RFI
អន្តរជាតិ
នឹង​មាន​ថ្នាំ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទទីមួយ ក្នុង​ពេល​ឆាប់ៗ?
09, Jun 2024 , 10:09 pm        
រូបភាព
អ្នក​ជំងឺ​ទឹកនោម​ផ្អែម​​ចាក់​អាំងស៊ុយលីន​ដោយ​ខ្លួន​ឯង​នៅផ្ទះ Getty Images
អ្នក​ជំងឺ​ទឹកនោម​ផ្អែម​​ចាក់​អាំងស៊ុយលីន​ដោយ​ខ្លួន​ឯង​នៅផ្ទះ Getty Images
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា

ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​គ្មាន​ថ្នាំព្យាបាល​ឱ្យ​ជា​ដាច់​ទេ។ បើ​ធ្លាក់​ខ្លួន​ឈឺ​ហើយ អ្នក​ជំងឺ​ត្រូវការប្រើ​ថ្នាំ​អស់មួយ​ជីវិត ជាមួយ​នឹង​ផលវិបាក​ជា​ច្រើន​មួយ​គំនរ​ទៀត។ ជាមួយ​នឹង​ការ​រក​ឃើញ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីមួយ ទំនង​បង្ក​ឡើងដោយ​វីរ៉ុស អ្នកស្រាវជ្រាវ​បារាំង​​សង្ឃឹមថា​ពិភពលោក​នឹង​មាន​​ថ្នាំ​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ នា​ថ្ងៃអនាគត។

 
ទឹក​នោម​ផ្អែម​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​រអារ ព្រោះ​បើ​ធ្លាក់​ខ្លួន​ឈឺ​ហើយ ត្រូវការ​ការ​ព្យាបាល​អស់​មួយ​ជីវិតនិង​សម្រួល​ឱ្យ​មាន​ផលវិបាក​ដល់​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត។ ជំងឺ​ទឹកនោម​ផ្អែមមាន​ច្រើន​យ៉ាង​ ​ តែ​​មាន​ពីរ​ប្រភេទ​ធំៗ​ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ជាងគេ។ នោះ​គឺ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទីមួយ និង​ប្រភេទ​ទីពីរ។ ភាព​ខុស​គ្នារវាង​ប្រភេទ​ជំងឺ​ទឹកនោម​ផ្អែម​ទាំងពីរ​ គឺ​យន្តការ​​របស់​លំពែងក្នុង​ការ​ផលិត​អាំងស៊ុយលីន។ 
 
នៅ​ក្នុង​ករណី​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ លំពែង​មាន​ដំណើរ​ការ​ជាធម្មតាតែ​​មិន​អាច​ផលិត​អ័រមូន​អាំងស៊ូលីន​ប្រកប​ដោយ​គុណភាព​​បាន ឬ​ហេតុអ្វី? ព្រោះ​តែ​មាន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយលីន។ អ្នក​ជំងឺ​ត្រូវ​ការ​អាំង​ស៊ុយលីន​កាន់​តែ​ច្រើន​ឡើង​ ទើប​មាន​ប្រសិទ្ធភាព​បំពេញ​សេចក្តី​ការ​របស់​សរីរាង្គកាយ​បាន។ ទាំង​នេះ​បណ្តាល​មក​ពី​​ធាត់​ពេក ស្រួលពេក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ៖ ផ្អែម​ពេក ខ្លាញ់​ពេក ទើប​អាំងស៊ុយលីនមិន​អាច​ចាត់​ចែង​ជាតិ​ស្ករ​បាន​ត្រឹម​ត្រូវ​នាំ​ឱ្យ​មាន​ជំងឺ​ឡើង​។ ចំណែក​ជំងឺទឹកនោម​ផ្អែមប្រភេទ​ទីមួយ ​ ​ដែលឃើញ​​កើ​ត​ជា​ញឹក​ញាប់​ខ្លាំង​លើ​អ្នក​ជំងឺ​វ័យ​ក្មេង ជា​កុមារ ជា​ក្មេង​ជំទង់ ឬ​លើ​​មនុស្ស​ធំខ្លះ​ គឺ​បណ្តាល​មក​ពី​​ប្រព័ន្ធការ​ពារ​ខ្លួន​មាន​ដំណើរការ​មិន​ប្រក្រតី បក​មក​វាយប្រហារលើជា​លិការ​​លំពែង​ឱ្យ​ឈប់​ផលិត​អ័រមូន​អាំងស៊ុយលី ដ៏​ចាំបាច់ខាង​ចាត់​ចែង​ស្រូប​ជាតិ​ស្ករ​។ ​នៅពេល​លំពែង​ឈប់​​ផលិត​អាំង​ស៊ុយលីន​ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​ គឺ​នៅពេល​នោះ​ហើយ​ដែល​ជំងឺទឹកនោម​ផ្អែមប្រភេទ​ទីមួយ​ចាប់​​លេច​ឡើង។ អ៊ីចឹង​ហើយ​បាន​ជា​អ្នកជំងឺទឹកនោម​ផ្អែមប្រភេទទីមួយ ត្រូវ​ចាក់​អាំងស៊ុយលីន​រហូត។
 
វីរ៉ុស​Coxsackie B 

ពិភពអ្នក​វេជ្ជសាស្ត្រ​មិន​ដឹង​ថា​តើ​អ្វីទៅ​ជា​ប្រភពជំរុញ​ឱ្យ​ប្រព័ន្ធការពារ​ខ្លួន​ស្រាប់​តែ​មាន​ដំណើរការ​មិន​ប្រក្រតី​ទេ។ អ្នក​ស្រាវជ្រាវ​ឆ្ងល់​នឹង​ចំណុច​នេះ​ខ្លាំង​ណាស់ និង​តាំងពី​យូរ​យារ​មក​ហើយ​។ គឺ​ទើប​តែ​នៅ​ពេល​ថ្មីៗនេះ​ប៉ុណ្ណោះ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​ទម្លាយ​ចម្ងល់​របស់​ខ្លួន​បាន។ ដើមហេតុ​ដែល​នាំ​ឱ្យ​ប្រព័ន្ធការពារ​ខ្លួន​មាន​ដំណើរការ​មិន​ប្រក្រតីទៅ​បញ្ឈប់​ដំណើរការ​ផលិត​អាំងស៊ុយលីន​របស់​លំពែង​ គឺ​បណ្តាល​មក​ពីការ​បង្ក​រោគ​របស់​​វីរ៉ុសឈ្មោះ​ Coxsackie B។ នេះបើ​តាម​ការ​សិក្សា​អន្តរជាតិដឹកនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ទឹក​នោម​ផ្អែម លោក Roberto Mallone ​នៅមន្ទីរពេទ្យ​កូសាំង ក្រុង​ប៉ារីស ដែល​ទើប​​ចេញ​ផ្សាយ​ក្នុងទស្សនាវដ្តី​វិទ្យាសាស្ត្រ Sciences Advance នា​ខែ​ឧសភា២០២៤។​ ​ ​
 
វីរ៉ុសកុកសាគីបេ គឺជាវីរ៉ុស​ដែលគេស្គាល់ និងជា​វីរ៉ុស​​ដែលឆ្លង​លើ​គ្រប់​ក្មេង និង​​នាំ​ឱ្យ​ក្មេងៗមានអាការៈ​​ឈឺ​ក្តៅ​ខ្លួន​ផ្តាសាយ ហៀរ​សំបោរ ​ឬ​ក្អួត​រាករូស​។​ អ្នកជំនាញ​តាមអង្កេត​វីរ៉ុស​នេះយូរមក​ហើយ ព្រោះ​គេ​ឃើញ​វា ឆ្លង​នៅក្នុង​ខ្លួន​ក្មេង​ដែលខ្សោយ​ងាយ​រងគ្រោះ មានប្រវត្តិគ្រួសារឈឺ ហើយ​ក្មេងធ្លាក់ខ្លួនមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីមួយ សុទ្ធ​តែមានប្រវត្តិ​ធ្លាប់កើត​ជំងឺ​បង្ករោគ​-រលាក​​ ញយៗខ្លាំង កាលពី​ប៉ុន្មានឆ្នាំ​មុន។ តើ​ហេតុ​អ្វី​បាន​ជាវីរុស​នេះមាន​ច្រើន​នៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម?
 
​នៅទីបំផុត អ្នក​ស្រាវជ្រាវបាន​រក​ឃើញ​ដូច​ការ​គិត​សង្ស័យ​មែន។ ការ​វិភាគ នៅក្នុង​បន្ទប់​ពិសោធន៍បាន​បង្ហាញ​ឱ្យ​​​ឃើញ​ថា​ វីរ៉ុស​​Coxsackie B មាន​សមត្ថភាព​​​ វាយប្រហារ​​សម្លាប់ ​ដោយ​ផ្ទាល់​ និង​ ​ជា​ពិសេស កោសិកាអ្នក​ផលិត​អាំងស៊ុយលីនរបស់​​លំពែងតែម្តង។ នៅពេល​​វីរ៉ុសនេះ​​វាយប្រហារ​លើ​កោសិកា​លំពែង​ វា​អាច​មានសមត្ថភាពធ្វើ​ឱ្យ​ក្មេងធ្លាក់​ខ្លួនឈឺ​​ជំងឺទឹកនោមផ្អែម​ប្រភេទទី១បាន​ ព្រោះដំបូងឡើង​វីរ៉ុស​នេះបាន​ទៅ​បង្ក​រោគ​​លើ​ជា​លិកា​លំពែង (ធ្វើ​ឱ្យ​រលាក​លំពែង)​។ ប្រព័ន្ធ​ការពារ​ខ្លួនរបស់ក្មេង​មាន​ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី​១ មិន​អាច​កម្ចាត់​មេរោគCoxsackie B​បាន ហើយដោយ​ឃើញ​មាន​ការ​រោលរលាកដែល​ជា​តំណាង​គ្រោះថ្នាក់ យូរ​និង​ញយ​ពេក ​​ក៏​ចាប់​ផ្តើម​ផលិតអង្គបក្សដិបក្ស​ (អង់ទីក័រ) ការពារខ្លួន​ ដោយ​​ច្រលំ​ ​ទៅ​វាយប្រហារ​លើ​កោសិកា​ល្អ​វិញ។​​ ប៉ុន្តែ ​ជា​សំណាង​ល្អ ​វីរ៉ុស​កុកសាក់គីដែលក្មេង​ណា​ក៏​ធ្លាប់​ឆ្លង​នោះ ​មិន​បានធ្វើ​ឱ្យ​គ្រប់​ក្មេង​កើត​ជំងឺ​ទឹកនោមផ្អែម។ គ្រប់​ការ​ចម្លង​វីរ៉ុស​កុកសាក់គី​មិន​សុទ្ធ​តែ​នាំ​ឱ្យ​មាន​ជំងឺ​ទឹក​នោមផ្អែម​ទេ។ ក្មេង​ដែល​អាច​ធ្លាក់​ខ្លួន​មានជំងឺ​ទឹកនោម​ផ្អែម មកពី​​ប្រព័ន្ធការពារ​ខ្លួន​របស់​ពួក​គេ​មាន​កំរិត មិន​អាច​ការពារ​ខ្លួន​ពី​វីរ៉ុក​កុកសាក់គី​បាន​។ អ្នក​ស្រាវជ្រាវ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​សម្គាល់​ឃើញ​ថា​អង់ទីក័រ​របស់​​ពួកគេ​មានបរិមាណតិច មិន​អាច​ប្រយុទ្ធ​វីរ៉ុសឈ្នះ​ ហើយ​ឡាំផូស៊ីត​តេរបស់​ពួកគេ​តិចតួច​ណាស់​មានសមត្ថភាព​បែង​ចែង​ដឹង​ថា​កោសិកាណាមានឆ្លង​រោគ កោសិកាណា​ល្អ។ ដោយ​សារ​តែ​បែប​នេះ ទើប​ក្មេង​មាន​​ភាព​អនុគ្រោះ​ឬ​សណ្តាន​ឈឺ​ស្រាប់​ អាច​ធ្លាក់​ខ្លួនឈឺ​​ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​ក្រោយ​ពេល​បាន​ឆ្លង​វីរ៉ុស​កុកសាក់គីនោះ។
 
ក្តី​សង្ឃឹម​មាន​ថ្នាំ​បង្ការ​ជំងឺ​ទឹកនោមផ្អែម

ឥលូវ​អ្នក​ស្រាវជ្រាវ​បានយល់​អំពី​យន្តការ​នៃ​ការក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទីមួយ​ហើយ ដូច្នេះ​​រប​ក​គំឃើញ​នេះ​ជា​ការ​ពាំនាំ​មក​នូវ​​​ក្តី​សង្ឃឹម​ថ្មី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រកប​ដោយ​ប្រសិទ្ធភាពបាន ប្រសិន​បើ​គេ​ឆាប់​ដឹង​ និង​វែក​រក​ឃើញមាន​ហានិភ័យ​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​តាំង​ពី​ដំបូងៗ​ភ្លាម។ ថ្មីៗនេះ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​​លទ្ធភាពពន្យឺត​ពេល​វេលា​បាន​ពីរ​បី​ឆ្នាំ​ការ​ឡើង​កំរិត​ជាតិ​គ្លុយកូស​ក្នុង​ឈាមព្រោះ​​ខ្វះ​អាំង​ស៊ុយលីន។ នោះ​គឺ​​​ការ​ចាក់​អង់ទីក័រ​ Teplizumab​ទៅ​បំប៉ន​ប្រព័ន្ធការពារ​ខ្លួនឡាំផូស៊ីត​ T​របស់​ក្មេង​។ ការ​​សាកល្បង​បំប៉ន​ប្រព័ន្ធការពារ​ខ្លួន​ អាច​បញ្ចៀស​ឬ​បង្ហូស​ពេល​វេលា​កុំ​ឱ្យ​ក្មេង​ឆាប់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ បាន​ពីរ​បី​ឆ្នាំ​ផង និង​ជា​ពិសេសជា​ការ​បើក​ផ្លូវ​នាំ​ទៅ​រកថ្នាំ​បង្ការ​​​ប្រឆាំង​នឹង​ជំងឺ​នោម​ផ្អែមនៅពេល​អនាគត​ខាង​មុខ​​តែម្តងផង។
 
ការ​សិក្សា​គួរទី​ទុក​ចិត្ត​មួយ បញ្ជាក់​​ថា​ការ​បំប៉ន​ប្រព័ន្ធការពារ​ខ្លួន​របស់​​មនុស្ស​ចាស់​ប្រឈម​នឹង​វីរ៉ុស​កុកសាក់គី​ប្រភេទ​បេ​បាន​។ ដូច្នេះ​ មិន​ទៀង​ទេ​ នៅ​ថ្ងៃស្អែក​ ឬ​ខាន​ស្អែក​ ពិភពលោក​អាច​នឹង​មាន​ថ្នាំ​បង្ការ​ប្រឆាំ​ងនឹង​វីរ៉ុស​កុកសាក់គី​ប្រភេទ​បេ សម្រាប់​កុមារ​មួយ​ ដើម្បីការពារ​កុំ​ឱ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ធំ។ សហគ្រាស​ឱសថ​អាមេរិក​ កំពុង​សិក្សា​សាកល្បង​​ថ្នាំ​បង្ការដំបូងគេ​មួយ​។ ការ​សាកល្បង​​ចាក់​លើ​មនុស្ស​ធំ​មាន​សុខភាព​ល្អ​​ផ្តល់​លទ្ធផល​គួរជា​ទី​គាប់​ចិត្ត​ ដោយ​បរិមាណ​អង់ទីក័រប្រឆាំង​នឹង​វីរ៉ុស​បាន​កើន​ឡើង​យ៉ាង​ច្រើន។ តាម​ក្បួន វ៉ាក់សាំង​ប្រឆាំង​កុកសាក់គី​ប្រភេទ​បេ មាន​ទម្រង់​ដូច​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ដែល​ត្រូវ​ចាក់​នៅ​អាយុ​២,៤​និង​១១​ខែ។ សម្រាប់​លោក​Roberto Mallone ​​​ការ​ធ្លាក់​ចុះ​ ឬ​ការ​លែង​មាន​ករណី​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​មួយ​ក្នុង​ចង្កោម​ក្មេង​មាន​ហានិភ័យបាន​ទទួល​ថ្នាំ​បង្ការ​​ ​​ជា​ភស្តុតាង​ចុងក្រោយ​បំភ្លឺ​អំពី​តួនាទី​របស់​វីរ៉ុស​ក្នុង​ជំងឺ​ប្រព័ន្ធការពារ​ខ្លួន​វាយប្រហារ​កោសិកា​ខ្លួន​ឯង​ និង​ជា​ក្តី​សង្ឃឹម​ធំ​បំផុត​ក្នុង​ការ​ឈាន​ទៅ​កម្ចាត់​​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ​សម្រាប់​បណ្តា​ជន​ទូទៅ៕

© រក្សាសិទ្ធិដោយ thmeythmey.com