អន្តរជាតិ
TikTok ប្តឹងជំទាស់ច្បាប់អាម៉េរិកដែលចង់បិទក្រុមហ៊ុនខ្លួន
08, May 2024 , 3:44 pm        
រូបភាព
បណ្តាញសង្គម TikTok។ រូបភាព Pexels
បណ្តាញសង្គម TikTok។ រូបភាព Pexels
ក្រុមហ៊ុនTikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនByteDance នៅថ្ងៃទី៧ ខែឧសភា បានដាក់បណ្តឹងជំទាស់ទៅតុលាការឧទ្ធរណ៍ ក្រោយអាម៉េរិកបានអនុម័តច្បាប់មួយ ដែលបិទក្រុមហ៊ុនខ្លួនចោល បើមិនលក់ឱ្យក្រុមហ៊ុនអាម៉េរិក។

 
«ច្បាប់ការពារប្រជាជនអាម៉េរិកពីកម្មវិធីគ្រប់គ្រងដោយគូប្រជែងបរទេស» ត្រូវបានប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ចុះហត្ថលេខានៅខែមេសាកន្លងទៅ។ ច្បាប់មួយនេះ បង្ខំឱ្យក្រុមហ៊ុនចិន ByteDance លក់បណ្តាញសង្គម TikTok ទៅក្រុមហ៊ុនអាម៉េរិក ក្នុងរយៈពេល ៩ខែ បើមិនចង់បិទប្រតិបត្តិការនៅលើទឹកដីអាម៉េរិក។ ប្រធានាធិបតីអាម៉េរិកអាចពន្យារពេល បាន៩០ថ្ងៃបន្ថែម ប្រសិនបើនីតិវិធីចរចាចាប់ផ្តើម។
 
១ខែបន្ទាប់ពីច្បាប់ខាងលើត្រូវបានចុះហត្ថលេខា ក្រុមហ៊ុន TikTok បានដាក់បណ្តឹងតវ៉ាទៅតុលាការឧទ្ធរណ៍ ដើម្បី ធ្វើមោឃភាព ដោយផ្អែកច្បាប់នោះ អធម្មនុញ្ញ​ភាព និងបំពានសិទ្ធិសេរីភាពប្រជាជន។ 
 
«ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត សភាបានអនុម័តច្បាប់ ដែលមានបំណងបិទបណ្តាញសង្គមបញ្ចេញមតិនៅទូទាំងប្រទេស និងអចិន្រ្តៃយ៍»។ ក្រុមហ៊ុន TikTok បានបញ្ជាក់បែបនេះ នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនដាក់ទៅកាន់តុលាការឧទ្ធរណ៍ US Court of Appeals for the District of Columbia Circuit នៅថ្ងៃទី៧ ខែឧសភា។ 
 
បើតាមក្រុមហ៊ុនTikTok អាម៉េរិក ចង់បំបិទសិទ្ធិបញ្ចេញមតិរបស់ប្រជាជនប្រមាណ ១៧០លាននាក់ ដែលកំពុងប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន បើទោះគ្មានព័ស្តុតាងត្រឹមត្រូវ និងមានតែក្តីបារម្ភ យកមកធ្វើជាសក្ខីកម្ម។ ការអះអាងបែបនេះ មិនមែនជាលើកទីមួយឡើយសម្រាប់ក្រុមហ៊ុនTikTok។ 
 
បណ្តាញសង្គម TikTok ដែលតែងបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួន គឺឯករាជ្យ និងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន បានអះអាងថា ខ្លួនបានវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ដើម្បីការពារទិន្នន័យប្រជាជនអាម៉េរិក មិនឱ្យធ្លាក់ក្នុងដៃប្រទេសផ្សេង។ 
 
កន្លងមក ទាំងរដ្ឋាភិបាល និងសមាជិកសភាអាម៉េរិកបានចោទ និងបង្ហាញក្តីបារម្ភថា បក្សកុម្មុយនីស្តចិន អាចទាញទិន្នន័យអ្នកប្រើប្រាស់នៅអាម៉េរិក តាមរយៈបណ្តាសង្គមមួយនេះ។ នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនរដ្ឋចិន WangTouZhongWen បានទិញភាគហ៊ុនក្រុមហ៊ុន ByteDance ចំនួន ១ភាគរយ។
 
ការដាក់ពាក្យបណ្តឹងជំទាស់របស់ក្រុមហ៊ុន TikTok ប្រឆាំងនឹងរដ្ឋបាលអាម៉េរិកមិនមែនជារឿងថ្មីឡើយ។ នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន TikTok បានឈ្នះក្តីលើរដ្ឋ Montana ដែលហាមឃាត់មិនឱ្យទាញយកម្មវិធី TikTok នៅក្នុងរដ្ឋរបស់ខ្លួន។ 
 
បន្ថែមពីនេះ ក្រុមហ៊ុន TikTok ក៏ធ្លាប់ឈ្នះក្តីលើបញ្ជាប្រតិបត្តិរបស់លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ដែលជំរុញឱ្យរឹតត្បិតបណ្តាញសង្គមមួយនេះពីទឹកដីអាម៉េរិក នៅក្នុងឆ្នាំ២០២០ ផង៕ 

Tag:
 TikTok
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com