សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តួកគីដំឡើងពន្ធ ៤០ភាគរយលើរថយន្តចិន ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក
10, Jun 2024 , 8:29 pm        
រូបភាព
រថយន្តចិនត្រៀមនាំចេញពីកំពង់ផែក្នុងក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ រូបភាព ៖ China Daily
រថយន្តចិនត្រៀមនាំចេញពីកំពង់ផែក្នុងក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ រូបភាព ៖ China Daily
តួកគី នឹងដាក់អត្រាពន្ធថ្មីចំនួន៤០ភាគរយ លើរថយន្តដែលនាំចូលពីចិន ដើម្បីការពារផលិតកម្មក្នុងស្រុក ចាប់ពីថ្ងៃទី៧ ខែកក្កដា ។

 
អត្រាពន្ធថ្មីត្រូវបានគណនាលើតម្លៃរថយន្តនាំចូលពីចិន ហើយកើនឡើង ៣០ភាគរយបើប្រៀបធៀបទៅនឹងបទប្បញ្ញត្តិចាស់ លើកលែងតែរថយន្តអគ្គិសនី។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មតួកគីបានបញ្ជាក់ថា ការសម្រេចចិត្តដាក់ពន្ធបន្ថែម គឺផ្អែកលើគោលដៅកាត់បន្ថយឱនភាពគណនីចរន្ត និងការលើកទឹកចិត្តដល់ការវិនិយោគ និងផលិតកម្មក្នុងស្រុក។
 
«ពន្ធបន្ថែមនឹងអនុវត្តចំពោះរថយន្តដឹកអ្នកដំណើរធម្មតា និងរថយន្តកូនកាត់ (រថយន្តកូនកាត់សាំង-អគ្គិសនី) ពីចិន ដើម្បីការពារ និងបង្កើនចំណែកទីផ្សារនៃផលិតកម្មក្នុងស្រុក»។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មតួកគី។ 
 
កាល​ពី​ឆ្នាំ​មុន ប្រទេស​នេះ​បាន​ដាក់​ពន្ធ ៤០ភាគរយលើ​រថយន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​​ចិន ហើយ​បាន​ដាក់​ចេញ​បទប្បញ្ញត្តិ​មួយ​ចំនួន​ទាក់​ទង​នឹង​សេវាកម្ម និង​ការ​ថែទាំ​រថយន្ត​ទាំង​នេះ។ តួកគីកំពុងលើកទឹកចិត្តដល់ការផលិត និងការនាំចេញកាន់តែច្រើន ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏លំបាករបស់ខ្លួនដែលមានចំនួន ៤៥,២ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើតាមសារព័ត៌មាន Reuters។ 
 
ម៉ាករថយន្តធំៗរបស់ចិនដូចជា Cherry, BYD Skywell, MG, Leapmotor, Seres, DFSK, Maxus, Hongqi, NETA និង SWM មានចំនួនជិត ១០ភាគរយនៃចំណែកទីផ្សាររថយន្តនៅតួកគី។
 
នៅឆ្នាំ ២០២២ រថយន្តដែលផលិតនៅចិនប្រហែល ៣៤៥៦គ្រឿងត្រូវលក់នៅតួកគី។ ចំនួននេះបានកើនឡើងជិត ១៣ដងក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣ ស្មើនឹង ៤៣៥៦២គ្រឿង។ រថយន្ត​របស់​ចិន​មាន​ការ​ពេញ​និយមខ្លាំង ​ដោយ​សារ​តែ​តម្លៃ ​និង​គុណភាព​។ ​នេះ​បើ​តាមកាសែតតួកគី Hurriyet Daily ។
 
លោក Baran Çelik ប្រធានសមាគមអ្នកនាំចេញរថយន្ត Uludağ (OİB) បាននិយាយថា ៖« វាហាក់បីដូចជាវាមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងរយៈពេលវែង ការប្រកួតប្រជែងមិនយុត្តិធម៌អាចកើតឡើងនៅពេលដែលពួកគេទទួលបានចំណែកទីផ្សារ»។
 
វិស័យរថយន្តជាឧស្សាហកម្មនាំចេញដ៏ធំបំផុតរបស់តួកគីក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ហើយបាននាំមកនូវអតិរេកពាណិជ្ជកម្ម ប៉ុន្តែបានចាប់ផ្តើមឱនភាពវិញកាលពីឆ្នាំមុន។ បើតាមលោក​ ​​Çelik ឱនភាពអាចឈានដល់ចន្លោះពី ៣,៥-៤ ពាន់លានដុល្លារនាពេលអនាគត។
 
គួរបញ្ជាក់ថា ចិនកំពុងប្រឈមនឹងសម្ពាធពាណិជ្ជកម្មកើនឡើងពីប្រទេសមួយចំនួន ខណៈការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនត្រូវបានចោទប្រកាន់ថា ទទួលបានការឧបត្ថម្ភធនដើម្បីលក់ក្នុងតម្លៃទាប។ កាលពីពាក់កណ្តាលខែឧសភា អាម៉េរិក បានដាក់ពន្ធលើសពី ១០០ភាគរយលើយានយន្តអគ្គិសនីរបស់ចិន ដោយមានហេតុផលរារាំងទំនិញថោកៗមានច្រើនក្នុងប្រទេស។
 
នៅសប្តាហ៍ក្រោយ គណៈកម្មការអឺរ៉ុបរំពឹងថានឹងប្រកាសថាតើខ្លួននឹងដាក់ពន្ធបន្ថែមបណ្តោះអាសន្នលើរថយន្តអគ្គិសនីរបស់ចិន ឬយ៉ាងណា៕

Tag:
 តួកគី
  ចិន
  ពន្ធ
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com