សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប៉ូលិសថៃ​រឹបអូស​ម្សៅទឹកដោះគោ​ជាង ១២ពាន់​កំប៉ុង​ដែល​រត់ពន្ធ​ពី​វៀតណាម
14, Jun 2024 , 4:59 pm        
រូបភាព
ម្សៅទឹកដោះគោដែលរត់ពន្ធពីវៀតណាមទៅថៃ ។ រូបភាព​ ៖ Bangkok Post
ម្សៅទឹកដោះគោដែលរត់ពន្ធពីវៀតណាមទៅថៃ ។ រូបភាព​ ៖ Bangkok Post
​ប៉ូលិស​ថៃ​បាន​រឹប​អូស​ម្សៅ​ទឹកដោះគោ​ជាង ១២០០០ កំប៉ុង ដែល​រត់ពន្ធ​ពី​​វៀតណាម និង​ចាប់​ខ្លួន​ជនអន្តោប្រវេសន៍ ៦នាក់​ក្នុង​ការ​បង្រ្កាបបទល្មើសខុសច្បាស់ នៅថ្ងៃទី១៣ ខែមិថុនា។

 
មន្រ្តីប៉ូលីសការពារអ្នកប្រើប្រាស់ (CPPD) និងនាយកដ្ឋានចំណីអាហារ និងឱសថ (FDA)របស់ថៃបានរឹបអូសបានវត្ថុតាងចំនួន៤១, ម្សៅទឹកដោះគោប្រហែល ១២៦២៥កំប៉ុង ផលិតផលអាហារបំប៉នកុមារ ១៨០០មុខ និងថ្នាំជាច្រើនទៀតដែលមានតម្លៃសរុបជិត ៥០ម៉ឺនដុល្លារ។
 
ការវាយឆ្មក់របស់ក្រុមបូលិសនេះ បានកើតឡើងនៅឯឃ្លាំងមួយក្នុងស្រុក Phra Pradaeng ខេត្ត Samut Prakan បន្ទាប់ពី FDA បានសង្ស័យថា មានវេបសាយលក់ទឹកម្សៅដោះគោជាមួយនឹងការផ្សាយពាណិជ្ជកម្មបំផ្លើស និងមិនពិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
 
ជាពិសេស អ្នកលក់ប្តេជ្ញាថាផលិតផលម្សៅទឹកដោះគោនេះ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរ FDA របស់អាម៉េរិក និងជាទឹកដោះគោដែលលក់ដាច់បំផុតលេខ១ នៅនូវែលសេឡង់។
 
លើសពីនេះ អាជ្ញាធរ​ក៏បាន​ចាប់ខ្លួន​ជន​អន្តោប្រវេសន៍​ ៦​នាក់​មកពី​ឡាវ និង​មី​យ៉ាន់​ម៉ា ខណៈកំពុង​វេចខ្ចប់​ផលិតផល​។ អ្នកទាំងនេះត្រូវបានចោទប្រកាន់ពីបទឃុបឃិតគ្នាលក់ផលិតផលដែលមិនបានចុះបញ្ជី និងគ្មានប័ណ្ណការងារ។
 
លោកវរសេនីយ៍ឯក Veeraphong Khlaithong តំណាងមកពី CPPD បានអះអាងថា ពលរដ្ឋវៀតណាមមួយក្រុមនៅពីក្រោយការរត់ពន្ធទឹកដោះគោពីប្រទេសនេះ។ ប្រជាជនទាំងនេះ ពីមុនបានជួលឃ្លាំងដើម្បីទុកផលិតផល មុនពេលបង្ហោះវានៅលើវេបសាយពាណិជ្ជកម្មអេឡិចត្រូនិក។
 
«អតិថិជនដែលមានចំណាប់អារម្មណ៍នឹងបំពេញឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ពួកគេនៅលើវេបសាយ។ បន្ទាប់មក អ្នកលក់នឹងទាក់ទងទៅបញ្ចុះបញ្ចូលអតិថិជនឱ្យទិញផលិតផល»។ លោក Veeraphong Khlaithong បានប្រាប់កាសែត Bangkok Post បែបនេះ។ 
 
ផលិតផលម្សៅទឹកដោះគោ និង អាហារបំប៉នទាំងនេះត្រូវបានលក់ក្នុងតម្លៃចាប់ពី ៣០ ទៅ ៣២ដុល្លារ។
 
បើតាមក្រុមប៉ូលិសស៊ើបអង្កេត ពលរដ្ឋវៀតណាមមួយក្រុមនេះតែងតែមកថៃមួយខែម្តង ដើម្បីត្រួតពិនិត្យដំណើរការលក់ដូរ។ ទន្ទឹមនេះ ពួកគេក៏តាមដានយ៉ាងដិតដល់នូវការព្រមានរបស់អាជ្ញាធរថៃ អំពីផលិតផលទឹកដោះគោម្សៅ ដែលមិនត្រូវបានបញ្ជាក់ដោយ FDA។ 
 
បន្ថែមពីនេះ ប៉ូលិស CPPD បាននិយាយថា ៖«ពួកគេនឹងផ្លាស់ទីផលិតផលទៅឃ្លាំងមួយផ្សេងទៀតភ្លាមៗ ដើម្បីជៀសវាងពិន័យតាមប្រព័ន្ធច្បាប់ ក្នុងករណីដែលពួកគេដឹងថាផលិតផលរបស់ពួកគេមានហានិភ័យនៃការត្រួតពិនិត្យ»៕ 

Tag:
 ថៃ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com