ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់ហិរញ្ញប្បទាន ១ ២៦៣លានដុល្លារ ដើម្បីជួយកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០
12, Jun 2024 , 3:19 pm        
រូបភាព
ទិដ្ឋភាពរួមនៃភាពរីកចម្រើនរាជធានីភ្នំពេញ។ រូបថត៖ Soy Rathankvisal/ThmeyThmey
ទិដ្ឋភាពរួមនៃភាពរីកចម្រើនរាជធានីភ្នំពេញ។ រូបថត៖ Soy Rathankvisal/ThmeyThmey
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី សម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។ តាមរយៈយុទ្ធសាស្ត្រនេះ ADB នឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងទំហំទឹកប្រាក់ ១ ២៦៣ លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ សំដៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

 
បើតាម លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមហិរញ្ញប្បទានទាំង ១ ២៦៣លានដុល្លារនេះ គឺមានឥណទានសម្បទាន(កម្ចីការប្រាក់ទាប) ចំនួន១ ២៥១ លានដុល្លារ និងជំនួយឥតសំណងប្រមាណ១១លានដុល្លារ។ ក្រៅពីនេះ ADB កៀរគរសហ-ហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀតបានចំនួន២៨៣លានដុល្លារ សម្រាប់កម្ពុជា អនុវត្តលើគម្រោង និងកម្មវិធីចំនួន២២។
 
លោករដ្ឋមន្ត្រីសេដ្ឋកិច្ចបានបញ្ជាក់ ក្នុងពិធីសម្ពោធជាផ្លូវការនូវស្ថានតំណាងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា​ នាព្រឹកថ្ងៃទី១២មិថុនា ថា៖ «យុទ្ធសាស្ត្រនៃភាពជាដៃគូនេះ នឹងជួយជំរុញ ល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅសម្រេចបាននូវបង្គោលចរ ឆ្នាំ២០៣០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់»។
 
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ADB បានប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី សម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។ យុទ្ធសាស្ត្រថ្មីនេះ មានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេលដូចគ្នាក្នុងគោលដៅពង្រឹងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ របស់កម្ពុជា។
 
បើតាមសេចក្តីប្រកាសព័ត៌មានABD យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ ផ្តោតលើការធ្វើការជាមួយរដ្ឋាភិបាល និងដៃគូផ្សេងទៀត ដើម្បីពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលនាំមុខដោយវិស័យឯកជន ជំរុញការអភិវឌ្ឍមនុស្ស និងពង្រឹងភាពធន់នឹងអាកាសធាតុ។ យុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួមបញ្ចូលផងដែរនូវអាទិភាពពហុផ្នែកមួយចំនួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អសមភាពយេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។
 
លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក បានលើកឡើងថា៖​ «យុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់ ADB នេះ គឺជាកិច្ចសហការជាដៃគូជាមួយកម្ពុជា ដើម្បីវិបុលភាព ប្រជាជន និងភពផែនដី។ វាបង្ហាញពីជំហានថ្មីឆ្ពោះទៅរកកំណើន និងឱកាសក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដែលមានបំណងកំណត់ប្រទេសនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេស មាន ប្រាក់ចំណូលខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ»។
 
យុទ្ធសាស្ត្រនេះ សង្កត់ធ្ងន់លើវិបុលភាព ដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាមួយការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព។ គន្លឹះនៃវិធីសាស្រ្តនេះ គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងមានគុណភាពខ្ពស់ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ចដែលផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម(SMEs)។
 
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន២០៧ ដែលមានទឹកប្រាក់សរុប៤,៨ ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ មាន៤,២ពាន់លានដុល្លារជាឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានគម្រោងចំនួន១៣៧(មាន៨៨គម្រោងត្រូវបានបញ្ចប់ និង ៤៩គម្រោងទៀតកំពុងដំណើរការ)​។​  ចំណែកឯហិរញ្ញប្បទានឥតសំណងមានប្រមាណ៥៦៨លានដុល្លារសម្រាប់គម្រោងចំនួន៧០ (មាន៤៤គម្រោងត្រូវបានបញ្ចប់ និង ២៦គម្រោងទៀតកំពុងដំណើរការ។
 
លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា​ហិរញ្ញប្បទានសហប្រតិបត្តិការទាំងអស់នេះ ត្រូវបានប្រើប្រាស់សម្រាប់ ការវិនិយោគលើវិស័យអាទិភាព ដូចជា៖ វិ​ស័យកសិកម្ម និងធនធានធម្មជាតិ, វិស័យផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង, វិស័យគមនាគមន៍ និងបច្ចេកវិទ្យា-ព័ត៌មាន, វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យគ្រប់គ្រងសាធារណៈ, វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, វិស័យសុខាភិបាល និងវិស័យថាមពលជាដើម៕ 

© រក្សាសិទ្ធិដោយ thmeythmey.com