សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាជ្ញាធរទីក្រុងតូក្យូបង្កើត App ណាត់ជួប ដើម្បីជំរុញអត្រាកំណើត
07, Jun 2024 , 8:29 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
រដ្ឋាភិបាលទីក្រុងតូក្យូនឹងដាក់ដំណើរការ App ណាត់ជួបផ្ទាល់ខ្លួននៅដើមរដូវក្តៅនេះ ដើម្បីជួយដល់អ្នកដែលចង់មានដៃគូរៀបការ។ កម្មវិធីនេះ​ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញអត្រាកំណើតជាតិកំពុងធ្លាក់ចុះ។

 
អត្រាកំណើតជាមធ្យមសម្រាប់ស្ត្រីនៅជប៉ុនបានថយចុះពីអត្រា ១,២៦ ក្នុងឆ្នាំ២០២២ មកនៅកម្រិតទាបបំផុតគឺ ១,២ ក្នុងឆ្នាំ២០២៣ ដែលការធ្លាក់ចុះ ៨ឆ្នាំជាប់គ្នា។ នេះបើតាមក្រសួងសុខាភិបាលជប៉ុនប្រកាសទិន្នន័យនៅថ្ងៃទី៥ ខែមិថុនា។ 
 
ចំនួននេះ គឺទាបជាងកម្រិតដែលបានណែនាំក្នុងអត្រា ២,១ ដើម្បីធានាបាននូវចំនួនប្រជាជនដែលមានស្ថិរភាពក្នុងប្រទេសមួយនេះ។ ក្រសួងសុខាភិបាលជប៉ុនចាត់ទុកស្ថានភាពនេះថា មានហានិភ័យធ្ងន់ធ្ងរសម្រាប់ជាតិ។
 
បើតាមមន្ត្រីក្រសួងសុខាភិបាលជប៉ុនប្រាប់សារព័ត៌មាន AFP មានកត្តាជាច្រើនដូចជាអស្ថិរភាពសេដ្ឋកិច្ច ភាពលំបាកក្នុងការរៀបចំការងារ និងការចិញ្ចឹមកូន ជាហេតុផលដែលធ្វើអោយអត្រាកំណើតបន្តធ្លាក់ចុះ។
 
ក្នុងចំណោមគំនិតផ្តួចផ្តើមលេចធ្លោ មន្ត្រីតូក្យូកំពុងរៀបចំដាក់ឱ្យដំណើរការ App ណាត់ជួបថ្មីមួយ។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អ្នកប្រើប្រាស់ត្រូវដាក់ឯកសារបញ្ជាក់ពីភាពនៅលីវ និងលិខិតបង្ហាញពីបំណងចង់រៀបការ។
 
មន្ត្រីរដ្ឋាភិបាលក្រុងតូក្យូទទួលបន្ទុកកម្មវិធីថ្មីបាននិយាយថា ៖« យើងបានសិក្សាឃើញថា ៧០ភាគរយនៃមនុស្សដែលចង់រៀបការមិនបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានា ឬកម្មវិធីដើម្បីស្វែងរកដៃគូឡើយ។ យើងចង់ផ្តល់ឱ្យពួកគេនូវការជំរុញដ៏ទន់ភ្លន់មួយដើម្បីស្វែងរកដែគូ»។ នេះបើតាមសារព័ត៌មាន The Japan Times។ 
 
ជប៉ុន ជាប្រទេសមានប្រជាជនចំណាស់ជាងគេទី២ លើពិភពលោកបន្ទាប់ពីម៉ូណាកូដែលកំពុងព្យាយាមស្វែងរកមធ្យោបាយលើកទឹកចិត្តប្រជាជនឱ្យបង្កើតកូនឲ្យបានច្រើន ដើម្បីជៀសវាងវិបត្តិប្រជាសាស្រ្ត។
 
 
បន្ទាប់ពីការបញ្ចេញទិន្នន័យថ្មីពីក្រសួងសុខាភិបាល សភាជប៉ុនកាលពីថ្ងៃទី៥ ខែមិថុនា បានអនុម័តវិសោធនកម្មច្បាប់ដោយផ្តល់នូវកញ្ចប់ជំនួយហិរញ្ញវត្ថុបន្ថែម បង្កើនអត្ថប្រយោជន៍នៃការឈប់សម្រាកលំហែមាតុភាព និងការកែលម្អលទ្ធភាពទទួលបានសេវាថែទាំកុមារសម្រាប់ប្រជាពលរដ្ឋ។ នេះជាវិធានការមួយក្នុងចំណោមវិធានការជប៉ុនជាបន្តបន្ទាប់ដើម្បីបង្កើនអត្រាកំណើត ដែលនាយករដ្ឋមន្ត្រី ហ៊្វូមីអូ គីស៊ីដា បានពិពណ៌នាថាជាគ្រោះថ្នាក់បន្ទាន់សម្រាប់សង្គមជប៉ុន។
 
ប្រទេស​ជិត​ខាង​របស់​ជប៉ុន ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។ អត្រាកំណើតនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះរយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលឈានដល់កម្រិតទាបបំផុតគឺ ០,៧២ ក្នុងឆ្នាំ២០២៣។
 
ចំណែក ចំនួនប្រជាជនរបស់ចិនក៏បានធ្លាក់ចុះក្នុងរយៈពេល ៦ទស្សវត្សរ៍មកត្រឹម ១,៤០៩ពាន់លាននាក់។ ស្ថានភាពនេះអាចរារាំងកំណើនសេដ្ឋកិច្ចរបស់ចិន ដោយសារចំនួនប្រជាជនក្នុងវ័យធ្វើការធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសនេះបានអនុវត្តគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ការបង្កើតកូន ដូចជាការកាត់បន្ថយពន្ធ ការបង្កើនអត្ថប្រយោជន៍សម្ភព និងការឧបត្ថម្ភសម្រាប់លំនៅដ្ឋាន ប៉ុន្តែស្ថានភាពមិនបានប្រសើរឡើងនោះទេ៕ 
 

Tag:
 ជប៉ុន
  អត្រាកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com