RFI
អន្តរជាតិ
អ.ស.ប.៖ ពលរដ្ឋជាងកន្លះផែនដីព្រួយនឹងមហន្តរាយនៃការប្រែប្រួលអាកាសធាតុ ![អ.ស.ប.៖ ពលរដ្ឋជាងកន្លះផែនដីព្រួយនឹងមហន្តរាយនៃការប្រែប្រួលអាកាសធាតុ Getty Images – brazzo](https://image.thmeythmey.com/pictures/2024/06/21/screenshot_2024-06-21_at_5_25_56_in_the_afternoon.png)
អ.ស.ប.៖ ពលរដ្ឋជាងកន្លះផែនដីព្រួយនឹងមហន្តរាយនៃការប្រែប្រួលអាកាសធាតុ Getty Images – brazzo
×![]()
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ប្រជាពលរដ្ឋនៅលើពិភពលោកព្រួយបារម្ភកាន់តែខ្លាំងឡើងៗ នឹងមហន្តរាយនៃការប្រែប្រួលអាកាសធាតុ ដែលបានស្តែងកាន់តែច្បាស់ឡើងៗ និងរំកិលមកកាន់តែកៀកខ្លួនមនុស្ស។ បើតាមការអង្កេតពិភពលោករបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី ២០មិថុនានេះ មនុស្សជាតិកន្លះផែនដីរស់ក្នុងកង្វល់អាកាសធាតុ និងជាង៨០% ចង់ឃើញរដ្ឋាភិបាលនីមួយៗបញ្ចេញសកម្មភាពនយោបាយច្បាស់លាស់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឡើងកម្តៅអាកាសធាតុនៃភពផែនដី។
ដើម្បីបានយល់អំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះមនុស្សជាតិ កម្មវិធីសហប្រជាជាតិដើម្បីអភិវឌ្ឍUNDP សាកលវិទ្យាល័យOxfordអង់គ្លេស និងវិទ្យាស្ថានស្ទង់មតិGeoPoll បានបើកអង្កេតរយៈពេល៨ខែ ជា៨៧ភាសា នៅក្នុង៧៧ប្រទេសដែលតំណាងឱ្យ៨៧%នៃប្រជាជនសរុបនៅលើពិភពលោក។
ជាលទ្ធផល ប្រជាពលរដ្ឋភាគច្រើន ក្នុងកំរិតដល់ទៅ៨០% ចង់ឃើញប្រមុខដឹកនាំប្រទេសខ្លួន មាននយោបាយប្រឹងប្រែងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដី ហើយដើរចេញយ៉ាងឆាប់រហ័សពីភាពរំពឹងលើថាមពលផូស៊ីល។ សម្រែកអំពាវនាវនេះ លាន់ឮកាន់តែខ្លាំងមែននៅតាមបណ្តាប្រទេសក្រីក្រជាងគេនៅលើពិភពលោក គឺ៨៩%ទល់នឹង៧៦%នៅក្នុងប្រទេសជាសមាជិកហ្សេ២០ និង៧៣%នៅចិនឬតែ៦៦%នៅសហរដ្ឋអាមេរិក។
សម្រាប់អ្នកទទួលខុសត្រូវអាកាសធាតុនៃកម្មវិធីសហប្រជាជាតិដើម្បីអភិវឌ្ឍ Cassie Flynn នេះជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា មនុស្សជាតិនៅលើភពផែនដីចង់បានសកម្មភាពដ៏ក្លាហានមួយពីរដ្ឋាភិបាលខ្លួន។ រដ្ឋាភិបាលដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ត្រូវប្រគល់ផែនការកំណត់កម្មវត្ថុកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក យ៉ាងយូរត្រឹមឆ្នាំ២០២៥។ ប្រជាពលរដ្ឋគាំទ្រឱ្យរដ្ឋាភិបាលបញ្ចេញសកម្មភាពអាកាសធាតុ ព្រោះតែខ្លាច។ ព្រោះតែបានដឹងនិងបានឃើញផលវិបាកនៃការប្រែប្រួលអាកាសធាតុនៅនឹងមុខទៅហើយ។ នេះបើតាមអ្នកទទួលខុសត្រូវUNDPដដែល។
ការភ័យខ្លាចមានយ៉ាងជាក់ស្តែង និងប៉ះពាល់ដល់សេចក្តីសម្រេចធំៗក្នុងជីវិតគ្រួសារផង សម្រាប់៦៩%នៃពលរដ្ឋលើផែនដី។ បើតាមការស្ទង់មតិពិភពលោកនេះ ៥៦%នៃមនុស្សជាតិបានអះអាងថាគិតខ្វល់អំពីការឡើងកំដៅសីតុណ្ហភាពជារៀងរាល់សប្តាហ៍ ជួនជារៀងរាល់ថ្ងៃតែម្តងផង។ កង្វល់កើនឡើងកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ឬបើប្រៀបទៅឆ្នាំមុន សម្រាប់ប្រជាពលរដ្ឋចំនួន៥៣%។ ប្រទេសដែលមានកំណើននៃក្តីព្រួយបារម្ភខ្លាំងជាងគេ គឺប្រទេសកោះហ្វីជី (៨០%) អាហ្វហ្កានីស្ថាន(៧៨%) ម៉ិកស៊ិកនិងតួកគី (៧៧%) ហើយខ្វល់តិចជាងគេគឺអារ៉ាប៊ីសាអូឌីត (តែ២៥%) ចិន (៣៩%) និងរុស្ស៊ី (៣៤%)៕
© រក្សាសិទ្ធិដោយ thmeythmey.com