RFI
អន្តរជាតិ
UN/ONU៖ ដរាបណាគ្មានការប្រសើរឡើងផ្នែកសិទ្ធិស្ត្រី​ ​អាហ្វហ្កានីស្ថាននឹងបន្តនៅក្រៅសហគមន៍អន្តរជាតិ
24, Jun 2024 , 8:29 am        
រូបភាព
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
អស់រយៈពេល​ប្រមាណ​ជិត​៣ឆ្នាំហើយ ដែល​ក្រុម​តាលីបង់ បានត្រលប់​មកគ្រប់គ្រងអំណាចវិញនៅអាហ្វហ្កានីស្ថាន​។ សិទ្ធិសេរីភាពជាទូទៅ​​ និងជាពិសេសគឺសិទ្ធិស្ត្រី​ បានរួញខើចកាន់តែខ្លាំង​ ក្រោម​នឹមអំណាចនយោបាយ​​អ៊ីស្លាម​ផ្តាច់ការតាលីបង់។ កាលពីពេលថ្មីៗនេះ​ អង្គការសហប្រជាជាតិ បាន​បញ្ជាក់ឲ្យដឹងថា អាហ្វហ្កានីស្ថាននឹងមិនអាចត្រឡប់ចូលសហគមន៍អន្តរ​ជាតិវិញបានទេ ដរាបណា​ការគោរពសិទ្ធិស្ត្រី​ នៅតែមិនប្រសើរឡើងនៅអាហ្វហ្កានីស្ថាន​។

ក្រុមតាលីបង់បានវិលត្រលប់មកកាន់អំណាចវិញនៅអាហ្វហ្កានីស្ថាន ជិត​៣ឆ្នាំហើយ ហើយ​រហូតមកទល់ពេលនេះ គ្មានប្រទេស​ណាមួយទទួលស្គាល់ជាផ្លូវការ​ នូវរបបដឹកនាំនេះទេ។ ចាប់តាំងពីចូលកាន់អំណាចវិញ របបដឹកនាំបែបអ៊ីស្លាមផ្តាច់ការនេះ បាន​ចេញវិធានការជាច្រើនបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាពិសេសគឺបំបិទសិទ្ធិ​សេរីភាព​ស្ត្រី។
 
អង្គការសហប្រជាជាតិ បានចាត់ទុក​គោលនយោបាយ​របស់​ក្រុមតាលីបង់ ថាជាគោល “នយោបាយរើសអើង បែងចែក ភេទ”។ ការគោរពសិទ្ធិស្ត្រីគឺជា​ចំណុចដ៏សំខាន់​មួយ ដែល​អង្គការសហប្រជាជាតិ​ មានការខ្វែងគំនិតគ្នាជាមួយ​នឹងរដ្ឋាភិបាលរបស់​ក្រុមតាលីបង់​។ តំណាងអង្គទូតទាំងអស់ដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បាន​រួមគ្នា​ផ្ញើសារបញ្ជាក់ថា ដរាបណាការគោរពសិទ្ធិស្ត្រីនៅអាហ្វហ្កានីស្ថាន នៅតែមិនប្រសើរឡើងទេ គេមិនអាចទទួលឲ្យ​អាហ្វហ្កានីស្ថានត្រឡប់ចូលសហគមន៍អន្តរជាតិវិញបានទេ។
 
នៅ​ក្រុមប្រឹក្សាសន្តិសុខ​ លោកស្រី Rosa Otounbaïeva ប្រធានបេសកកម្ម​អាហ្វហ្កានីស្ថាន​នៃអង្គការសហប្រជាជាតិ បាន​រៀប​រាប់អំពីវិធាន​ការទាំងឡាយ ដែល​រដ្ឋអំណាចតាលីបង់បាន​ដាក់ចុះ ហើយ​​ដែល​មានខ្លឹមសារបំបិទ​សិទ្ធិសេរីភាពស្ត្រីអាហ្វហ្កានីស្ថាន​។ ក្រៅពីគ្មានសិទ្ធិលេងកីឡា និងចូលក្នុងសួនសាធារណៈ ស្ត្រីអាហ្វហ្កានីស្ថាន មិនអាច​មានសិទ្ធិទិញលេខទូរស័ព្ទប្រើប្រាស់ ប្រសិន​បើគ្មានសមាជិក​គ្រួសារភេទប្រុសជាអ្នកទិញឲ្យ។ បន្ថែមពីនេះ ស្ត្រីអាហ្វហ្កានីស្ថានមិនអាចធ្វើដំណើរឆ្លងកាត់ពីក្រុងមួយទៅក្រុងមួយទៀតបានទេ ប្រសិនបើគ្មានសមាជិកគ្រួសារភេទប្រុសម្នាក់ទៅជាមួយ។ ពោលគឺស្ត្រីអាហ្វហ្កានីស្ថាន ត្រូវដាក់​ឲ្យស្ថិតនៅ ក្រោម​​របបអំណាចអាណាព្យាបាលរបស់បុរសទាំងស្រុង​។ កុមារី​អាហ្វហ្កានីស្ថាន​អាចរៀនត្រឹមតែថ្នាក់បឋមសិក្សាប៉ុណ្ណោះ មិន​អាចបន្តរហូតដល់​ថ្នាក់មធ្យមសិក្សា ឬឧត្តមសិក្សាបានទេ។
 
គួរបញ្ជាក់ដែរថា កាលពីឆ្នាំទៅមិញ សហគមន៍អន្តរជាតិបានចាប់ផ្តើម​យន្តការ​ដើម្បីជួយ​ពង្រឹង​ការគោរពសិទ្ធិមនុស្សនៅអាហ្វហ្កានីស្ថាន។ ដោយ​មានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ​ការចរចា​ត្រូវបាន​រៀបចំឡើងនៅឯទីក្រុងដូហា និងដោយ​មាន​​​តំណាងអង្គការសង្គមស៊ីវីល​អាហ្វហ្កានីស្ថាន​ចូលរួមដែរ​។ ការចរចានៅជុំទី១ កាលពីខែឧសភាឆ្នាំ​២០២៣ ក្រុមតាលីបង់ត្រូវបាន​អង្គការសហប្រជាជាតិ​ដកឈ្មោះចេញមិន​ឲ្យ​ចូលរួម ហើយចំណែក​ការចរចានៅជុំទី​២វិញ ក្រុមតាលីបង់បានបដិសេធមិនចូលរួម ដោយទាមទារថាមានតែសមាជិកក្រុមខ្លួនប៉ុណ្ណោះ ដែលអាច​តំណាងអាហ្វហ្កានីស្ថាន​។
 
សម្រាប់ការចរចានៅជុំទី៣ដែលគ្រោងធ្វើឡើងនៅថ្ងៃទី​៣០ខែមិថុនាខាងមុខ​ រដ្ឋាភិបាលក្រុម​លីបង់បានអះអាងថា គេនឹងទៅចូលរួមតាមការគ្រោងទុក។ តែទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា ទោះបីរដ្ឋាភិបាល​​របស់​​ក្រុមតាលីបង់ នឹង​មានវត្តមានចរចានៅទីក្រុងដូហាក៏ដោយ ក៏មិនមែនមានន័យថាសហគមន៍អន្តរជាតិ ទទួលស្គាល់នូវភាពស្របច្បាប់ របស់រដ្ឋាភិបាលនេះដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com