RFI
អន្តរជាតិ
លោក ម៉ាក្រុង ការពារ​ជំហររំលាយ​សភានិង​អំពាវនាវ​គ្រប់​និន្នាការ​ទប់​ទល់​នឹងបក្ស​ស្តាំនិយម​ជ្រុល
13, Jun 2024 , 3:29 pm        
រូបភាព
លោក ម៉ាក្រុង បន្តការពារជំហររំលាយសភា និងអំពាវនាវគ្រប់និន្នាការនយោបាយរួមគ្នាជាធ្លុងមួយ ទប់ទល់នឹងបក្សស្តាំនិយមជ្រុល។​ AP
លោក ម៉ាក្រុង បន្តការពារជំហររំលាយសភា និងអំពាវនាវគ្រប់និន្នាការនយោបាយរួមគ្នាជាធ្លុងមួយ ទប់ទល់នឹងបក្សស្តាំនិយមជ្រុល។​ AP
ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា
 
ប្រធានាធិបតី​បារាំង បាន​អំពាវនាវគ្រប់និន្នាការនយោបាយឲ្យ​រួប​រួមគ្នាជាធ្លុងមួយ ដើម្បី​ទប់ទល់នឹងគណ​បក្សស្តាំនិយមជ្រុល ក្នុងការ​បោះឆ្នោត​រដ្ឋ​សភា​​​ខាងមុខ​នេះ​។ សេចក្តីអំពាវនាវនេះ ធ្វើឡើង៣ថ្ងៃ​បន្ទាប់ពី​ការចាញ់សំឡេងឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃទី៩មិថុនា ដែល​បានធ្វើឲ្យប្រធានាធិបតីបារាំងក្រពុលមុខ និងសម្រេចចិត្តប្រើអំណាចប្រមុខរដ្ឋរំលាយសភាចោល និងបញ្ជាឲ្យរៀបចំការបោះឆ្នោតសភាជាថ្មី។  កាលបរិច្ឆេទ​បោះឆ្នោតជុំទី១ នៅថ្ងៃទី​​៣០មិថុនា ហើយ​ជុំទី២ ថ្ងៃទី​​៧កក្កដា​​ ខាងមុខ​។ ការសម្រេចចិត្តរំលាយសភាពីសំណាក់​ប្រមុខរដ្ឋ បាន​ត្រូវរងការរិះគន់និងការមិនសប្បាយចិត្ត សូម្បីតែក្នុងរង្វង់គណបក្សកាន់អំណាចខ្លួនឯងផង។ ប្រឈមនឹងបញ្ហានេះ  លោក ម៉ាក្រុង បានចាប់កាន់ក្បាលមេក្រូ បញ្ជាក់ជំហររបស់ខ្លួន​ និងថ្លែងការពារចំពោះការសម្រេចចិត្តដ៏ទាន់ហន់របស់លោក។ ​​​

 
 
បើតាម​លោក អេម៉ានុយអែល ម៉ាក្រុង, ​ការ​បោះឆ្នោត​សភា​ នៅមុន​អាណត្តិ​​​ ជាការ​ផ្តល់​ការ​សម្រេច​ចិត្ត​ជាថ្មី​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ ហើយ​និងដើម្បី​ទាក់ទាញ​ប្រជាជន​បារាំង​ឲ្យបោះឆ្នោត​ផ្តល់ទំនុកចិត្ត​សាជាថ្មី​ដល់​គណបក្ស​កាន់អំណាច​របស់លោក។ លោកប្រមុខរដ្ឋ​ ម៉ាក្រុង ថា​ការបោះឆ្នោត​សភា ​នៅពេល​ជាង​១០ថ្ងៃទៀតនេះ មាន​សារៈ​សំខាន់​ខ្លាំងណាស់ ដែល​វា​នឹង​កំណត់​ជោគ​វាសនា​ដឹក​នាំ​ប្រទេស​។ ចំពោះ​លោកប្រធានាធិបតី គឺលោក​មិន​ចង់​ឃើញ​អំណាច​ដឹកនាំប្រទេស​ឆ្នាំ២០២៧ ធ្លាក់ទៅកណ្តាប់​ដៃ​គណបក្ស​ស្តាំនិយមជ្រុល​នោះឡើយ។ ដ្បិត​ថា បក្ស​ស្តាំនិយមជ្រុល​នឹង​សើរើ​សំណុំរឿង​​ជន​អន្តោប្រវេសន៍ និង​សន្តិសុខ​សុវត្ថិភាព​ ដែល​បង្ក​ការ​ភ័យ​ខ្លាច​ជាខ្លាំង។ ចំពោះ​លោកម៉ាក្រុង ប្រសិន​បើ​គេ​ខ្លាច​ការឡើង​ក្តាប់​អំណាច​របស់​ក្រុម​ស្តាំនិយម​ជ្រុល គឺត្រូវតែ​ទៅបោះឆ្នោត​ទប់ទល់​ក្រុម​នេះ តាំងពី​ឥឡូវ​នេះឲ្យហើយ។ មិនតែប៉ុណ្ណោះ លោក ម៉ាក្រុង ថែមទាំង​ចោទប្រកាន់ ក្រុម​ស្តាំ​និយម​ជ្រុល ថា​ស្និទ្ធ​នឹង​លោក វ្ល៉ាឌីមៀរ ពូទីន ហើយ​និង​គ្មាន​ជំនោរនយោបាយ​ច្បាស់​លាស់​ចំពោះ​រុស្ស៊ី​​ ព្រមទាំង​ចង់​ដើរចេញពី​អង្គការ​សម្ព័ន្ធយោធា​អូតង់ ទៀត​ផង។​​
 
ចំពោះ​ប្រធានាធិបតី​ម៉ាក្រុង, ការបោះឆ្នោត​សភា​ថ្មី នៅចុងខែមិថុនា​នេះ ក៏​ដើម្បី​រក្សា​តម្លៃ​សាធារណៈរដ្ឋបារាំង​ ហើយ​ជាពិសេស​​នោះ ដើម្បី​​ទប់​ទល់​នឹងបក្ស​ស្តាំនិយម​ជ្រុល គណបក្សរួបរួមជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន និងលោក ហ្សកដង បារដេលឡា​​។  ក្នុង​គោល​បំណងនេះ លោកប្រធានាធិបតី​ ម៉ាក្រុង​ បាន​អំពាវនាវ​គ្រប់​និន្នាការ​នយោបាយ មិនថា បក្ស​នយោបាយ​និន្នាការ​ឆ្វេងនិយម សង្គមនិយម និង​បរិស្ថាន​និយម​​ ឲ្យ​មករួបរួម​គ្នា​ជាធ្លុង​មួយ ហើយ​​និងប្រាប់​ឲ្យ​ម្ចាស់​ឆ្នោត​បន្ត​​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក គឺ លោក ហ្កាប៊្រីយែល អាតតាល់ ។​
 
ក្នុង​សន្និសីទ​សារព័ត៌មាន នៅក្រុងប៉ារីស ​​ថ្ងៃពុធ ទី​១២មិថុនា លោកប្រធានាធិបតី​បារាំង បាន​លាត​ត្រដាង​ផែនការ​សំខាន់ៗ​ ដើម្បី​ទាក់ចិត្ត​ម្ចាស់​ឆ្នោត តួយ៉ាង ការ​ពារ​បរិស្ថាន​សេដ្ឋកិច្ច​ ដោយ​ត្រូវ​កសាង​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ ថ្មី​ចំនួន​៧ បន្ថែម ដើម្បី​ឯករាជ្យ​ថាមពលបារាំង​ ហើយ​និង​កាត់​បន្ថយ​ថាមពល​ផូស៊ីល ចូលរួម​ចំណែករក្សាបរិស្ថាន​អាកាសធាតុ​។​

លោក ម៉ាក្រុង សន្យា​តម្កើង​កម្រិត​ជីវភាព​ប្រជាជន​ កាត់បន្ថយ​អតិផរណាទំនិញ ហើយ​និង​ការពារ​គោលការណ៍​គ្មាន​សាសនា និង​បង្កើត​ឲ្យ​មាន​កិច្ច​ពិភាក្សា​គ្នា​ឲ្យ​ផុស​ផុល​ពីប្រធានបទនេះ។​ បើតាម​ប្រសាសន៍​របស់​លោក ម៉ាក្រុង, រដ្ឋាភិបាល​ថ្មី​ ប្រសិន​បើ​បក្ស​លោក​ឈ្នះឆ្នោត គឺ​នឹង​ហាមឃាត់​ក្មេងៗក្រោម​១១ឆ្នាំមិនឲ្យប្រើទូរសព្ទ ហើយ​និងហាម​ក្មេងៗក្រោម​១៥ឆ្នាំ មិនឲ្យ​ប្រើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ ដើម្បី​ជាកិច្ចការពារ​យុវជន​បារាំង​។​ នៅ​ចំពោះមុខបណ្តា​​អ្នកកាសែត​ លោក ម៉ាក្រុង​ ក៏​បាន​សារភាព​កំហុស និងបង្ហាញ​ការ​ទទួល​ខុសត្រូវ ចំពោះ​ការ​កសាង​សំណង់​លំនៅដ្ឋាន​សម្រាប់​យុវជន មា​នភាព​យឺតយ៉ាវ​។​
 
ឆ្លើយ​តប​នឹង​ក្រុម​អ្នក​ទាមទារចង់​​ឲ្យ​ប្រធានាធិបតី​ចុះ​ពីតំណែង​ព្រោះតែ​ចាញ់សំឡេង​ឆ្នោត​នៅ​សភា​អឺរ៉ុប​នោះ, លោក​ ម៉ាក្រុង បាន​ប្រតិកម្មក្នុងន័យ​ថា ​នេះជាការ​ទាមទារ​ដ៏​ឆ្កួត​លីលា​​៕

© រក្សាសិទ្ធិដោយ thmeythmey.com