សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃនឹងតភ្ជាប់ផ្លូវដែកចិន-ឡាវ នាខែកក្កដា ដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍
12, Jun 2024 , 8:29 pm        
រូបភាព
ខ្សែរថភ្លើងតភ្ជាប់ ចិន-ឡាវ-ថៃ ។ រូបភាព ៖​ The World Bank
ខ្សែរថភ្លើងតភ្ជាប់ ចិន-ឡាវ-ថៃ ។ រូបភាព ៖​ The World Bank
ផ្លូវដែកជាតិថៃមួយខ្សែដែលរត់កាត់ភូមិភាគឦសានទៅកាន់ឡាវ ត្រូវបានរំពឹងបើកដំណើរការនៅខែកក្កដា។ ផ្លូវរថភ្លើងនេះ អាចទាក់ទាញភ្ញៀវទេសចរចិនបន្ថែម ជាពិសេសជំរុញប្រសិទ្ធភាពនៃការនាំចេញកើន ១៧ភាគរយ។

 
ប្រព័ន្ធផ្លូវដែកថៃចាប់ផ្តើមនៅស្ថានីយ៍កណ្តាល Krung Thep Aphiwat ក្នុងទីក្រុងបាងកក រត់កាត់ខេត្តធំៗភាគឦសានដូចជា Udon Thani និង Nong Khai ហើយបន្ទាប់មកតភ្ជាប់ ទៅស្ថានីយ៍ Khamsawath ក្នុងរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។
 
លោក Awirut Thongnate អនុប្រធានផ្លូវដែកជាតិថៃ (SRT) បានបញ្ជាក់ថា SRT កំពុងធ្វើការជាមួយអាជ្ញាធរផ្លូវដែកជាតិឡាវ ដើម្បីរៀបចំសម្រាប់ការបើកបណ្តាញផ្លូវដែក ថៃ-ឡាវ ដែលរំពឹងនឹងដំណើរការនៅខែក្រោយនេះ។ ផ្លូវ​នេះ​ជាសញ្ញាណ​សម្គាល់នៃការភ្ជាប់គ្នា​លើក​ដំបូង​រវាង​ថៃ និង​ចិន​​តាមរយៈ​ផ្លូវដែក។
 
បណ្តាញផ្លូវដែកថៃ-ឡាវនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅខែកក្កដាក្រោយនេះ ដែលនឹងជួយតភ្ជាប់មិនត្រឹមតែសេវាកម្មដឹកជញ្ជូន និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍តាមបណ្តោយប្រទេសថៃ និងឡាវ និងតភ្ជាប់បន្ថែមទៀតជាមួយតំបន់ភាគខាងត្បូងនៃប្រទេសចិន តាមរយៈតំបន់ខ្ពង់រាបឡាវ-ចិន តាមរយៈរថភ្លើងល្បឿនលឿន។ លោក Awirut Thongnate បានប្រាប់សារព័ត៌មាន Nikkei Asia បែបនេះ។ 
 
មន្ត្រី SRT នៅថ្ងៃទី៥ ខែមិថុនា បានជួបពិភាក្សាជាមួយលោក Daochinda Siharath នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវដែកជាតិឡាវ ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ទេសចរណ៍ ដើម្បីលើកកម្ពស់កាលវិភាគទេសចរណ៍ សម្រួលការដឹកជញ្ជូនទំនិញ និងបង្កើនល្បឿននីតិវិធីគយ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងបី ថៃ-ឡាវ-ចិន។
 
ចាប់តាំងពីដំណើរការនៅខែធ្នូ ឆ្នាំ២០២១ ផ្លូវដែកចិន-ឡាវ នឹងមិនត្រឹមតែជំរុញពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញក្នុងបរិមាណដ៏ច្រើនពីប្រទេសថៃទៅកាន់សេដ្ឋកិច្ចនៃប្រទេសទាំងពីរខាងលើ។ ផ្លូវដែកប្រវែង ១០០០គីឡូម៉ែត្រ កាត់បន្ថយពេលវេលាដឹកជញ្ជូនទៅចិនមកត្រឹម ១៥ម៉ោង ធៀបនឹង ២ថ្ងៃសម្រាប់រថយន្តដឹកទំនិញទៅចិន។
 
ការ​នាំ​ចេញ​របស់​ថៃ​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​តភ្ជាប់​ផ្លូវ​ដែកនេះ ​រួម​មាន​អាហារ ផលិត​ផល​តាម​រដូវ​កាល និង​ទំនិញងាយ​ខូច​ខាត​ផ្សេង​ទៀត ជា​ពិសេស ​ទុរេន ។ មកទល់ពេលនេះ ការនាំចេញផ្លែឈើរបស់ថៃទៅកាន់ចិនបានឈានដល់ ៥៤,៤លានដុល្លារ។
 
តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ បរិមាណសរុបនៃផ្លែទុរេនដែលនាំចេញទៅចិននឹងកើនឡើងដល់កំណត់ត្រាប្រហែល ៧០០ពាន់តោននៅឆ្នាំ ២០២២។ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ថៃបានព្យាករថា ការនាំចេញរបស់ថៃទៅកាន់ចិនតាមរយៈផ្លូវដែកថៃ-ឡាវនឹងកើនឡើង ១៧ភាគរយនៅឆ្នាំនេះ ដល់ប្រហែល ២៥០ពាន់លានបាត ហើយវាត្រូវបានគេព្យាករចំនួននេះនឹងបន្តកើនឡើងនាពេលអនាគត៕

Tag:
 ថៃ ​
  ឡាវ
  ចិន
  ផ្លូវដែក
© រក្សាសិទ្ធិដោយ thmeythmey.com