សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលអាម៉េរិក សម្រេចបន្តរក្សាអត្រាការប្រាក់ជាលើកទី៧
13, Jun 2024 , 1:59 pm        
រូបភាព
លោក Jerome Powell ប្រធានធនាគារកណ្តាលអាម៉េរិក។ រូបភាព ៖ AFP
លោក Jerome Powell ប្រធានធនាគារកណ្តាលអាម៉េរិក។ រូបភាព ៖ AFP
ធនាគារកណ្តាលអាម៉េរិក (Fed) បានរក្សាអត្រាការប្រាក់យោងបច្ចុប្បន្នចន្លោះពី ៥,២៥ភាគរយទៅ ៥,៥ភាគរយ ដោយមិនផ្លាស់ប្តូរជាលើកទី៧ ជាប់ៗគ្នា ព្រមទាំងបានព្យាករថានឹងកាត់បន្ថយអត្រាការប្រាក់តែម្តងគត់ក្នុងឆ្នាំនេះ។

 
ស្របតាមការរំពឹងទុករបស់ទីផ្សារ នៅថ្ងៃទី១២ ខែមិថុនា Fed មិនបានដំឡើងអត្រាការប្រាក់ទេ បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល២ ថ្ងៃ។
 
អត្រាការប្រាក់យោងនៅអាម៉េរិកបច្ចុប្បន្ន គឺប្រហែល ៥,២៥-៥,៥ភាគរយដែលខ្ពស់បំផុតក្នុងរយៈពេល ២៣ឆ្នាំ។ នៅក្នុងកិច្ចប្រជុំចំនួន ៥លើកកាលពីពេលមុន ស្ថាប័ននេះក៏បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះផងដែរ។
 
មន្ត្រីរបស់ Fed នៅថ្ងៃទី១១ ខែមិថុនា បានព្យាករថា អត្រាការប្រាក់នឹងត្រូវកាត់បន្ថយតែម្តងគត់ក្នុងឆ្នាំនេះ ជំនួសឱ្យចំនួន៣ដងដូចដែលបានប្រកាសកាលពីដើមឆ្នាំ។ ព័ត៌មាននេះត្រូវបានផ្តល់ឲ្យ ទោះបីជាអតិផរណានៅអាម៉េរិកកាន់តែខិតជិតគោលដៅ ២ភាគរយក៏ដោយ។ ការ​លើក​ឡើង​នេះ ​មាន​សុទិដ្ឋិនិយម​ជាង​ការ​ប្រជុំ​នៅ​ដើម​ខែ​ឧសភា។
 
នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយបញ្ចប់ការប្រជុំ ប្រធាន Fed លោក Jerome Powell បានបញ្ជាក់ថា ធនាគារកណ្តាលនៅតែប្រុងប្រយ័ត្នអំពីទស្សនវិស័យអតិផរណា។ នេះបើការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«ទោះបីជាទិន្នន័យចុងក្រោយបង្ហាញថាតម្លៃបានធ្លាក់ចុះបន្តិចក៏ដោយ វាគឺជាតួលេខត្រឹមតែមួយខែប៉ុណ្ណោះ ហើយវាមិនគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យយើងនូវទំនុកចិត្តបន្ថែមទៀតថាអតិផរណាកំពុងធ្លាក់ចុះប្រកបដោយនិរន្តរភាពឆ្ពោះទៅរកគោលដៅ២ភាគរយឡើយ»។ លោក Jerome Powell បានសង្កត់ធ្ងន់បែបនេះ។ 
 
នៅថ្ងៃដដែល មុនពេល Fed ធ្វើការសម្រេចចិត្តលើអត្រាការប្រាក់ ក្រសួងការងារអាម៉េរិកបានប្រកាសពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) សម្រាប់ខែឧសភា ដោយ CPI បានកើនឡើង ៣,៣ភាគរយបើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះជាការធ្លាក់ចុះតិចជាងពី ៣,៤ភាគរយកាលពីខែមេសា។
 
មន្ត្រីរបស់ Fed បានព្យាករអតិផរណានៅចុងឆ្នាំនេះថានឹងមាន ២,៦ភាគរយខ្ពស់ជាងការប៉ាន់ស្មាននៅដើមឆ្នាំនេះបន្តិច។ អតិផរណានៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការកើនឡើងអត្រាការប្រាក់ចំនួន១១ ចាប់តាំងពីខែមីនាឆ្នាំ២០២២។
 
ទន្ទឹមនេះ សេដ្ឋកិច្ច​អាម៉េរិក​នៅ​ ឆ្នាំ២០២៤ ​ត្រូវ​បាន​គេ​ព្យាករ​ថា​ ​នឹង​មាន​កំណើន​​ ២,១ភាគរយ បើ​ទោះ​បី​ជា​ត្រីមាស​ទី​១ មានសភាព​នៅ​ទ្រឹង​ក៏ដោយ។ អត្រាគ្មានការងារធ្វើទំនងជានៅតែស្ថិតក្នុងកម្រិត ៤ភាគរយនាពេលបច្ចុប្បន្ន។
 
Fed បានថ្លែងនៅក្នុងរបាយការណ៍ថា ៖« ទិន្នន័យថ្មីៗបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងកើនឡើងក្នុងល្បឿនដ៏រឹងមាំ។ មានការងារជាច្រើនត្រូវបានបង្កើតឡើង ហើយអត្រាគ្មានការងារធ្វើមានកម្រិតទាប»។
 
ភ្លាមៗ បន្ទាប់ពីការប្រកាសរបស់ Fed តម្លៃប្រាក់ដុល្លារ និងទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលអាម៉េរិកបានធ្លាក់ចុះ។ ចំណែកតម្លៃមាសពិភពលោកនៅថ្ងៃទី១២​ ខែមិថុនា បានកើនឡើង ៨,៣ដុល្លារដល់ ២៣២៤ដុល្លារក្នុងមួយអោនស៍។ ក្នុងអំឡុងពេលជួញដូនេះ លោហៈដ៏មានតម្លៃនៅចំណុចមួយបានកើនឡើងជិត ៣០ដុល្លារក្នុងមួយម៉ោង ដល់ ២៣៤០ដុល្លារ បន្ទាប់ពីទិន្នន័យអតិផរណាត្រូវបានប្រកាស៕

Tag:
 អត្រាការប្រាក់
  Fed
© រក្សាសិទ្ធិដោយ thmeythmey.com