អន្តរជាតិ
ប្រធានប្រតិបត្តិ Huawei៖ ឆ្នាំ២០២៤ ជាការចាប់ផ្តើមយុគទូរសព្ទដៃប្រើប្រាស់បញ្ញាសិប្បនិម្មិត
29, Jun 2024 , 9:56 am        
រូបភាព
ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei លោក David Wang (ក្នុងរង្វង់)។ រូបភាព Huawei និង Thien Phearin
ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei លោក David Wang (ក្នុងរង្វង់)។ រូបភាព Huawei និង Thien Phearin
ក្រុងសៀងហៃ ប្រទេសចិន៖ ឆ្នាំ២០២៤ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមនៃសម័យទូរសព្ទដៃបំពាក់បញ្ញាសិប្បនិម្មិត។ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei លោក David Wang បានបញ្ជាក់បែបនេះ នៅក្នុងវេទិកា MWC Shanghai 2024 នៅថ្ងៃទី២៦ ខែមិថុនា ដោយបន្តថា ក្រុមហ៊ុន Huawei នឹងបន្តពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា 5.5G ឬ5G-A លើប្រព័ន្ធអ៊ីនធឺណិត (Network) សម្រាប់បញ្ញាសិប្បនិម្មិត និងបញ្ញាសិប្បនិម្មិតសម្រាប់ប្រព័ន្ធអ៊ីនធឺណិត។

 
ក្រោមប្រធានបទ «Advancing 5.5G and Shaping the Mobile AI Era» លោក David Wang ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) បានលើកឡើងថា រយៈពេល ៥ឆ្នាំកន្លងមក បច្ចេកវិទ្យា 5G បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ហើយវាមានឥទ្ធិពលយ៉ាងខ្លាំងលើបច្ចេកវិទ្យាទូរសព្ទ។ សម្រាប់ឆ្នាំ២០២៤ ក្រុមហ៊ុន Huawei សន្យាបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា 5G-A។
 
«ឆ្នាំ២០២៤ បានបញ្ជាក់ពីការចាប់ផ្តើមនៃទូរសព្ទដៃបំពាក់បញ្ញាសិប្បនិម្មិត ដោយសារតែការសម្ពោធដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G-A និងឧបករណ៍បំពាក់បញ្ញាសិប្បនិម្មិតផ្សេងទៀត»។ លោក David Wang បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកម្មវិធីមួយនៃវេទិកា Mobile World Congress (MWC) Shanghai 2024 នៅថ្ងៃទី២៦ ខែមិថុនា។ 
 
បច្ចេកវិទ្យា 5G-A ឬ5.5G ជាបច្ចេកវិទ្យាជំនាន់ថ្មីមួយ ដែលវាមានល្បឿងទាញយកទិន្នន័យលឿនជាង 5G ចំនួន ១០ដង, កែលម្អបទពិសោធន៍ក្នុងការលេងហ្គេម ការលក់អនឡាញ និងទស្សនាវីដេអូ រួមទាំងកាត់បន្ថយភាពលឿនយឺតរបស់អ៊ីនធឺណិតថែមទៀត។ ស្រប ពេលបច្ចេកវិទ្យាដើររហ័ស បញ្ញាសិប្បនិម្មិត ក៏ត្រូវបានចាប់អារម្មណ៍ខ្លាំងដែរ ហើយ ក្រុមហ៊ុនធំៗគ្រាក់ៗ បានវិនិយោគប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងកែលម្អប្រព័ន្ធកុំព្យូទ័រនេះ។ ប៉ុន្មានឆ្នាំចុងក្រោយសិប្បនិម្មិតជាច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងនោះមានដូចជា ChatGPT, Gemini, Ernie Bot, Merlin AI, Bring និងកម្មវិធីផ្សេងៗទៀត។ 
 
ដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿន រួមទាំងការលេចឡើងនៃបញ្ញាសិប្បនិម្មិត លោក David Wang បានប្តេជ្ញាអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតសម្រាប់បញ្ញាសិប្បនិម្មិត និងបញ្ញាសិប្បនិម្មិតសម្រាប់ប្រព័ន្ធអ៊ីនធឺណិត ស្របពេលបរិបទបច្ចេកវិទ្យា 5G ត្រូវបានអភិវឌ្ឍយ៉ាងរហ័ស។ បើតាមលោក David ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត និងដៃគូច្រើនជាង ៦០ បានប្រកាសផ្តល់សេវាបច្ចេកវិទ្យា 5.5G។ 
 
នៅថ្ងៃអនាគត មន្រ្តីក្រុមហ៊ុន Huawei រូបនេះ បានរំពឹងថា មនុស្សគ្រប់ៗរូប នឹងមានជំនួយការជាបញ្ញាសិប្បនិម្មិត ដែលត្រូវបានបំពាក់លើឧបករណ៍ផ្សេងៗ។ 
 
«មនុស្សគ្រប់គ្នា នឹងមានជំនួយការជាបញ្ញាសិប្បនិម្មិតនៅថ្ងៃអនាគត ដែលត្រូវបានបំពាក់លើទូរសព្ទដៃ វែនតា និងឧបករណ៍បំពាក់បញ្ញាសិប្បនិម្មិតផ្សេង»។ លោក David បានសង្កត់ធ្ងន់បែបនេះ ដោយបន្តប្រមើលថា បញ្ញាសិប្បនិម្មិត នឹងដើរតួនាទីលើសពីនេះទាំងនៅក្នុងការងារ ការកម្សាន្ត និងការសិក្សាជាដើម។ 


ស្តង់ពិព័រណ៍ទំហំធំរបស់ក្រុមហ៊ុន Huawei ដែលបង្ហាញពីបច្ចេកវិទ្យាទំនើបៗ នៅក្នុងវេទិកា MWC Shanghai 2024 នៅថ្ងៃទី២៧ ខែមិថុនា។ រូបភាព Thien Phearin
 
ដោយឡែកនៅក្នុងវិស័យឧស្សាហកម្មវិញ រោងចក្រទាំងអស់ នឹងបំពាក់ខួរក្បាល និងម៉ាស៊ីនប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលអាចរួមបញ្ជូលគ្នានៅក្នុងសកម្មភាពរបស់រោងចក្រ។ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei បានយល់ឃើញបែបនេះ។ 
 
ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនៅត្រង់ចំណុចនេះ លោក David Wang ចង់សំដៅដល់ ម៉ាស៊ីនប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលអាចរៀនសូត្រដោយខ្លួនឯងបាន, ឆ្លើយតបប្រកបដោយភាពត្រឹមត្រូវ, ការកែលម្អគុណភាព និងប្រសិទ្ធភាពច្រវាក់ផលិតកម្ម រួមទាំងការត្រួតពិនិត្យគុណភាព និងការដឹកជញ្ជូន។ 
 
នៅក្នុងកម្មវិធីដោយឡែកមួយទៀតមុនពេលរៀបចំវេទិកា MWC Shanghai 2024 ក្នុងថ្ងៃទី២៥ ខែមិថុនា លោក Eric Zhao អនុប្រធាន និងជាប្រធានផ្នែកទីផ្សារនៃអ៊ីនធឺណិតឥតខ្សែរបស់ក្រុមហ៊ុន Huawei បានប្រកាសពីផែនការដាក់បញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធអ៊ីនធឺណិត (Network)។ តាមមន្រ្តីក្រុមហ៊ុន Huawei រូបនេះ នៅក្នុងដំណាក់កាលដំបូង ក្រុមហ៊ុននឹងផ្តើមពីវិស្វករចំនួន ១០០០នាក់ នៅក្នុងទីក្រុងចំនួន ៥ ក្រោមកិច្ចសហការពីដៃគូចំនួន ៥ លើវេបសាយចំនួន ១ម៉ឺន។ 
 
ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធអ៊ីនធឺណិតបែបនេះ គឺជួយសន្សំសំចៃថាមពល, ស្ថិរភាពអ៊ីនធឺណិត, បង្កើតការបំពេញប្រតិបត្តិការឱ្យបានខ្ពស់បំផុត រួមទាំងជំរុញឧស្សាហកម្មអ៊ីនធឺណិតទៅក្នុងយុគថ្មីមួយទៀត។
 
តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei ចំនួនអ្នកប្រើប្រាស់បច្ចេកវិទ្យាមានលើស ១,៨ពាន់លាននាក់ នៅទូទាំងពិភពលោក។ ចំនួនដ៏ធំសម្បើមនេះ អាចធ្វើឱ្យក្រុមហ៊ុនអ៊ីនធឺណិតអាចទាញប្រយោជន៍ពីអ្នកប្រើប្រាស់ ដែលប្រើបច្ចេកវិទ្យាការហៅទូរសព្ទជំនាន់ថ្មី (New Calling), ទូរសព្ទបំពាក់បច្ចេកវិទ្យា Cloud និងបច្ចេកវិទ្យា 3D ជាដើម។ 
 
សូមបញ្ជាក់ថា ក្នុងវេទិកា MWC Shanghai 2024 ដែលរៀបចំពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមិថុនា បច្ចេកវិទ្យា 5.5G និងលើសពីនេះ, បញ្ញាសិប្បនិម្មិត, ការរក្សាទិន្នន័យនៅក្នុង Cloud រួមទាំងសម្ភារបច្ចេកវិទ្យាផ្សេងទៀត បានក្លាយជាប្រធានបទដ៏សំខាន់ ដែលមេដឹកនាំក្រុមហ៊ុនធំៗដូចជា Huawei បានលើកយកមកជជែក និងដោះស្រាយ។ វេទិកា MWC Shanghai 2024 ត្រូវបានរៀបចំសហការដោយក្រុមហ៊ុន GSMA ជាមួយក្រុមហ៊ុន Huawei និងក្រុមហ៊ុនផ្សេងទៀត៕ 
 
 

Tag:
 ចិន
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com