សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកមានទ្រព្យសុទ្ធលើសពី ១លានដុល្លារ កើនដល់ជាង២២លាននាក់ នៅឆ្នាំ២០២៣
09, Jun 2024 , 9:29 am        
រូបភាព
រថយន្ត Lamborghini ។ រូបភាព ៖ AFP
រថយន្ត Lamborghini ។ រូបភាព ៖ AFP
ចំនួនអ្នកមានទ្រព្យសុទ្ធលើសពី១លានដុល្លារបានកើនឡើងដល់ ២២,៨លាននាក់កាលពីឆ្នាំ២០២៣ ដោយសារពួកគេទទួលផលចំណេញពីការិនិយោគលើទីផ្សារភាគហ៊ុន។

 
ចំនួនអ្នកមានទ្រព្យសម្បត្តិសុទ្ធលើសពី១លានដុល្លារ (High Net Worth Individuals - HNWI) បានកើនឡើង៥,១ភាគរយកាលពីឆ្នាំមុនដល់ ២២,៨លាននាក់។ នេះបើតាមសារព័ត៌មាន ​​AFP នៅថ្ងៃទី៥ ខែមិថុនា ដោយដកស្រង់ពីរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប្រឹក្សា Capgemini មានមូលដ្ឋាននៅទីក្រុងប៉ារីស។
 
របាយការណ៍នេះ បានកត់ត្រាទ្រព្យសម្បត្តិសរុបនៃក្រុមអ្នកមានបំផុតរបស់ពិភពលោកកើនដល់ ៨៦៨០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង ៤,៧ភាគរយបើធៀបនឹងឆ្នាំមុន។
 
បច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់ក្រុម HNWI បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមធ្វើរបាយការណ៍ប្រចាំឆ្នាំក្នុងឆ្នាំ ១៩៩៧។
 
ការកើនឡើងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោកនេះ ដោយសារមានសញ្ញាវិជ្ជមានពី ទីផ្សារភាគហ៊ុនដូចជា សន្ទស្សន៍ Nasdaq នៅញូវយ៉កកើនឡើង ៤៣ភាគរយនៅឆ្នាំ២០២៣ ខណៈសន្ទស្សន៍ S&P 500 (២៤ភាគរយ), Paris CAC (១៦ភាគរយ), Frankfurt DAX (២០ភាគរយ) ។
 
របាយការណ៍ខាងលើក៏បង្ហាញដែរថា ទ្រព្យសម្បត្តិរបស់ក្រុម HNWI ក្នុងឆ្នាំ២០២២ បានថយចុះជាង ៣ភាគរយ ជាការធ្លាក់ចុះយ៉ាងទាបបំផុតក្នុងទសវត្សរ៍នេះដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ និងអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទូទាំងពិភពលោក។
 
យ៉ាងណាមិញ នៅឆ្នាំ ២០២៣ ទ្រព្យសម្បិត្តិរបស់ក្រុមនេះបានកើនមកវិញ ដោយសារមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃទ្រព្យសកម្មដែលបានមកពីលទ្ធផលនៃការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន។
 
យ៉ាងណាក៏ដោយ ចំនួនអ្នកមានកាន់តែច្រើនឡើងៗ ហើយវិសមភាពក្នុងពិភពលោក បាននាំឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងអំពីរបៀបដែលអ្នកមានត្រូវបង់ពន្ធឱ្យបានត្រឹមត្រូវ។ 
 
គួរបញ្ជាក់ថា ប្រេស៊ីល និងបារាំងកំពុងដាក់សម្ពាធដល់ក្រុមប្រទេស G20 ឱ្យបង្កើតអត្រាពន្ធលើប្រាក់ចំណូលអប្បបរមាជាសកលសម្រាប់អ្នកមានបំផុតនៅលើពិភពលោក៕ 

Tag:
 អ្នកមាន
  ភាគហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com