សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន ប្រកាសស៊ើបអង្កេតការលក់បង្ខូចថ្លៃសាច់ជ្រូកនាំចូលពីអឺរ៉ុប
18, Jun 2024 , 3:13 pm        
រូបភាព
អតិថិជនទិញសាច់ជ្រូកនៅផ្សារមួយកន្លែងក្នុងទីក្រុង Haikou នៃខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ រូបភាព ៖ Xinhua
អតិថិជនទិញសាច់ជ្រូកនៅផ្សារមួយកន្លែងក្នុងទីក្រុង Haikou នៃខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ រូបភាព ៖ Xinhua
ប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបបានដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន ទីក្រុងប៉េកាំងបានឆ្លើយតប​ដោយប្រកាសចាប់ផ្តើមស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូកនាំចូលពីប្លុកនេះវិញ។

 
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ខ្លួននឹងស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូក និងផលិតផលពាក់ព័ន្ធផ្សេងទៀតដែលនាំចូលពីសហភាពអឺរ៉ុប(EU)។ ការចាប់ផ្តើមស៊ើបអង្កើតនេះ នឹងប៉ះពាល់ដល់អេស្ប៉ាញ ហូឡង់ និងដាណឺម៉ាកដែលជាប្រទេសនាំចូលសាច់ជ្រូកច្រើនជាងគេនៅចិន។
 
ការស៊ើបអង្កេតនេះចាប់ផ្តើមពីថ្ងៃទី ១៧ ខែមិថុនា ដែលត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីសមាគមបសុសត្វចិនបានដាក់ពាក្យបណ្តឹងក្នុងនាមវិស័យសាច់ជ្រូកក្នុងស្រុក។
 
ចំណាត់ការរបស់ទីក្រុងប៉េកាំង ត្រូវមើលឃើញថា ជាការសងសឹកចំពោះការដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបរហូតដល់ ៣៨,១ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីចិនកាលពីថ្ងៃទី១២ ខែមិថុនា។
 
លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅចិនបាននិយាយថា នេះមិនមែនជារឿងភ្ញាក់ផ្អើលទេព្រោះវាមិនមែនជាលើកទីមួយទេដែលការស៊ើបអង្កេតត្រូវបានឆ្លើយតបតាមរបៀបនេះ។ នេះបើតាមសារព័ត៌មាន Reuters ។
 
បច្ចុប្បន្នអេស្ប៉ាញ ជាអ្នកផ្គត់ផ្គង់សាច់ជ្រូកធំជាងគេទៅកាន់ចិន។ ក្រុមហ៊ុន Interporc បាននិយាយថា ខ្លួននឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិនក្នុងការស៊ើបអង្កេតនេះ។ Interporc បានបញ្ជាក់ថា ចិន និង EU នៅតែមានពេលច្រើនដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
 
អំឡុងពេលនេះ ក្រុមហ៊ុនសាច់សត្វនៅអឺរ៉ុបនៅតែអាចនាំចេញទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកដោយមិនជាប់ពន្ធ។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការស៊ើបអង្កេតនឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែអាចបន្តរយៈពេលប្រាំមួយខែទៀតប្រសិនបើចាំបាច់។
 
ជាមួយវិធានការប្រឆាំងសាច់ជ្រូកអឺរ៉ុប ក្រុមហ៊ុនសាច់ជ្រូកមកពីអាម៉េរិកខាងត្បូង អាម៉េរិក និងរុស្ស៊ីអាចទទួលបានចំណែកទីផ្សារកាន់តែច្រើន ប្រសិនបើទីក្រុងប៉េកាំងកំណត់ការនាំចូលសាច់ពីអឺរ៉ុប។ កាលពីខែមុនសារព័ត៌មានចិន Global Times បាននិយាយថា ក្រុមហ៊ុនចិនជាច្រើនកំពុងរៀបចំស្នើសុំអាជ្ញាធរដើម្បីស៊ើបអង្កេតការប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូកអឺរ៉ុប។ មុននោះ ក្រុមហ៊ុនចិន ក៏ចង់ឱ្យមន្ត្រីពិនិត្យមើលផលិតផលទឹកដោះគោរបស់តំបន់នេះផងដែរ។
 
រដ្ឋាភិបាលចិនជារឿយៗ បានដាក់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃលើទំនិញនាំចូលពីបរទេសនៅពេលដែលសង្ស័យថាផលិតផលត្រូវបានលក់ក្រោមតម្លៃក្នុងស្រុក ដើម្បីការពារអាជីវកម្មក្នុងស្រុក។
 
តបនឹងរឿងនេះ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប (EC) បាននិយាយថា ប្លុកនេះមិនព្រួយបារម្ភអំពីការស៊ើបអង្កេតរបស់ចិនទេ។ គណៈកម្មការអឺរ៉ុបបាន​បញ្ជាក់ទៀត​ថា ​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​កម្រិត​សមស្រប​ដើម្បី​ធានា​ថា​ការ​ស៊ើបអង្កេត​អនុលោម​តាម​បទប្បញ្ញត្តិ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។
 
សហភាពអឺរ៉ុប បានរួមចំណែកច្រើនជាងពាក់កណ្តាលនៃការនាំចូលសាច់ជ្រូករបស់ចិនចំនួន ៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យគយចិន។ ក្នុងនោះ សាច់ជ្រូកជាង ៧០០លានដុល្លារបានមកពីអេស្ប៉ាញ តាមពីក្រោយដោយហូឡង់ និងដាណឺម៉ាក ដែលមានចំនួន ៦២០លានដុល្លារ និង ៥៥០លានដុល្លាររៀងគ្នា៕ 

Tag:
 ចិន
  សាច់ជ្រូក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com