កីឡាអន្តរជាតិ
អន្តរជាតិ
Yamal តាមស្មើកំណត់ត្រា Ronaldo ជាកីឡាករវ័យក្មេង Asisst ២លើកនៅពានអឺរ៉ុប
01, Jul 2024 , 10:29 pm        
រូបភាព
Lamine Yamal កីឡាករវ័យក្មេងប្រចាំព្រឹត្តិការណ៍ Euro 2024 តាមស្មើកំណត់ត្រាដ៏អស្ចារ្យមួយ ដែលកាន់ដោយ Cristiano Ronaldo នៅក្នុងការប្រកួតដែលអេស្ប៉ាញ បានបំបាក់ក្រុមហ្ស៊កហ្ស៊ី លទ្ធផល ៤-១ តាមរយៈការបញ្ជូនបាល់ Asisst ឱ្យដៃគូសម្រេចទីមួយគ្រាប់នៅការប្រកួតនោះ។



កីឡាករបាល់ទាត់វ័យក្មេងដ៏ពូកែរូបនេះ ត្រូវបានចាត់ទុកជាកម្លាំងដ៏សំខាន់បំផុតមួយ ក្នុងប្រព័ន្ធលេងនៃការដឹកនាំរបស់លោក Luis de la Fuente ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួត Euro 2024។ អេស្ប៉ាញប្រចាំការប្រកួត ពួកគេក៏កំពុងតែកាន់កាប់កំណត់ត្រាឈ្នះទាំង ៤លើក ជាមួយស្ថិតិ ១០០ភាគរយ។
 
ការប្រកួតទល់ហ្ស៊កហ្ស៊ី រាត្រីចូលថ្ងៃទី១ ខែកក្កដា អេស្ប៉ាញសម្រុកសន្ធាប់គ្របដណ្តប់ លើហ្ស៊កហ្ស៊ី ស្របពេលក្រុមចំណូលថ្មីមានឱកាសវាយបក ១លើក ជា ២លើក ប៉ុណ្ណោះ។ ពេញ ៩០នាទី អេស្ប៉ាញ មានឱកាសស៊ុតសំដៅទី ៣៥ជើង និងសម្រេចគោលដៅ ៤គ្រាប់ ខណៈហ្ស៊កហ្ស៊ី ស្ទើរតែគ្មានបាល់លេងទាល់តែសោះ ទោះមាន ១គ្រាប់ បញ្ចូលទីលើអេស្ប៉ាញ ពីការធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ Robin le Normand។
 
គ្រាប់បាល់ពីកីឡាករ Rodri, Fabian Ruiz, Nico Williams និង Dani Olmo នាំយកជ័យជម្នះសម្រាប់អេស្ប៉ាញ មុនពេលដែលគ្រូបង្វឹកបង្ហាញអារម្មណ៍ថាក្រុមលោកគួរឈ្នះលទ្ធផល ៨-១ ឯណោះ។ ផ្តោតលើការលេងរបស់ Yamal វ័យ ១៦ឆ្នាំ និងជាកីឡាករក្មេងជាងគេប្រចាំការប្រកួត រូបគេបានបង្ហាញទម្រង់លេងមួយដ៏ពិសេសបំផុត នៅការប្រកួតនោះ។ 
 
Yamal បានបង្កើតឱកាសទាត់បាល់លើកសំដៅទៅតំបន់មុខប្រអប់ទីរបស់ហ្ស៊កហ្ស៊ី ហើយការបញ្ជូនបាល់លើអាកាសនោះទៀតសោត ត្រូវបានកីឡាករ Fabian Ruiz ជាអ្នកបញ្ចប់ដោយការតែតបញ្ចូលទីបានយ៉ាងល្អ។ ការបញ្ជូននោះក៏ជាលើកទី២ ផងដែរ នៅក្នុងព្រឹត្តិការណ៍ Euro 2024 ដែលជាការបង្ហាញខ្លួនលើកដំបូង សម្រាប់ Yamal។
 
បើតាមស្ថិតិរបស់ OptaJoe ការបញ្ជូនបាល់នោះ បានធ្វើឱ្យ Yamal ក្លាយជាកីឡាករយុវជនដំបូងបញ្ជូនបាល់បាន ២គ្រាប់ នៅការបង្ហាញខ្លួនលើកដំបូងនៅត្រឹមវ័យ ១៦ឆ្នាំ ដែលជាការតាមស្មើកំណត់ត្រា Cristiano Ronaldo ធ្វើបាន កាលពី Euro 2004 ពេលតារាសញ្ជាតិព័រទុយហ្កាល់បង្ហាញខ្លួនលើកដំបូង។អតីតកីឡាករក្រុម Manchester United និង Real Madrid ធ្វើបានកំណត់ត្រានេះនៅវ័យ ១៩ឆ្នាំ៕

Tag:
 Lamine Yamal
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com