ជាតិ
ប៉េអឹមរើសពលទាហានថ្មី១ ០០០នាក់! ឱកាសសម្រាប់យុវជនកម្ពស់១,៧០ម៉ែត្រឡើង និងលក្ខខណ្ឌផ្សេងៗ
04, Jun 2024 , 10:54 am        
រូបភាព
រូបថតពីហ្វេសប៊ុកកងរាជអាវុធហត្ថលើផ្ទៃប្រទេស
រូបថតពីហ្វេសប៊ុកកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដោយ: រួបរួម
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ប៉េអឹម) បានប្រកាសជ្រើសរើសយោធិន ១ ០០០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ។ យុវជនដែលមានបំណងចូលបម្រើការងារប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិ ត្រូវបានស្វាគមន៍ឱ្យដាក់ពាក្យ ដោយឥតគិតប្រាក់។



សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ស៊ិន សូផាន្នី ប្រធានអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បេក្ខជនអាចទទួលយកឯកសារ និងដាក់ពាក្យសុំចុះឈ្មោះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តដែលខ្លួនរស់នៅ ដោយការចែកពាក្យប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី២១ ខែមិថុនា និងទទួលពាក្យពីថ្ងៃទី១៧ ខែមិថុនា ដល់​ទី៥ ខែកក្កដា។

បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ហើយនៅលីវ និងមានអាយុពី១៨ ទៅ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។ មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ, មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ គឺជាលក្ខណៈសម្បត្តិ ចាំបាច់ដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យ។

ចំពោះកម្រិតវប្បធម៌ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ។ កម្ពស់ចាប់ពី១,៧០ម៉ែត្រឡើងទៅ ជាលក្ខខណ្ឌចាំបាច់សម្រាប់តួនាទីជាមន្ត្រីប៉េអឹម ហើយបេក្ខជនក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដូចជាឈាម កាយសម្បទា និងទឹកមូត្រ ផងដែរ។

ជាមួយគ្នានេះ អនុគណៈកម្មការជ្រើសរើស បានផ្តល់លេខមន្ត្រី៣រូប ដើម្បីឆ្លើយតប និងដោះស្រាយក្នុងករណីមានភាពមិនប្រក្រតី។ មន្ត្រីទាំងបីរូបនោះ រួមមាន លោក អេង ហ៊ី (០៨៨ ៨២៣ ៤៥៦៨), លោក អ៊ុល ចាន់សុភក្តិ (០១២ ២៧៨ ៨៧០) និងលោក សៅ ចន្ទគ្រឹស្នា (០៧១ ៣៣៣ ៧៧៧៧)៕



© រក្សាសិទ្ធិដោយ thmeythmey.com