សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អឺរ៉ុប​ត្រៀម​ដំឡើង​ពន្ធ​តាមអាម៉េរិក លើ​រថយន្ត​អគ្គិសនី​​ចិន
11, Jun 2024 , 10:05 am        
រូបភាព
ការតាំងបង្ហាញរថយន្តចិន BYD នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។ រូបភាព ៖ Xinhua
ការតាំងបង្ហាញរថយន្តចិន BYD នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។ រូបភាព ៖ Xinhua
គណៈកម្មការអឺរ៉ុប ត្រូវបានរំពឹងថានឹងប្រកាសពន្ធថ្មីលើរថយន្តអគ្គិសនីដែលនាំចូលពីចិនក្នុងសប្តាហ៍នេះ ដោយព្យាករថានឹងកើនឡើងដល់ ២៥ភាគរយ។

 
មិនដល់មួយខែ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធ ៤ដងលើរថយន្តអគ្គិសនីរបស់ចិនលើសពី១០០ភាគរយ សហភាពអឺរ៉ុបអាចនឹងអនុវត្តតាម ប៉ុន្តែអត្រាពន្ធដែលដាក់ការនាំចូលរថយន្តអគ្គិសនីរបស់ចិនអាចទាបជាងច្រើនបើធៀបអាម៉េរិក។ 
 
សហភាពអឺរ៉ុបកំពុងអនុវត្តអត្រាពន្ធ ១០ភាគរយលើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅចិន។ អ្នក​វិភាគ​ព្យាករ​ថា អត្រា​ពន្ធ​ថ្មី​នឹង​មាន​ចន្លោះ​ពី ១០-២៥ភាគរយ។ ផ្អែកលើទិន្នន័យពាណិជ្ជកម្មឆ្នាំ២០២៣ សម្រាប់ការដាក់អត្រាពន្ធបន្ថែម ១០ភាគរយលើសពីកម្រិតបច្ចុប្បន្ន អ្នកនាំចូលរថយន្តអគ្គិសនីរបស់ចិននៅអឺរ៉ុបត្រូវបង់ប្រាក់ប្រហែល ១ពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ការសម្រេចចិត្តដំឡើងពន្ធដែលអាចប្រកាសក្នុងសប្តាហ៍នេះ ជាវិធានការបណ្តោះអាសន្នមួយ ខណៈពេលដែលសហភាពអឺរ៉ុបបន្តការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនចំពោះរថយន្តអគ្គិសនីរបស់ចិន ដែលរំពឹងថានឹងមានរយៈពេលដល់ខែតុលា បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស អត្រាពន្ធផ្លូវការនឹងអនុវត្ត លើកលែងតែមានការជំទាស់ពីរដ្ឋជាសមាជិកណាមួយ។
 
បច្ចុប្បន្ននេះ រថយន្តអគ្គិសនីដែលផលិតនៅចិនបាននាំចូលមកអឺរ៉ុបភាគច្រើន មកពីក្រុមហ៊ុនលោកខាងលិចដូចជា Tesla, Renault's Dacia និង BMW ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបបាននិយាយថា ចំណែកទីផ្សាររថយន្តអគ្គិសនីចិនផ្ទាល់នៅក្នុងសហភាពអឺរ៉ុបបានកើនឡើងពីតិចជាង ១ភាគរយទៅ ៨ភាគរយ ហើយត្រូវបានព្យាករថានឹងកើនឡើងដល់ ១៥ភាគរយនៅឆ្នាំ ២០២៥។
 
ម៉ូដែល​រថយន្ត​ម៉ាក​យីហោ​ចិន​ដែល​បាន​នាំ​ចេញ​ទៅ​អឺរ៉ុប​បច្ចុប្បន្ន​រួម​មាន BYD's Atto 3, MG របស់ SAIC និង Geely's Volvo។ យោងតាមគណកម្មការអឺរ៉ុប រថយន្តទាំងនេះជាធម្មតាមានតម្លៃតិចជាងម៉ូដែលផលិតនៅអឺរ៉ុប ២០ភាគរយ។
 
ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយម្តងហើយម្តងទៀតថា ប្លុកនេះត្រូវតែធ្វើសកម្មភាពដើម្បីការពារចិនពីការបោះទំនិញថោកៗចូលទីផ្សារដូចជារថយន្តអគ្គិសនីដែលមានការឧបត្ថម្ភធនជាដើម។
 
យ៉ាងណាមិញ អាជីវកម្មរថយន្តស្ទើរតែទាំងអស់នៅអឺរ៉ុបមិនគាំទ្រការដំឡើងពន្ធទេ។ ដោយ​សារ​តែ​ពួក​គេ​ក៏​នាំ​ចូល​រថយន្ត​អគ្គិសនី​ដែល​ផលិត​នៅ​រោងចក្រ​ដែល​មាន​ទីតាំង​នៅ​ចិនដែរ។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ពឹងផ្អែកយ៉ាងខ្លាំងលើការលក់នៅក្នុងទីផ្សារនេះ ដូច្នេះពួកគេខ្លាចការសងសឹកពីទីក្រុងប៉េកាំង។
 
លោក Will Roberts ប្រធានផ្នែកស្រាវជ្រាវរថយន្តនៅក្រុមហ៊ុន Rho Motion បាននិយាយថា ប្រសិនបើចិនត្រូវបានញុះញង់ វាអាចនាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ លោកបានថា ៖« នេះជាការបំផ្លិចបំផ្លាញសម្រាប់តំបន់មួយ (អឺរ៉ុប) ដែលនៅតែពឹងផ្អែកយ៉ាងខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ដែលគ្រប់គ្រងដោយចិន ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន»។ នេះបើតាមសារព័ត៌មាន​ Reuters ។ 
 
កាលពីមុន ចិនបានប្រតិកម្មចំពោះការស៊ើបអង្កេតរបស់គណកម្មការអឺរ៉ុប ចំពោះរថយន្តអគ្គិសនីប្រឆាំងនឹងការឧបត្ថម្ភធន។ ទីក្រុងប៉េកាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការប្រមូលផ្តុំរដ្ឋសមាជិកសហភាពអឺរ៉ុបនីមួយៗ។ វា​មិន​ច្បាស់​ថា​តើ​ពួកគេ​នឹង​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការដំឡើង​ពន្ធ​ក្នុង​សប្តាហ៍​នេះ។
 
កាលពីខែមេសា ទីក្រុងប៉េកាំងបានអនុម័តច្បាប់ដើម្បីបង្កើនសមត្ថភាពឆ្លើយតប ប្រសិនបើអាម៉េរិក ឬសហភាពអឺរ៉ុបដាក់ពន្ធលើការនាំចេញរបស់ខ្លួន។ ចិន​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លើ​ស្រា​ដែល​នាំ​ចូល​ពី​​បារាំងដែរ៕ 
 

Tag:
 អឺរ៉ុប
  រថយន្តអគ្គិសនី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com