វូណន)។ រដ្ឋមិនហាមឃាត់ទាំងអស់ទេ (អភិវឌ្ឍន៍) កន្លែងជាប់ពីកន្លែងនេះ មានសក្ដានុពលទាំងអស់»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលហាមអ្នកវិនិយោគប៉ះពាល់ដី និងអចលនទ្រព្យ នៅក្នុងគម្រោងព្រែកជីកនេះ។ 
 
រដ្ឋាភិបាល មិនចំណាយថវិកា ហើយក៏មិនខ្ចីលុយបរទេស ដើម្បីមកវិនិយោគលើគម្រោងព្រែកជីកហ្វូណនទេ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត គម្រោងនេះ គឺស្ថិតនៅក្រោមការវិនិយោគឯកជន ហើយខ្ចីលុយពីធនាគារក្នុងស្រុក មកវិនិយោគ ដោយសុំសិទ្ធិកាន់កាប់គម្រោងនេះ រយៈពេល៥០ឆ្នាំ ហើយផុតពីនេះ ក្រុមហ៊ុនវិនិយោគ នឹងផ្ដល់សិទ្ធិមករដ្ឋគ្រប់គ្រងវិញ។ ការវិនិយោគបែបនេះ គេហៅថា ការវិនិយោគក្នុងទម្រង់ BOT តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គម្រោងនេះ លែងពឹងផ្អែកលើបរទេស ១០០ភាគរយហើយ ពោលគឺមានក្រុមហ៊ុនវិនិយោគខ្មែរ នឹងចូលរួមកាន់កាប់គម្រោងនេះ ៥១ភាគរយ។ «គម្រោងនេះ នឹងចូលរួមក្នុងនាមកម្ពុជាយើងជាអ្នកកាន់កាប់ភាគច្រើន » ។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី។
 
ក្រុមហ៊ុនរដ្ឋ ដែលវិនិយោគលើគម្រោងនេះ គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ នឹងចូលរួមវិនិយោគជាមួយបរទេស។ គម្រោងព្រែកជីកហ្វូណន នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ សម្ដេច បន្ថែម។
 

Tag:
 ហ៊ុន ម៉ាណែត
  ព្រែកជីកហ្វូណន
© រក្សាសិទ្ធិដោយ thmeythmey.com