កីឡាជាតិ
ជាតិ
ចៅក្រម អាជ្ញាកណ្ដាលប្រដាល់គុនខ្មែរ បំពេញតួនាទីនេះដោយបេះដូង
18, Jun 2024 , 6:59 pm        
រូបភាព
លោក ជិន រ៉ា នៅអង្គុយមុខគេ ជាមួយមន្ដ្រីអាជ្ញាកណ្ដាល និងចៅក្រមផ្សេងទៀត រូបពីហ្វេសប៊ុក Chin Ra
លោក ជិន រ៉ា នៅអង្គុយមុខគេ ជាមួយមន្ដ្រីអាជ្ញាកណ្ដាល និងចៅក្រមផ្សេងទៀត រូបពីហ្វេសប៊ុក Chin Ra
លោក ជិន រ៉ា ចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ មើលឃើញថា ធនធានអាជ្ញាកណ្ដាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មិនសូវសម្បូរទេ ហើយអ្នកដែលមកធ្វើភាគច្រើនស្ម័គ្រចិត្ត ព្រោះស្រឡាញ់ និងចង់ជំរុញឲ្យក្បាច់គុនមួយនេះ ឈានទៅកាន់ឆាកអន្ដរជាតិ។ អាជ្ញាកណ្ដាល និងជាចៅក្រមរូបនេះ បន្ថែមថា នៅពេលប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដំឡើងប្រាក់ឈ្នួលពី ១៦ដុល្លារ ទៅ២៥ដុល្លារ ក្នុងមួយកម្មវិធី ធនធានមន្ដ្រីការងារទាំងនេះ នឹងសម្បូរ ព្រោះថវិកា ឆ្លើយតបនឹងកម្លាំងការងាររបស់ពួកគេ។



លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងដំឡើងប្រាក់ឈ្នួលអាជ្ញាកណ្ដាល ចៅក្រមប្រដាល់គុនខ្មែរ ក្នុង១កម្មវិធី ពី១៦ដុល្លារ ទៅ២៥ដុល្លារ ចាប់ពីខែកក្កដា ឆ្នាំ២០២៤។ 
 
«យើង កំពុងរៀបចំផែនការយុនការលើកទឹកចិត្តឲ្យមន្ដ្រី យកចិត្តទុកដាក់ធ្វើការឲ្យបានខ្ពស់។ ការងារអាជ្ញាកណ្ដាលចៅក្រមនេះ គឺជារឿងរសើប។ អ្នកដឹកនាំការប្រកួតនេះ ពេលខ្លះជោគជ័យ មិនជោគជ័យ គឺស្ថិតនៅលើពួកគាត់ហើយ។ ប្រសិនជាដឹកនាំការប្រកួតទៅមានបញ្ហា ច្បាស់ណាស់ នឹងមានការជេស្ដីពីទស្សនិកជន ហើយលទ្ធផលលម្អៀង ដោយសារការដឹកនាំរបស់ពួកគាត់។ ដូច្នេះ យើង ត្រូវធ្វើយ៉ាងមិចក៏ដោយឲ្យមន្ដ្រីទាំងអស់ ធ្វើការដោយការយកចិត្តទុក និងការទទួលខុសត្រូវខ្ពស់បំផុត។»។ ប្រធានសហព័ន្ធប្រដាល់គុនខ្មែររូបនេះ បាននិយាយក្នុងកម្មវិធីនាទីវែកញែកកីឡា របស់លោក ង៉ែត ហ៊ ដូច្នេះ។
 
លោក ជិន រ៉ា បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ការតម្លើងប្រាក់ឈ្នួលឲ្យចៅក្រម និងអាជ្ញាកណ្ដាលទាំងនោះ គឺជាការលើកទឹកចិត្តសម្រាប់ពួកគេ ដើម្បីបំពេញតួនាទីឲ្យបានល្អ។ ត្បិតអី អ្នកទាំងនោះ ធ្វើការដោយស្ម័គ្រចិត្ត និងមិនមានប្រាក់បៀវត្ស ប្រចាំខែឡើយ។ 
 
អាជ្ញាកណ្ដាលរូបនេះ បន្ថែមថាតួនាទីជាអ្នកកាត់ក្ដី និងឲ្យពិន្ទុ ត្រូវបានអ្នកគាំទ្រជេ នៅពេលលទ្ធផលណាមួយមិនសមស្របទៅនឹងអ្វី ដែលពួកគេរំពឹងទុក។ ប៉ុន្ដែអ្នកគាំទ្រទាំងនោះ មិនដឹងពីបច្ចេកទេស និងបទបញ្ជារនានាទាក់ទងជាមួយការដាក់ពិន្ទុឡើយ។ លោក ជិន រ៉ា បញ្ជាក់ថា មន្ដ្រីការងារទាំងនោះ ទទួលបានកម្រៃទាបហើយ ថែមទទួលបានសម្ពាធ ពីអ្នកគាំទ្រទៀត។ ប៉ុន្ដែ អ្នកដែលនៅបន្ដការងារនេះ ព្រោះតែពួកគេស្រឡាញ់ នឹងចង់ឲ្យថែរក្សាក្បាច់គុនខ្មែរ។ មន្ដ្រីបច្ចេកទេសរូបនេះ បន្ដទៀតថា នេះ គឺជាហេតុផល ដែលធ្វើឲ្យធនធានអាជ្ញាកណ្ដាល ចៅក្រមគុនខ្មែរ មិនសូវសម្បូរ។
 
«ចៅក្រមយើងគឺខ្វះ។ សហព័ន្ធ ក៏ចាប់ផ្ដើមជ្រើសរើសមន្ដ្រីអាជ្ញាកណ្ដាល ដែរ។ យើង ធ្វើអាជ្ញាកណ្ដាលចៅក្រមនេះ គឺជាការស្ម័គ្រចិត្ត។ ការងារនេះ ដល់តែមានបេះដូងស្រឡាញ់ ទើបធ្វើកើត។ ដូច្នេះ យើងនៅខ្វះច្រើន។»។ លោក ជិន រ៉ា បាននិយាយដូច្នេះ។
 
អាជ្ញាកណ្ដាលរូបនេះ ជឿថានៅពេលតម្លៃឈ្នួលឡើង នឹងមានអាជ្ញាកណ្ដាល ចៅក្រមកើនឡើង ហើយការងាររបស់ពួកគេក៏មានប្រសិទ្ធភាពដែរ៕

Tag:
 ប្រដាល់
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com