សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមទទួលទេសចរអន្តរជាតិជាង ៨,៨លាននាក់ នៅឆមាសទី១
29, Jun 2024 , 7:59 pm        
រូបភាព
រូបភាព ៖ TTXVN
រូបភាព ៖ TTXVN
នៅឆមាសទី១ ឆ្នាំនេះ ចំនួនភ្ញៀវទេសចរសរុបទៅកាន់វៀតណាមបានកើនឡើងដល់ជាង ៨,៨លាននាក់ ស្មើនឹង ១៥៨ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន និងកើនឡើងបន្តិចបើធៀបគ្រាដូចគ្នានឹង ៨,៤៥លាននាក់ក្នុងឆ្នាំ ២០១៩។

 
ទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា បង្ហាញថា ចំនួនភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាសមានជាង ៧,៤លាននាក់ និងតាមច្រកដែនគោកមាន ១,២៦លាននាក់ និងនៅសេសសល់តាមផ្លូវទឹក។ 
 
ចំនួនភ្ញៀវទៅវៀតណាមក្នុងរយៈពេលពាក់កណ្តាលឆ្នាំសម្រេចបាន ៥០ភាគរយនៃគោលដៅប្រចាំឆ្នាំចន្លោះពី ១៧-១៨ លាននាក់។ រដូវកាលទេសចរណ៍អន្តរជាតិទៅកម្សាន្តនៅវៀតណាមច្រើន គឺចាប់ពីខែតុលាដល់ខែមេសា។  
 
កូរ៉េខាងត្បូងនៅតែជាទីផ្សារធំជាងគេ ដែលមកកម្សាន្តនៅវៀតណាមក្នុងឆ្នាំនេះ ជាមួយនឹងភ្ញៀវទេសចរចំនួន ២,២៨លាននាក់ក្នុងរយៈពេល ៦ខែឆ្នាំនេះ។ ចិនជាប់ចំណាត់ថ្នាក់លេខ២ ដោយមានអ្នកទៅកម្សាន្តជិត១,៩លាននាក់។ ចំណែកទីផ្សារទេសចរកំពូលទាំង ១០ ដែលនៅសេសសល់រួមមាន តៃវ៉ាន់ ជប៉ុន អាម៉េរិក អូស្ត្រាលី ឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី និងកម្ពុជា។
 
បើតាមអគ្គនាយកដ្ឋានវៀតណាម ចំណូលនៃការនាំចូលសេវាកម្ម ៦ខែឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ ១៦,១១ពាន់លានដុល្លារ កើនឡើង ២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះសេវាកម្មដឹកជញ្ជូនកើនដល់ ៦,៩ពាន់លានដុល្លារ (ស្មើនឹង ៤២,៧នៃចំណូលសរុប) កើន ១៨,៦ភាគរយ និងសេវាកម្មទេសចរណ៍កើនដល់ ៤,៩ពាន់លានដុល្លារ(ស្មើនឹង ៣០,៤ភាគរយនៃចំណូលសរុប) កើនឡើង ៥២,៩ភាគរយ៕
 

Tag:
 វៀតណាម
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com