សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អឺរ៉ុប​ដាក់​ពន្ធ​រថយន្ត​អគ្គិសនី​ចិនរហូត​ដល់ ៣៨,១ភាគរយ
13, Jun 2024 , 5:12 pm        
រូបភាព
រថយន្តត្រៀមនាំចេញនៅកំពង់ផែ Lianyungang ខេត្តជាំងស៊ូ ។ រូបភាព ៖ Xinhua
រថយន្តត្រៀមនាំចេញនៅកំពង់ផែ Lianyungang ខេត្តជាំងស៊ូ ។ រូបភាព ៖ Xinhua
រថយន្តអគ្គិសនីរបស់ចិនដែលនាំចូលទៅអឺរ៉ុបត្រូវបង់ពន្ធចាប់ពី ១៧,៤ភាគរយដល់ ៣៨,១ភាគរយ ដែលជំនួសឱ្យអត្រាពន្ធទូទៅពីមុន ១០ភាគរយ ចាប់ពីថ្ងៃទី៤ ខែកក្កដា។

 
គណៈកម្មការអឺរ៉ុប (EC) ដែលទើបតែបានប្រកាសពីលទ្ធផលបឋមនៃការស៊ើបអង្កេត បានបង្ហាញថា ខ្សែច្រវាក់តម្លៃរថយន្តអគ្គិសនីរបស់ចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនមិនយុត្តិធម៌ ដែលប៉ះពាល់ដល់ដៃគូប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ 
 
ចាប់ពីថ្ងៃទី៤ ខែកក្កដា ក្រុមហ៊ុនរថយន្តអគ្គិសនីក្នុងស្រុករបស់ចិនទាំងបីដែលមានចំណែកទីផ្សារធំជាងគេនៅអឺរ៉ុប រួមមាន BYD, Geely និង SAIC នឹងត្រូវដាក់អត្រាពន្ធថ្មី ១៧,៤ភាគរយ, ២០ភាគរយ និង ៣៨,១ភាគរយរៀងគ្នា។
 
ក្រុមហ៊ុន Geely គ្រប់គ្រងស៊េរីម៉ាករថយន្តល្បីៗរួមមាន Polestar, Lotus (អង់គ្លេស) និង Volvo (ស៊ុយអែត) ខណៈ SAIC កាន់កាប់ម៉ូដែល MG ដែលជាម៉ាករថយន្តអគ្គិសនីលក់ដាច់បំផុតមួយនៅអឺរ៉ុប។
 
ក្រៅពីនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតនៅចិន នឹងប្រឈមមុខនឹងពន្ធគយយ៉ាងហោចណាស់ ២១ភាគរយ។ ភាពខុសគ្នានៃពន្ធគយសម្រាប់ម៉ាកយីហោនីមួយៗគឺផ្អែកលើការប៉ាន់ប្រមាណនៃទំហំនៃការឧបត្ថម្ភធនលើសលប់ ឬមិនយុត្តិធម៌ដែលទីក្រុងប៉េកាំងផ្តល់ឱ្យពួកគេ។ នេះបើយោងតាមគណកម្មការអឺរ៉ុប។ ពន្ធ​សម្រាប់​រថយន្តអាម៉េរិក Tesla ដែល​ផលិត​នៅ​ទីក្រុង​សៀងហៃ អាច​នឹង​ត្រូវ​បានគណនាដោយ​ឡែក។
 
យ៉ាងណាមិញ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ខ្លួនបានទាក់ទងទីក្រុងប៉េកាំងដើម្បីស្វែងរកមធ្យោបាយដែលអាចធ្វើទៅបានជុំវិញដំណោះស្រាយបញ្ហានេះ ប៉ុន្តែប្រសិនបើគ្មានការដោះស្រាយប្រកបដោយប្រសិទ្ធភាពទេ ពន្ធថ្មីនឹងចូលជាធរមានជាផ្លូវការនៅខែក្រោយតាមការគ្រោងទុក។
 
តាមក្រុមហ៊ុនស្រាវជ្រាវ Rhodium Group ចំណូលនៃរថយន្តអគ្គិសនីដែលនាំចូលទៅអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងពី ១,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ១១,៥ពាន់លានដុល្លារកាលពីឆ្នាំមុន។ ភាគច្រើនបានមកពីក្រុមហ៊ុនផលិតលោកខាងលិចដែលមានរោងចក្រនៅចិនដូចជា Tesla និង BMW ។
 
យ៉ាងណាក៏ដោយ មន្ត្រីសហភាពអឺរ៉ុប បានបារម្ភថា ក្រុមហ៊ុនផលិតក្នុងស្រុករបស់ចិននឹងដណ្តើមចំណែកទីផ្សារពីម៉ាកយីហោអឺរ៉ុបជាមួយនឹងរថយន្តដែលមានតម្លៃថោក និងឧបត្ថម្ភធន។ 
 
បើតាមគណៈកម្មការអឺរ៉ុប ចំណែកទីផ្សាររថយន្តអគ្គិសនីចិនផ្ទាល់នៅក្នុងសហភាពអឺរ៉ុបបានកើនឡើងពីតិចជាង ១ភាគរយទៅ ៨ភាគរយ ហើយត្រូវបានព្យាករថានឹងកើនឡើងដល់ ១៥ភាគរយនៅឆ្នាំ ២០២៥។
 
លោក Andrew Kenningham ប្រធានសេដ្ឋវិទូអឺរ៉ុបនៅក្រុមហ៊ុន Capital Economics បានវាយតម្លៃថា ការសម្រេចចិត្តរបស់ EU ជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ប្លុកនេះ ពីព្រោះទោះបីជាពួកគេជារឿយៗប្រើវិធានការការពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញរបស់ចិនក៏ដោយ ប៉ុន្តែកុំធ្វើវាចំពោះឧស្សាហកម្មសំខាន់ដូចជារថយន្ត។
 
សេដ្ឋវិទូរូបនេះ បានយល់ថា អ្នកបង្កើតគោលនយោបាយអឺរ៉ុបចង់ចៀសវាងការកើតឡើងម្តងទៀតនៃអ្វីដែលបានកើតឡើងជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យកាលពីមួយទសវត្សរ៍មុន នៅពេលដែលសហភាពអឺរ៉ុបបានចាត់វិធានការត្រឹមតែកម្រិតដែលធ្វើឱ្យក្រុមហ៊ុនផលិតជាច្រើននៅអឺរ៉ុបសព្វថ្ងៃនេះបាត់បង់ប្រាក់ចំណូល។
 
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ជាករណីបុរាណនៃការការពារនិយមហើយថាពន្ធគយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន និងសហភាពអឺរ៉ុប ក៏ដូចជាស្ថិរភាពផលិតកម្មរថយន្ត និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ លោកថាទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងមុតមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ នេះបើតាមសារព័ត៌មាន Reuters។ 
 
អគ្គលេខាធិការសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) លោក Cui Dongshu បាននិយាយថា ពន្ធបណ្តោះអាសន្នរបស់ EU គឺស្ថិតនៅក្នុងការរំពឹងទុក ហើយនឹងមិនប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនចិនភាគច្រើននោះទេ។ លោក​បាន​បន្ត​ថា​៖ «​ក្រុមហ៊ុន​នាំ​ចេញ​រថយន្ត​អគ្គិសនី​ដែល​ផលិត​នៅ​​ចិន​រួម​មាន Tesla, Geely និង BYD នៅ​តែ​មាន​សក្ដានុពល​កំណើន​ដ៏​ធំ​នៅ​អឺរ៉ុប​នា​ពេល​អនាគត»។ 
 

Tag:
 អឺរ៉ុប
  រថយន្តអគ្គិសនី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com