សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមប្រទេសអ្នកមានទាំង៧ គ្រោងប្រើទ្រព្យបង្កករុស្ស៊ីជួយអ៊ុយក្រែន
13, Jun 2024 , 7:29 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) និងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបភាព ៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) និងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបភាព ៖ AFP
មន្ត្រីបារាំងបានបង្ហើបថា មេដឹកនាំក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) បានយល់ព្រមប្រើប្រាស់ប្រាក់ចំនេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយដល់អ៊ុយក្រែន។ ក្រុមប្រទេសអ្នកមានទាំង៧ គ្រោងផ្តល់កម្ចីដល់អ៊ុយក្រែន ប្រមាណ ៥០ពាន់លានដុល្លារ។

 
ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ក្រោយឈ្លានពានអ៊ុយក្រែន បានក្លាយជាគោលដៅរបស់លោកខាងលិច ទុកសម្រាប់ផ្តល់ជំនួយទៅរដ្ឋាភិបាលក្រុងកៀវ។ 
 
មន្ត្រីម្នាក់នៅក្នុងការិយាល័យប្រធានាធិបតីបារាំងបានប្រាប់ AFP នៅថ្ងៃទី១៣ ខែមិថុនា ថា ៖«យើងបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយសំដៅទៅលើគំនិតផ្តួចផ្តើម ដើម្បីទាញយកអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិដែលជាប់គាំងរបស់រុស្ស៊ីធ្វើជាវត្ថុបញ្ចាំសម្រាប់ជំនួយប្រហែល ៥០ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៤»។ 
 
កិច្ចព្រមព្រៀងជំនួយសម្រាប់កម្មវិធីកសាងឡើងវិញរបស់អ៊ុយក្រែន នឹងត្រូវបានប្រកាសដោយមេដឹកនាំអាម៉េរិក កាណាដា បារាំង អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងជប៉ុន នៅក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Puglia របស់អ៊ីតាលីក្នុងសប្តាហ៍នេះ។ ថវិកាជំនួយត្រូវបានប្រមូលដោយការខ្ចីពីស្ថាប័នហិរញ្ញវត្ថុដោយប្រើប្រាស់ប្រាក់ ដែលបានពីអត្រាការប្រាក់នៃទ្រព្យសម្បត្តិបង្កករុស្ស៊ីប្រហែល ៣២៥ពាន់លានដុល្លារជាវត្ថុបញ្ចាំ។ ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកនេះ ជាកម្មសិទ្ធិធនាគារកណ្តាលរុស្ស៊ី។ 
 
បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមឈ្លានពាននៅអ៊ុយក្រែន អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរបស់រុស្ស៊ីនៅបរទេស ដែលភាគច្រើននៅអឺរ៉ុប និងមួយផ្នែកតូចនៅអាម៉េរិក។ ទ្រព្យសម្បត្តិជាច្រើនរបស់បុគ្គល និងអង្គការរុស្ស៊ីក៏ត្រូវបានបង្កកផងដែរ។
 
មន្ត្រីបារាំងរូបនេះបាននិយាយថា ៖« គំនិតរបស់ភាគីអាម៉េរិកគឺប្តូរការប្រាក់ពីទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កកទៅជាការទូទាត់ប្រាក់កម្ចីដល់អ៊ុយក្រែន។ ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីមិនត្រូវបានបង្កក ឬមិនគ្រប់គ្រាន់ដើម្បីធ្វើវត្ថុបញ្ចាំប្រាក់កម្ចីនោះ ប្រទេសនានានឹងពិចារណាជម្រើសសម្រាប់ការចែករំលែកការទទួលខុសត្រូវ»។
 
អំឡុងពេលធ្វើដំណើរកាលពីសប្តាហ៍មុនទៅកាន់បារាំងដើម្បីចូលរួមពិធីរំលឹកដល់ប្រតិបត្តិការនៅ Normandy ក្នុងសង្គ្រាមលោកលើកទី២ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ហាក់ដូចជាបានបញ្ចុះបញ្ចូលប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយជោគជ័យឱ្យគាំទ្រគំនិតនេះ។ នៅក្នុងសន្និសីទកាសែតបញ្ចប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក លោក ម៉ាក្រុង បានប្រកាសថា បារាំងរំពឹងថា សមាជិក G7 គ្រប់រូបនឹងអនុម័តមូលនិធិបរិច្ចាគ ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ។
 
មន្ត្រី G7 កាលពីសប្តាហ៍មុនបានបង្ហាញថា ភាគីនានានៅតែត្រូវយល់ព្រមលើខ្លឹមសារលម្អិតសម្រាប់សេចក្តីថ្លែងការណ៍រួម រួមទាំងផែនការជាក់លាក់សម្រាប់ការទូទាត់ និងការសន្យាសងបំណុល។ យ៉ាងណាក៏ដោយ មេដឹកនាំនៃប្រទេសទាំងប្រាំពីរបានឯកភាពគ្នាថា អ៊ុយក្រែនត្រូវការជាបន្ទាន់នូវកញ្ចប់ជំនួយនេះ ដើម្បីបន្តរក្សា និងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅឆ្នាំ២០២៥ ។
 
ទន្ទឹមនេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃទី១២ ខែមិថុនាថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យមានការរីកចម្រើនជាវិជ្ជមានជាមួយនឹងផែនការដើម្បីទាញយកផលប្រយោជន៍ពីទ្រព្យសម្បត្តិដែលជាប់គាំងរបស់រុស្ស៊ី។ លោកបាននិយាយថា គោលដៅចុងក្រោយនៃផែនការគឺផ្តល់ឱ្យអ៊ុយក្រែននូវធនធានថវិកាដ៏សំខាន់ ដើម្បីបំពេញតម្រូវការបន្ទាន់ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ពីតម្លៃនៃកញ្ចប់ជំនួយនោះទេ។
 
លោក Sullivan បាននិយាយថា ៖« នេះគឺជាអាទិភាពគោលនយោបាយរបស់អាម៉េរិក។ យើងជឿថា G7 ទាំងមូលក៏ត្រូវផ្តល់អាទិភាពដល់បញ្ហានេះដែរ។ អាម៉េរិកចង់ឱ្យគ្រប់ប្រទេសទាំងអស់គាំទ្រផែនការប្រមូលធនធានទ្រង់ទ្រាយធំដើម្បីគាំទ្រដល់អ៊ុយក្រែនដោយជួយឱ្យពួកគេទទួលបានធនធានចាំបាច់ដើម្បីឈ្នះសង្រ្គាម»។
 
ចំណែកទីក្រុងមូស្គូវិញ បានរិះគន់គំនិតរបស់បណ្តាប្រទេស G7 ក្នុងការទាញយកផលប្រយោជន៍ពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីដើម្បីគាំទ្រអ៊ុយក្រែន និងបានគំរាមដាក់ចេញចំណាត់ការឆ្លើយតប។ 
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែឧសភា បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីដំណើរការរឹបអូសទ្រព្យសម្បត្តិអាម៉េរិក ដែលបានបង្កកនៅរុស្ស៊ី ដើម្បីទូទាត់សងការខូចខាតដែលបណ្តាលមកពីការដាក់ទណ្ឌកម្មពីលោកខាងលិច៕ 
 

Tag:
 អ៊ុយក្រែន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com