កីឡាជាតិ
ជាតិ
កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥បណ្ដោះ​អាសន្ន នាព្រឹត្តិការណ៍ ​AUG លើកទី២១​
28, Jun 2024 , 6:59 pm        
រូបភាព
ពិធីបំពាក់មេដាយ រូបពី 21st AUG Youtube
ពិធីបំពាក់មេដាយ រូបពី 21st AUG Youtube
គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៥ បណ្ដោះអាសន្ន ក្នុ​ងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st Asean University Games ឬ 21st AUG) ដោយដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។ កីឡាករប៊ូល និងប៉េតង់កម្ពុជា ពុធយ៉ុន ច័ន្ទដារ៉ា ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាឯកត្ដជនបុរស។ ចំណែក កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ហៀង វិជ្ជនី ដណ្ដើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាឯកត្ដជននារី។ ព្រឹត្តិការណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី។

 
កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា អត្ដពលិកប៊ូល និងប៉េតង់កម្ពុជា២រូប ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១។ កីឡា ពុធយ៉ុន ច័ន្ទដារ៉ា ប្រកួតឈ្នះកីឡាករថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១៣ទល់៧ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាឯកត្តជនបុរស។ នេះគឺជាមេដាយមាសដំបូងគេ ដែលកម្ពុជា ឈ្នះពីព្រឹត្តិការណ៍ 21ST  AUG។
 
រីឯ កីឡាការិនី ហៀង វិជ្ជនី ធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយចាញ់កីឡាការិនីឥណ្ឌូនេស៊ី។ កីឡាការិនីកម្ពុជារូបនេះ បានឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៣ទល់២២ ក្នុងការដណ្ដើមេដាយសំរឹទ្ធ។
  
ពិធីបំពាក់មេដាយ រូបពី 21st AUG Youtube

ដោយឡែក កាលពីថ្ងៃទី២៦ ខែមិថុនា កញ្ញា កែវ វ៉ាន់ឌឿន កីឡាការិនីយូដូកម្ពុជា ដណ្ដើមបាន មេដាយប្រាក់១ លើប្រភេទទម្ងន់ ៤៨គីឡូក្រាម។
 
21st AUG មានប្រទេសចូលរួម១១ ក្នុងនោះមាន ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ, ព្រុយណេ, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ទីម័រខាងកើត និងវៀតណាម។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ បានដាក់២១ប្រភេទកីឡា។ ដោយឡែក កម្ពុជា បានបញ្ជូនប្រតិភូកីឡាថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី គ្រូបង្វឹក សរុប ៤៥នាក់។ កម្ពុជា ប្រកួតលើ ៦ប្រភេទកីឡា មានដូចជា៖ កីឡាប៉េតង់, តេក្វាន់ដូ WT, ការ៉ាតេ, អត្ដពលកម្ម, ហែលទឹក និងយូដូ៕
 
រូបពី 21 AUG



Tag:
 21st AUG
  កីឡាសាកលវិទ្យាល័យអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com