RFI
អន្តរជាតិ
ប្រធានាធិបតីស៊ែរប៊ី ប្រកាសចម្រាញ់ទាញយក រ៉ែលីចូម មកប្រើ នៅឆ្នាំ២០២៨ ![ប្រធានាធិបតីស៊ែរប៊ី Aleksandar Vucic ប្រកាសទាញយក រ៉ែលីចូម មកប្រើ នៅឆ្នាំ២០២៨ REUTERS - Eduardo Munoz](https://image.thmeythmey.com/pictures/2024/06/17/download.jpg)
ប្រធានាធិបតីស៊ែរប៊ី Aleksandar Vucic ប្រកាសទាញយក រ៉ែលីចូម មកប្រើ នៅឆ្នាំ២០២៨ REUTERS - Eduardo Munoz
×![]()
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
បន្ទាប់ពីរងការរិះគន់និងជំទាស់ជាខ្លាំងពីអ្នកបរិស្ថាននិយម អស់ជាច្រើនឆ្នាំរួចមក ទីបំផុតទៅ ប្រធានាធិបតីស៊ែរប៊ី ប្រកាសឲ្យដឹងនៅថ្ងៃទី១៦មិថុនា ថា ប្រទេសរបស់ខ្លួនអាចនឹងចម្រាញ់ទាញយក រ៉ែលីចូម មកប្រើប្រាស់ នៅឆ្នាំ២០២៨។ នេះបើតាមបទសម្ភាស១របស់ប្រមុខរដ្ឋស៊ែរប៊ី ដែលបានផ្តល់ទៅឲ្យកាសែតអង់គ្លេស Financial Times។ ការប្រកាសដំណឹងចម្រាញ់រ៉ែនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរ៉ែអូស្ត្រាលីនិងអង់គ្លេស បានចេញរបាយការណ៍១ស្តីពីផលប៉ះពាល់ផ្នែកបរិស្ថាន បណ្តាលមកពីឧស្សាហកម្មនីស្សារណកម្ម នៅប៉ែកខាងលិចស៊ែរប៊ី។
រដ្ឋាភិបាលស៊ែរប៊ី សហការជាមួយក្រុមហ៊ុនរ៉ែអូស្ត្រាលីនិងអង់គ្លេស ឈ្មោះ Rio Tinto Group បានស្រាវជ្រាវរកឃើញធនធានរ៉ែលីចូម នៅតំបន់ដែនដី Jadar ប៉ែកខាងលិចប្រទេស កាលពីឆ្នាំ២០០៤។
២០ឆ្នាំមកហើយដែល ស៊ែរប៊ី នៅតែពុំទាន់អាចអាស្រ័យផលពីធនធានរ៉ែលីចូម នោះបាននៅឡើយទេ ព្រោះតែមានការបដិសេធជំទាស់ជាខ្លាំងពីក្រុមគណបក្សប្រឆាំង និងក្រុមអ្នកបរិស្ថាននិយម។ ក្រុមអ្នកជំទាស់ទាំងនេះ បានធ្វើបាតុកម្មប្រឆាំងរារាំងជំទាស់គម្រោងរដ្ឋាភិបាលនិងក្រុមហ៊ុនបរទេស មិនឲ្យចម្រាញ់យករ៉ែលីចូមនោះឡើយ ដោយសំអាងហេតុផលបំផ្លាញ់បរិស្ថានធម្មជាតិ។ មិនតែប៉ុណ្ណោះ ពួកគេបានចោទប្រកាន់ ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic និងក្រុមហ៊ុនរ៉ែ Rio Tinto ថាលួចឃុបឃិតគ្នាលាក់ការសម្ងាត់ ហើយនិងមិនព្រមផ្សព្វផ្សាយរបាយការណ៍សិក្សាឲ្យបានហ្មត់ចត់ ស្តីពីផលប៉ះពាល់បរិស្ថាន ព្រោះតែដំណើរការចម្រាញ់រ៉ែលីចូម។
ប្រឈមមុខនឹងបាតុកម្មប្រឆាំងយ៉ាងខ្លាំងខ្លាពេញប្រទេស រដ្ឋាភិបាលស៊ែរប៊ី ក៏បានសម្រេចចិត្តលុបចោលចម្រាញ់រ៉ែលីចូម នៅឆ្នាំ២០២០។ ទើបតែពេលនេះ ប្រធានាធិបតីស៊ែរប៊ី បានប្រកាសឡើងជាថ្មី អំពីផែនការចង់សម្រេចក្តីសន្យា ចម្រាញ់យករ៉ែ នៅឆ្នាំ២០២៨។ លោក Aleksandar Vucic បញ្ជាក់ថា ក្រុមហ៊ុនរ៉ែ Rio Tinto អាចនឹងចម្រាញ់រ៉ែលីចូម បានរហូតដល់ ៥៨០ ០០០ តោន នៅក្នុង១ឆ្នាំៗ ដែលវាស្មើនឹង១៧% នៃដំណើរការផលិតរថយន្តអគ្គិសនីរបស់អឺរ៉ុប ឬក៏អាចថា ប្រហែលជាសម្រាប់ផលិតរថយន្តអគ្គិសនីបាន ១,១ លានគ្រឿង។
ទន្ទឹមគ្នានេះ ក្នុងរបាយការណ៍រាប់រយទំព័រ ផ្សាយនៅដើមខែមិថុនានេះ ក្រុមហ៊ុនរ៉ែ Rio Tinto បានសន្យាកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានឲ្យបានច្រើនបំផុត និងគិតគូរឲ្យបានហ្មត់ចត់ចំពោះកាក់សំណល់នៅក្នុងដំណើរការចម្រាញ់រ៉ែលីចូម លើផ្ទៃដី ២២០ ហិកតា។
មុនសម្រេចបង្ហើបគម្រោងការទាញយករ៉ែនៅឆ្នាំ២០២៨ រដ្ឋាភិបាលស៊ែរប៊ី បានចុះកិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីឆ្នាំទៅមិញ ស្តីពីកិច្ចសហការជាយុទ្ធសាស្ត្រលើវិស័យរ៉ែវត្ថុធាតុដើមនិងរ៉ែលីចូម។
រ៉ែលីចូម ជាវត្ថុធាតុដើម ត្រូវការចាំបាច់ សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ថ្មពិល ថ្មសាកទូរសព្ទដៃ និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀត។ ក្នុងវិស័យឱសថ ក៏ត្រូវការរ៉ែលីចូម នេះដែរ។ ក្នុងពិភពលោកយើងនេះ ប្រទេសស៊ីលី អាក់ហ្សង់ទីន ចិន និងអូស្ត្រាលី បានរកឃើញរ៉ែលីចូមច្រើននៅលើទឹកដីរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com