លោក គួច ចំរើន បានចូលកាន់តំណែងជាផ្លូវការជាអភិបាលខេត្តកណ្តាល នាថ្ងៃទី១ ខែកក្កដា នេះ។ «អ្នកកណ្តាល សុំផ្ញើខ្លួន និងការងារជោគជ័យផង»។ អតីតអភិបាលខេត្តព្រះសីហនុ បានសរសេរយ៉ាងដូច្នេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងរូបថតមួយសន្លឹកដែលលោកឈរមុខក្លោងទ្វារចូលសាលាខេត្តកណ្តាល ទីដែលលោកត្រូវបានការងារជំនួសលោក គង់ សោភ័ណ្ឌ។
លោក គួច ចំរើន ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ផ្ទេរ និងតែងតាំងជាអភិបាលខេត្តកណ្ដាល តាមរយៈព្រះរាជក្រឹត្យមួយចុះកាលពីថ្ងៃទី២៤ ខែមិថុនា។ ពិធីចូលកាន់តំណែងផ្លូវការត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១ ខែកក្កដា នេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស សុខា ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ មុនចូលកាន់តំណែងជាអភិបាលខេត្តកណ្ដាលនេះ លោក គួច ចំរើន បានកាន់តួនាទីជាអភិបាលព្រះសីហនុ បានរយៈពេល ៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១៩មក។
អភិបាលខេត្តកណ្ដាលថ្មីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកនៅមុខសាលាខេត្តកណ្ដាល ដោយភ្ជាប់ជាមួយខ្លឹមសារ «អ្នកកណ្តាល សុំផ្ញើខ្លួន និងការងារជោគជ័យផង» ជាចំណងជើង។ ក្នុងរយៈពេល១០ឆ្នាំនេះ លោក គួច ចំរើន បានប្តូរការងារ៦កន្លែង ក្នុងនោះខណ្ឌមានជ័យ, ខណ្ឌដូនពេញ, អគ្គរដ្ឋបាល, ខេត្តកំពង់ចាម, ខេត្តព្រះសីហនុ និងខេត្តកណ្តាល។
លោក គួច ចំរើន បានលើកឡើងដូច្នេះ៖«ការងារច្រើនកន្លែង ថ្មីរហូតហត់បន្តិចមែនតែបទពិសោធច្រើនមិត្តភក្តិមិត្តក៏ច្រើន ទំនាក់ទំនងក៏ច្រើន ស្គាល់សង្គមនិងមនុស្សក៏ច្រើន។
រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក»។
រូបភាពពីហ្វេសប៊ុកបេះដូងប្រជាជនខេត្តកណ្ដាល
វត្តមានរបស់អភិបាលខេត្តកណ្ដាលថ្មីនេះបានធ្វើឱ្យប្រជាជនខេត្តកណ្ដាលមួយចំនួន សម្ដែងការសាទរ។ ម្ចាស់គណនីឈ្មោះមុត ស្រីនាង បានសរសេរក្នុងខំមិនបញ្ចេញមិតថា៖«ក្នុងនាមពលរដ្ឋខេត្តកណ្តាលមួយរូបសូមស្វាគមន៍ឯកឧត្តមដោយក្តីរីករាយបំផុត»។ ដោយឡែកម្ចាស់គណនីឈ្មោះ Dara Torn បានសរសេរថា៖«សូមស្វាគមន៍ឯកឧត្តមសម្រាប់ភារកិច្ចថ្មីនៅទឹកដីខេត្តកណ្តាល។
ខ្ញុំជាប្រជាពលរដ្ឋនៅតាខ្មៅ សង្ឃឹមថានឹងមានគម្រោងអភិវឌ្ឍថ្មី ដើម្បីឱ្យសេដ្ឋកិច្ចសង្គម បរិស្ថាន សន្តិសុខ និង ដើរបានជឿនលឿនជាង តម្រូវការប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល»។
ក្រៅពីមតិសាទរ ក៏មានយោបល់មួយចំនួនទៅកាន់អភិបាលខេត្តថ្មី ចូលរួមដោះស្រាយបញ្ហាផងដែរ។ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Longdy Chea បានរៀបរាប់ថា៖ «សូមលោកពូជួយរៀបចំសណ្តាប់ធ្នាប់តាមផ្សារត្រី និងបន្លែ ក្នុងក្រុងតាខ្មៅផងព្រោះខាងសណ្តាប់ធ្នាប់យកផ្លូវសាធារណៈធ្វើតូបឱ្យអាជីវករលក់ស្ទើរអស់ផ្លូវជិះនិងដើរហើយ»។ រីឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Wattanac Dawuth សរសេរថា៖«ខ្ញុំប្រជាពលរដ្ជខេត្តកណ្តាលសូមស្វាគមន៍ឯកឧត្តម ចំពោះវត្តមានដ៏កក់ក្តៅ ក្នុងខេត្តកណ្តាល។ ហើយសង្ឃឹមថាផ្លូវក្រោយជាប់សាលាខេត្តកណ្តាល នឹងលែងលិចទឹកទៀតហើយត្រឹមវត្តមានឯកឧត្តម»។
សូមបញ្ជាក់ថា លោក គង់ សោភ័ណ្ឌអតីតអភិបាលខេត្តកណ្ដាលត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ មិថុនាផងដែរ៕