RFI
អន្តរជាតិ
បារាំងបើកជំនួបកំពូលពិភពលោកដើម្បីអធិបតេយ្យភាពថ្នាំបង្ការនៅអាហ្វ្រិក ![បារាំងបើកជំនួបកំពូលពិភពលោកដើម្បីអធិបតេយ្យភាពថ្នាំបង្ការនៅអាហ្វ្រិក AFP - SIMON MAINA](https://image.thmeythmey.com/pictures/2024/06/20/20620241733download.jpg)
បារាំងបើកជំនួបកំពូលពិភពលោកដើម្បីអធិបតេយ្យភាពថ្នាំបង្ការនៅអាហ្វ្រិក AFP - SIMON MAINA
×![]()
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ប្រធានាធិបតី ធ្វើជាអធិបតីបើកជំនួបកំពូលពិភពលោក ដើម្បីអធិបតេយ្យភាពនិងនវានុវត្តន៍ថ្នាំបង្ការ នៅទី ២០មិថុនា២០២៤ ។ សហការផ្តួចផ្តើមឡើងដោយសហភាពអាហ្វ្រិកនិងសម្ព័ន្ធវ៉ាក់សាំង ព្រមទាំងប្រទេសបារាំងក្នុងនាមសហភាពអឺរ៉ុប ជំនួបកំពូលចង់ពន្លឿនការផលិតថ្នាំបង្ការនៅអាហ្វ្រិកនិងដើម្បីអាហ្វ្រិក។
ប្រមុខរដ្ឋ-រដ្ឋាភិបាលនិងតំណាងរដ្ឋនៅអាហ្វ្រិកជាច្រើនប្រទេស ក្រុមឧស្សាហកម្មឱសថ សង្គមស៊ីវិលនិងអង្គការអន្តរជាតិព្រមទាំងម្ចាស់អំណោយផង បានមកជួបជុំគ្នានៅទីក្រុងប៉ារីស នាថ្ងៃព្រហស្បតិ៍ទី ២០មិថុនានេះ ក្នុងជំនួបកំពូលពិភពលោកដើម្បីអធិបតេយ្យភាពនិងនវានុវត្តន៍ថ្នាំបង្ការ ដែលផ្តួចផ្តើមឡើងដោយសម្ព័ន្ធវ៉ាក់សាំង សហភាពអាហ្វ្រិកនិងបារាំង។ក្នុងនាមអឺរ៉ុប លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានធ្វើជាអធិបតីបើកជំនួបកំពូលនេះ។
សម្រាប់សម្ព័ន្ធវ៉ាក់សាំង (Gavi) ដែលជាអង្គការអន្តរជាតិបង្កើតឡើងនៅឆ្នាំ២០០០ ក្នុងទម្រង់ជាការចងភ្ជាប់ដៃគូរដ្ឋនិងឯកជន ក្រុមហ៊ុនឧស្សាហកម្ម អង្គការអន្តរជាតិនិងមូលនិធិផៀងៗ កម្មវត្ថុដំបូងនៃជំនួប គឺប្រមូលមូលនិធិសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ សម្ព័ន្ធវ៉ាក់សាំង បានបញ្ចៀសមរណភាពបាន១៧លាននាក់ តាមរយៈសមត្ថភាពចរចាជាមួយអ្នកផលិតថ្នាំបង្ការ ជួយរដ្ឋនៅអាហ្វ្រិកឱ្យមានថ្នាំបង្ការចាក់ក្នុងតម្លៃថោក ការពារកុមារបានជាង១ពាន់នាក់ ប្រឆាំងនឹងជំងឺកញ្ជ្រិល រលាកសួត ក្អកមាន់ ខាន់ស្លាក់ តេតាណូស ឬគ្រុនស្វិតដៃជើង។ ពេលនេះ សម្ព័ន្ធចង់ចាក់ថ្នាំបង្ការលើកុមារឱ្យបាន១ពាន់លាននាក់បន្ថែមទៀត ក្នុងរយៈពេលតិចជាងមុនពាក់កណ្តាលផង និងមានថ្នាំបង្ការថ្មីប្រឆាំងនឹងជំងឺគ្រុនចាញ់ ឬមហារីកកស្បូន ដែលជាមូលហេតុចម្បងនៃមរណភាពរបស់ស្ត្រី នៅអាហ្វ្រិក។ ការដំឡើងស្តុកវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនលឿង អាសន្នរោគ និអេបូឡា ក៏មានចំណែកក្នុងផែនការថ្មីនេះដែរ។
ជំនួបកំពូលដើម្បីអធិបតេយ្យភាពថ្នាំបង្ការ ក៏មានកម្មវត្ថុចង់បង្កើតឱ្យមានយន្តការហិរញ្ញវត្ថុថ្មីមួយ សម្រាប់ពន្លឿនការផលិតវ៉ាក់សាំងនៅអាហ្វ្រិក ដើម្បីអភិវឌ្ឍឧស្សាហកម្មនេះនៅលើទ្វីបអាហ្វ្រិកតែម្តង។ បច្ចុប្បន្ននេះ អាហ្រ្វិកមានសមត្ថភាពផលិតថ្នាំបង្ការត្រឹមប្រមាណ២%នៃសេចក្តីត្រូវការរបស់ខ្លួនតែប៉ុណ្ណោះ ហើយនាំចូលថ្នាំបង្ការដល់ទៅជាង៩៨%។ ដូច្នេះក្នុងករណីមានរោគរាតត្បាតផ្ទុះឡើង ឧទាហរណ៍ជំងឺរាតត្បាតសកលកូវីដ១៩ អាហ្វ្រិកបានទទួលវ៉ាក់សាំងក្រោយគេ។ កង្វះថ្នាំបង្ការប្រឆាំងនឹងជំងឺអាសន្នរោគនាពេលថ្មីៗនេះ បានចុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ទៀតអំពីផលវិបាកដ៏ធ្ងន់ធ្ងររបស់អាហ្វ្រិកដែលគ្មានអធិបតេយ្យភាពវ៉ាក់សាំង។
សូមរំលឹកថា គម្រោងលើកឡើងក្រោយវិបត្តិកូវីដ សម្រាប់អាហ្វ្រិក ពុំទាន់កើតចេញជារូបរាងទេ។ នៅកេនយ៉ា ក្រុមហ៊ុនឱសថអាមេរិកម៉ូឌែនណា បានបោះបង់ផែនការផលិតវ៉ាក់សាំងកូវីដនៅអាហ្វ្រិកហើយ។ អាជ្ញាធរកេនយ៉ាសង្ឃឹមត្រឹមអាចមានរោងចក្រច្រកថ្នាំបង្ការប្រឆាំងជំងឺរបេង គ្រុនស្វិតដៃជើង និងអ៊ុតស្វាយនៅ៥ខាងមុខឯណោះ។ ក្រុមហ៊ុនអាល្លឺម៉ង់ គ្រោងនឹងផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដ គ្រុនចាញ់ និងរបេង នៅរវ៉ាន់ដា តែមិនដឹងចាប់ផ្តើមនៅថ្ងៃណាទេ។ អាហ្វ្រិកនឹងមានររោងចក្រផលិតវ៉ាក់សាំងប្រឆាំងកញ្ជ្រិល តែទំនងត្រូវរង់ចាំពីរបីឆ្នាំទៀត ទើបលេចគម្រោងច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com