ក្រុមប្រឹក្សានាយក នៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី២០ មិថុនា បញ្ជាក់ថា កញ្ចប់ហិរញ្ញប្បទាននេះ មានប្រភពពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។
ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពីហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជា ក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «បន្ទាប់ពីបានស្តារខ្លួនចេញពីផលជះនៃជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ក្រោយមកទៀត ពេលនេះកម្ពុជា កំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួន ឆ្ពោះទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចថេរ មានគុណភាពខ្ពស់។»។
លោកស្រី បានបន្ថែមទៀតថា៖ «ឥណទានថ្មីនេះនឹងជួយជំរុញភាពប្រកួតប្រជែងនៃផ្នែកឯកជន ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល និងផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះបំផុត។»។
ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះកំណើនជាលើកដំបូង ក្នុងរយៈ២៥ឆ្នាំ ហើយការធ្លាក់ចុះនេះមានសភាពធំធេងគួរសម នៅក្នុងចំណោមតំបន់អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ចបានស្តារស្ថានភាពប្រសើរឡើងវិញហើយ ប៉ុន្តែកំណើនរបស់វានៅតែមិនទាន់អាចវិលទៅរកកម្រិតនៅមុនមានការផ្ទុះជំងឺរាតត្បាត នៅឡើយទេ។
បើតាមធនាគារពិភពលោក ស្ថានភាពនេះនៅកម្ពុជា ជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ នៃបែបផែនកំណើនរបស់ប្រទេស។ បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់កម្ពុជារួមមាន ផលិតភាពមានកំណើនខ្សោយ, ការអភិវឌ្ឍននៃមូលធនមនុស្សនៅមានកម្រិតទាប, និងឧបសគ្គដល់ការបង្កើត និងការប្រកួតប្រជែងរបស់ធុរកិច្ចឯកជន។ សេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើផលិតផល, ទីផ្សារនាំចេញ និងធនធានហិរញ្ញប្បទាន ដែលជាហេតុធ្វើឱ្យមានការរងការប៉ះទង្គិចពីសំណាក់ស្ថានការណ៍អង្រួនកន្ត្រាក់ណាស់។ ប្រទេសនេះក៏ងាយរងគ្រោះពីផលជះនៃការប្រែប្រួលអាកាសធាតុដែរ ជាពិសេសទឹកជំនន់ និងភាពរាំងស្ងួត។
ឥណទានថ្មី នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ជំនួយនេះ នឹងជួយបង្កើតបរិយាកាសអំណាយផល ដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន, បិទអាជីវកម្ម និងការប្រកួតប្រជែងដោយត្រឹមត្រូវយុត្តិធម៌។
ផ្នែកឯទៀតនៃឥណទាននេះ នឹងជួយពង្រឹងភាពធន់នៃសារពើពន្ធ តាមរយៈការកែលម្អភាពប្រសិទ្ធផល នៃចំ ណាយ, សម្រាលហានិភ័យនៃចំណាយមូលធន និងបង្កើនភាពជាដៃគូរវាងរដ្ឋ និងឯកជន និងពង្រឹងសមត្ថភាពកៀរគរហិរញ្ញប្បទានរបស់រដ្ឋាភិបាល តាមរយៈសញ្ញាបណ្ណជាតិ។ នេះបើតាមធនាគារពិភពលោក ដែលបានបន្ថែមទៀតថា ឥណទានថ្មី នឹងជួយសម្រួលផងដែរ ការផ្តល់ជំនួយសង្គ្រោះឱ្យបានទាន់ពេលវេលា កាន់តែទូលំទូលាយ ដល់ក្រុមគ្រួសារងាយរងគ្រោះ ក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអង្រួនកន្ត្រាក់សេដ្ឋកិច្ច, កែលម្អបទប្បញ្ញត្តិបរិស្ថាន និងលើកកម្ពស់ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ។
តាមការព្យាករពីស្ថាប័នជាតិ និងអន្តរជាតិ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងទៀត ក្នុងរង្វង់៦ភាគរយ សម្រាប់ឆ្នាំ២០២៤។
សូមរំឭកថា កាលពីដើមខែមិថុនានេះ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនប្រសើរឡើង គឺក្នុងរង្វង់ ៥,៨ភាគរយនៅឆ្នាំ២០២៤ កើនឡើងបន្តិច បើធៀបនឹងកំណើន ៥,៦ភាគរយ ក្នុងឆ្នាំ២០២៣។ ស្ថាប័ននេះ ក៏បានព្យាករកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ នឹងមានកំណើនកាន់តែប្រសើរទៀត គឺក្នុងកម្រិត៦,១ភាគរយ និង៦,៤ភាគរយរៀងគ្នា។ ភាពប្រសើរឡើង នៃការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាសូចនាករជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងរយៈពេលប៉ុន្មានខាងមុខបន្តបន្ទាប់នេះ។ នេះបើតាមធនាគារពិភពលោក៕