RFI
អន្តរជាតិ
សមាគមអាកាសចរណ៍៖ ចំនួនអ្នកជិះយន្តហោះ កើនខ្លាំងជិត ៥ ពាន់លាននាក់
08, Jun 2024 , 8:29 am        
រូបភាព
សមាគមក្រុមហ៊ុនអាកាសចរណ៍ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៅថ្ងៃចន្ទ ទី៣មិថុនា នៅទីស្នាក់ការកណ្តាល ក្នុងក្រុងឌូបៃ។ REUTERS - Abdel Hadi Ramahi
សមាគមក្រុមហ៊ុនអាកាសចរណ៍ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៅថ្ងៃចន្ទ ទី៣មិថុនា នៅទីស្នាក់ការកណ្តាល ក្នុងក្រុងឌូបៃ។ REUTERS - Abdel Hadi Ramahi
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
ក្នុង​ឆ្នាំ២០២៤នេះ សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកអ្នកដំណើរ បាន​វាយតម្លៃ​ថា នៅ​ទូទាំង​ពិភពលោក ​អ្នក​ដំណើរ​ផ្លូវ​អា​កាស​ មាន​ប្រមាណ ៥ ពាន់​លាន​នាក់។ ជា​ចំនួន​ច្រើនខ្លាំង​  បំបែក​កំណាត់ត្រា​ ថាជាឆ្នាំដែល​​មនុស្ស​ជិះ​យន្តហោះ​ច្រើន​បំផុត​ គិត​ចាប់តាំងពី​ឆ្នាំ២០១៩។ ឆ្នាំ២០១៩​ ​ជើង​ហោះហើរទាំងស្រុង ​ត្រូវ​បិទជិត​ឈឹង ​ព្រោះតែ​ជំងឺ​រាតត្បាត​កូវីដ១៩។​​​​

 
 
សមាគមក្រុមហ៊ុន​​​អាកាសចរណ៍​អន្តរជាតិ ព្យាករថា ​ឆ្នាំ២០២៤នេះ ប្រាក់​ចំណេញ​នៅក្នុង​វិស័យ​​​​អាកា​ស​ចរណ៍​ ទូទាំង​ពិភពលោក ​ហក់​ឡើង​ដល់ជាង​ ៩៩៦ ​ពាន់​លាន​ដុល្លារ។ ទន្ទឹម​នឹង​គ្នា​នេះ តួលេខចំនួន​​អ្នក​ដំណើរ​​តាម​ជើង​យន្តហោះ ក៏​លោតទៅដល់​ចំនួន​​​ប្រមាណ​ជិត ៥ ពាន់​លាន​នាក់។ នេះបើតាម​លោក Willie Walsh ប្រធាន​សមាគមក្រុមហ៊ុន​​​អាកាសចរណ៍​អន្តរជាតិ។

សមាគមនេះ មាន​​អ្នក​តំណាង​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ចំនួន ៣២០  ស្មើនឹង​ ៨៣% នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍ លើ​ពិភព​លោក ដែល​មកចូលរួម​មហា​សន្និ​បាត​ នៅ​​​ថ្ងៃ​ចន្ទ​ ទី​៣មិថុនា ​ នៅ​ទី​ស្នាក់​ការកណ្តាល ក្នុងក្រុង​ឌូបៃ។
 
​ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ប្រធាន​សមាគមក្រុមហ៊ុន​​​អាកាសចរណ៍​អន្តរជាតិ ​មាន​​ក្តី​អំណររីករាយថា​ បរិយាកាស​នៃវិស័យ​​​​អាកាសចរណ៍ ដំណើរការ​ទៅ​បាន​ល្អ ​លើស​ការ​រំពឹងទុក​ទៀត​ផង ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​​។​ ទន្ទឹម​នឹង​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​អាកាសចរណ៍​ លោក Vik Krishnan នៃក្រុមហ៊ុន​ប្រឹក្សាយោបល់​ Mckinsey បានបញ្ជាក់​ដែរថា ឆ្នាំនេះ ជា​ឆ្នាំ​គួរ​ឲ្យ​កត់​សម្គាល់បំផុត​ បើ​ធៀប​នឹង​រយៈពេល​ចុងក្រោយ​ គ្រាចេញពី​រដូវ​កាល​កូវីដ​១៩មក។ ជើង​ហោះហើរ​​​ក្នុង​ស្រុក​ចិន​និង​ក្នុង​ស្រុកសហរដ្ឋ​​អាមេរិក ក៏​មាន​ច្រើន​ខ្លាំងដែរ​។ ក៏ប៉ុន្តែ ​​ជើង​ហោះហើរ​នៅអឺរ៉ុប ដូចជា​ក្នុងប្រទេស​បារាំង​និង​ក្នុងប្រទេស​អាល្លឺម៉ង់ ក៏​មិន​សូវ​កាក់កប​ ដូច​នៅ​​អាមេរិក​និងចិន នោះ​ទេ។​
 
ដោយឡែក ស្របគ្នា​នឹង ប្រាក់​​ចំណូល​ក៏កើន​ឡើង ចំនួន​អ្នក​ជិះ​យន្តហោះ​ក៏​ឡើងខ្ពស់ រីឯតម្លៃ​​ចំណាយ​លើ​ប្រេង​និង​ប្រតិបត្តិការ​ទូទៅ ក៏​អស់​ថ្លៃ​ច្រើន​ដែរ។ គ្រាន់តែ​ថ្លៃ​ប្រេង​សាំង អស់ប្រមាណ​ ២៩១ ពាន់​លាន​ដុល្លារ ស្មើប្រហែល​នឹង​ ៣១% នៃថ្លៃ​ចំណាយ​ប្រតិបត្តិការទូទៅ​របស់​វិស័យ​អាកាសចរណ៍​ ដោយ​គិត​លើ​តម្លៃប្រេង​ ១១៣,​៨​ដុល្លារ ក្នុង១ធុង​បារិល​។​
 
​ប្រេង​សាំងជាបញ្ហា ព្រោះថា ការ​ធ្វើ​ដំណើរតាម​យន្តហោះ​ រួម​ចំណែក​បញ្ចេញ​ឧស្ម័ន​ផ្សែង​ពុល​ខ្លាំង​ ខូច​បរិស្ថាន និង​​បង្កើន​កម្តៅ​ផែន​ដី​។​ ហេតុនេះហើយ ទើប​អ្នកបរិស្ថាន​និយម បដិសេធ​ដាច់​អហង្ការ​ មិន​ព្រម​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឡើយ។ ប្រឈម​នឹងបញ្ហា​នេះ​ សមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​​ពុល និង​អភិវឌ្ឈបច្ចេកវិទ្យាថ្មី ប្រើ​ថាមពល​កកើតឡើងវិញ ឲ្យ​សមស្រប​តាម​ការទាមទារ​ចង់​របស់​​អថិតិ​ជន​អ្នកដំណើរ​ផ្លូវ​អាកាស។​
 
របាយការណ៍​ព្យាករណ៍ស្តីពី​ប្រាក់​ចំណេញនិង​ចំនួន​អ្នក​ជិះយន្តហោះ ដែលលាត​ត្រដាងគ្រា​​នេះ ត្រូវប្រកាស​ ​ឲ្យ​ដឹង​នៅ​ក្នុង​មហាសន្និបាតប្រចាំឆ្នាំ របស់ សមាគម​​ក្រុមហ៊ុ​ន​​​អាកាសចរណ៍​អន្តរជាតិ ហើយកិច្ចប្រជុំ​កំពូ​ល​នេះ ក៏បាន​លើក​ឡើង​ពី​​បញ្ហា​សុវត្ថិភាព​ គ្រោះ​ថ្នាក់​យន្តហោះ តួយ៉ាង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​នៃយន្តហោះ​ក្រុមហ៊ុន​ប៊ូអ៊ីង នាពេលថ្មី​​ៗ​​​នេះ​​ដែរ។​ ឆ្នាំ​២០​២៤ សន្និបាត​ប្រចាំឆ្នាំ​នៃ​សមាគម​ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ប្រារព្ធ​ធ្វើ​នៅ​ អេមី​រ៉ាត់អារ៉ាប់រួម ហើយ នៅឆ្នាំក្រោយ​ ត្រូវ​រៀបចំ​នៅ​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា​​​៕

© រក្សាសិទ្ធិដោយ thmeythmey.com