សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងខ្ពស់នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកខែមិថុនា។
កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្តិចពីកម្រិត ៥,៦ភាគរយក្នុងឆ្នាំ ២០២៣ ទៅ ៥,៨ភាគរយនៅឆ្នាំ២០២៤ ។ ធនាគារពិភពលោក ក៏បានព្យាករកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២៥ នៅកម្រិត៦,១ភាគរយ និងឆ្នាំ២០២៦ នឹងប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,៤ភាគរយ។ សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជានេះ ដោយសារតែភាពប្រសើរឡើងនៃការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បើតាមការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ប្រសើរជាងគេបើធៀបប្រទេសក្នុងតំបន់ដូចជា ថៃ (២,៨ភាគរយ) វៀតណាម (៥,៥ភាគរយ) ឡាវ(៤ភាគរយ) មីយ៉ាន់ម៉ា (១,៣ភាគរយ) ហ្វីលីពីន (៥,៨ភាគរយ) ម៉ាឡេស៊ី (៤,៣ភាគរយ) និងឥណ្ឌូណេស៊ី (៤,៩ភាគរយ) សម្រាប់ឆ្នាំ២០២៤។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖« ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។
ថ្លែងនៅក្នុងកម្មវិធីផ្សព្ធផ្សាយបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជានៅ Raffles Hotel Le Royal នាព្រឹកថ្ងៃទី៦ ខែមិថុនា លោកស្រី ម៉ារីយ៉ាម សាលីម បន្តថា កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន ជាពិសេសពង្រឹងវិស័យអប់រំ។
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម ។ រូបភាព ៖ World Bank Cambodia
កំណើនភ្ញៀវទេសចរអន្តរជាតិនៅត្រីមាសទី១ កើនដល់ ៨៤ភាគរយបើធៀបការមកដល់មុនពេលមានជំងឺរាលដាលកូវីដ-១៩។ ទន្ទឹមនេះ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ។
ទន្ទឹមនេះ អាស៊ានបានក្លាយជាទីផ្សារនាំចេញធំទី២ របស់កម្ពុជាបន្ទាប់ពីអាម៉េរិក។ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញដែរ។
លើសពីនេះ អតិផរណាកម្ពុជាបានធ្លាក់ចុះដល់កម្រតសូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈគណនីចរន្តបានកត់ត្រានូវអតិរេក ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ២០២៣ ដោយសារឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។
យ៉ាងណាមិញ សកម្មភាពក្នុងវិស័យសំណង់នៅតែមានមានភាពលូតលាស់តិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោកប្រចាំកម្ពុជា
បានលើកឡើងថា ការចំណាយពេល ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មយូរ មានរយៈពេល៣០ថ្ងៃ ស្របពេលនៅវៀតណាម ១៣ថ្ងៃ ឥណ្ឌូណេស៊ី ៩ថ្ងៃ និងសិង្ហបុរីត្រឹមតែ ១៧ថ្ងៃ។ ការណ៍នេះបានធ្វើឲ្យវិនិយោគិននៅក្រៅស្រុក រួញរាក្នុងការមកបោះទុនរកស៊ីនៅស្រុកខ្មែរ។
«យើងមើលប្រទេសជិតខាងដូចជាវៀតណាមគេប្រើពេលតិចដោយសារគេប្រើ Technology (បច្ចេកវិទ្យា) ដើម្បីដាក់ប្រើក្នុងប្រព័ន្ធទាំងអស់ ដូច្នេះប្រសិនបើមិនប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីលថលទេ ចឹងយើងនៅតែជួបបញ្ហាស្មុគស្មាញ»។ លោក លី សូដេតបានលើកឡើងបែបនេះ ដោយស្នើឲ្យកម្ពុជាបំពាក់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែម ដើម្បីពន្លឿនការចុះបញ្ជីប្រតិបត្តិការអាជីវកម្ម។
សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត ។ រូបភាព ៖ World Bank Cambodia
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសទី១នេះ ក៏បានផ្ដោតពិសេសទៅលើការពិនិត្យមើលរបៀប ដែលកម្ពុជាអាចពង្រឹងប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីបង្កើនពលកម្មដែលមានជំនាញ និងបង្កើនផលិតភាព។ របាយការណ៍នេះបានផ្ដល់អនុសាសន៍ដល់កម្ពុជាមួយចំនួនដូចជា ត្រូវបង្កើនការវិនិយោគលើការអប់រំកុមារតូច និងនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឲ្យការបែងចែកធនធានកាន់តែមានសមធម៌៕