សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សិង្ហបុរីពង្រឹងការត្រួតពិនិត្យលើធនាគារ ក្រោយមានការលាងលុយកខ្វក់ជាង ២ពាន់លានដុល្លារ
10, Jun 2024 , 9:29 pm        
រូបភាព
ទូរ ATM នៅសិង្ហបុរី ។ រូបភាព​ ៖ AFP
ទូរ ATM នៅសិង្ហបុរី ។ រូបភាព​ ៖ AFP
ធនាគារនៅសិង្ហបុរីកំពុងផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់និយោជិត ឱ្យស្គាល់សញ្ញានៃការលាងលុយកខ្វក់ បន្ទាប់ពីមានការចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិនដែលបានលាងលុយជាង ២ពាន់លានដុល្លារ តាមរយៈស្ថាប័នហិរញ្ញវត្ថុចំនួន ១៦ នៅក្នុងប្រទេស។

 
ធនាគារ Citigroup Inc, DBS Group Holding Ltd និងធនាគារនានានៅសិង្ហបុរី  បានជាប់ក្នុងរឿងអាស្រូវនៃការលាងលុយកខ្វក់ខាងលើ ដោយបង្កើនការត្រួតពិនិត្យលើអតិថិជនដែលមានទ្រព្យសម្បត្តិ ដើម្បីចៀសវាងការទាក់ទងជាមួយលំហូរសាច់ប្រាក់ខុសច្បាប់។ នេះបើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី១០ ខែមិថុនា។
 
បុគ្គលិកធនាគារឯកជននៅទីក្រុងសិង្ហបុរី កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែមដើម្បីជួយរកឃើញល្បិចដែលឧក្រិដ្ឋជនប្រើក្នុងការលាក់ប្រវត្តិ និងប្រភពលុយរបស់ពួកគេ។
 
នេះ​ជា​សកម្មភាព​ស្ម័គ្រចិត្ត​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​សិង្ហបុរី។ ការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារចន្លោះប្រហោងដែលអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបរទេសលាងលុយកខ្វក់នៅសិង្ហបុរី បន្ទាប់ពីរឿងអាស្រូវនៃការលាងលុយច្រើនប្រហែល ២,២៣ពាន់លានដុល្លារ ត្រូវបានលាតត្រដាងកាលពីខែសីហា ឆ្នាំ២០២៣។
 
កាលពីឆ្នាំមុន សិង្ហបុរីបានចាប់ខ្លួនឧក្រិដ្ឋជនមួយក្រុមមកពីចិន ដោយចោទប្រកាន់ពីបទលាងលុយកខ្វក់ជាង ២ពាន់លានដុល្លារនៃប្រាក់ចំណូលពីការលេងល្បែងអនឡាញតាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ ១៦នៅក្នុងប្រទេសកោះមួយនេះ។
 
បុគ្គលដែលត្រូវបានកាត់ទោសទាំង១០នាក់នោះ ត្រូវបានភ្ជាប់ជាមួយនឹងគណនីរបស់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៦ ដែលប្រតិបត្តិការនៅសិង្ហបុរីមានកាន់កាប់ប្រាក់បញ្ញើ និងការវិនិយោគជាង ៣៧០លានដុល្លារសិង្ហបុរី។ ធនាគារដែលមានទ្រព្យសកម្មច្រើនជាងគេរួមមាន Credit Suisse , សាខាធានាគារ Citigroup និង United Overseas Bank Ltd។
 
រូបភាព ៖ Bloomberg 

ជនជាប់ចោទទាំង ១០នាក់បានទទួលទោស ដែលក្នុងនោះ ៩នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី១៣ទៅ១៦ខែ ហើយ ១រូបទៀតត្រូវកាត់ទោសនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ បុគ្គល​១៧​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត ហើយ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។
 
បន្ទាប់ពីករណីលាងលុយកខ្វក់ត្រូវបានលាតត្រដាងនៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលសិង្ហបុរីបានបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីពិនិត្យមើលយន្តការប្រឆាំងការលាងលុយ និងពង្រឹងការការពារក្នុងវិស័យនានា រួមទាំងស្ថាប័នហិរញ្ញវត្ថុ អចលនទ្រព្យ និងការជួញដូរលោហធាតុដ៏មានតម្លៃ។
 
ថ្មីៗនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានបញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែងរបស់ធនាគារមួយចំនួនដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ដោយសម្ភាសបុគ្គលិកដើម្បីកំណត់ចំណុចខ្សោយដែលអាចកើតមាន។​
 
តាមឯកសាររបស់តុលាការ ធនាគារដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះមិនត្រឹមតែទទួលយកប្រាក់បញ្ញើប៉ុណ្ណោះទេ ធនាគារខ្លះក៏បានផ្តល់ប្រាក់កម្ចីដល់អាជីវកម្មដែលឧក្រិដ្ឋជនបង្កើតឡើងនៅក្នុងស្រុក ឬជួយពួកគេធ្វើការវិនិយោគផងដែរ។
 
ស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនច្រើនជាងគេ (តាមរយៈប្រាក់បញ្ញើ ប្រាក់កម្ចី និង សេវាកម្មហិរញ្ញវត្ថុ ផ្សេងទៀត ) អាចនឹងត្រូវទទួលរងការផាកពិន័យ និងការដាក់ទណ្ឌកម្មផ្សេងទៀត នៅពេលដែលសវនកម្មបានបញ្ចប់។
 
សម្រាប់ក្រុមហ៊ុន Citigroup បុគ្គលិកធនាគារមានពេល១ខែ ដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការទទួលស្គាល់សញ្ញានៃការលាងលុយកខ្វក់៕ 

Tag:
 សិង្ហបុរី
  លាងលុយ
© រក្សាសិទ្ធិដោយ thmeythmey.com