ជាតិ
សេដ្ឋកិច្ច
តម្បាញ ជាមុខរបរតជំនាន់ របស់គ្រួសារអ្នកស្រី ម៉េន លនអេង អ្នកស្រី ម៉េន លនអេង អ្នកតម្បាញមួយរូប ក្នុងភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រូបភាព ស៊ុល រ៉វី៕
× តាកែវ៖ តម្បាញជាមុខរបរប្រពៃណីតជំនាន់របស់ជីដូន ម៉េន លនអេង អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ មិនអាចត្បាញបានដូចមុន អ្នកភូមិស្នួលខ្ពស់រូបនេះ នៅតែបន្តជំនាញទៅកូនរបស់ខ្លួន ដើម្បីថែរក្សាប្រពៃណីតម្បាញ និងជាប្រភពប្រាក់ចំណូលរបស់គ្រួសារខ្លួន។ អ្នកស្រី លនអេង មើលមិនឃើញពីអនាគតនៃរបរប្រពៃណីនេះឡើយ ដោយសារតម្លៃហូលធ្លាក់ចុះ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖
ពីជីដូន មកម្ដាយ, អ្នកស្រី ម៉េន លនអេង បានបន្តចែករំលែកជំនាញនេះ ទៅកូន និងចៅៗ ក្រោមឈ្មោះជាអ្នកតម្បាញ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ស្ថិតក្នុងវ័យ៦៨ឆ្នាំ ជីដូនរូបនេះ មិនអាចអង្គុយលើកីតម្បាញខ្លួនបានទៀតឡើយ ដោយសារបញ្ហាដៃ និងភ្នែកមើលមិនច្បាស់ដូចមុន បានត្រឹមជួយការងារស្រាលៗ ក្នុងច្រវ៉ាក់សិប្បកម្មតម្បាញកូនៗ។
ការមិនបោះបង់ជំនាញតម្បាញនេះ ព្រោះវាជាមុខរបរបង្កើតប្រភពប្រាក់ចំណូលប្រចាំរបស់គ្រួសារអ្នកស្រី ក្រៅពីធ្វើស្រែ។ មួយវិញទៀត ជំនាញនេះ ជាមុខរបរចិញ្ចឹមគ្រួសារអ្នកស្រី ច្រើនជំនាន់រួចមកហើយ ដូច្នេះអ្នកស្រី មិនចង់ឱ្យបាត់បង់ឡើយ ។
«សម្រាប់អ៊ំគិតថា ការងារតម្បាញនេះប្រជាជនខ្មែរយើងមួយចំនួនមិនអាចធ្វើបានទេ។ ម្លោះហើយមិនចង់ឱ្យបាត់ប្រពៃណីរបស់ខ្មែរ ពីយាយតាពីមុនមក។ អ៊ីចឹងប្រាប់កូន ឱ្យចេះតែធ្វើទៅបើទោះចំណេញតិច ឬច្រើនក៏ដោយចេះតែធ្វើទៅ បើគេលែងទិញចាំយករកដង្ហើមតទៅទៀត»។ នេះជាសម្ដីជីដូន លនអេង ប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗ ដែលបានជួបសំណេះសំណាលជាមួយអ្នកស្រី នៅក្នុងលំនៅដ្ឋាន ស្ថិតនៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប។
បើតាមអ្នកស្រី លនអេង បច្ចុប្បន្ននេះ តម្លៃហូលកំពុងធ្លាក់ថ្លៃ ខណៈវត្ថុធាតុដើមដូចជា សូត្រ និងពណ៌ជ្រលក់សូត្រ នៅតែតម្លៃដដែល ។ អ្នកស្រី លន អេង មើលមិនឃើញពីអនាគតរបរដូនតានេះឡើយ ដោយសារដង្ហើមនៃរបរនេះ គឺអាស្រ័យលើតម្រូវការលើទីផ្សារ និងការគាំទ្រពីអ្នកនិយមប្រើប្រាស់៕
Tag:
ThmeyThmey
តម្បាញ
ស្រុកព្រៃកប្បាស
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com