ជាតិ
បន្ទាប់ពីសេះសមុទ្រ! ខេត្តកំពត សង់នាឡិកា​យក្ស​កម្ពស់៣៥ម៉ែត្រ
28, Jun 2024 , 8:19 pm        
រូបភាព
រដ្ឋបាលខេត្តកំពត កំពុងសាងសង់«នាឡិកា​យក្ស»​កម្ពស់​៣៥ម៉ែត្រ បន្ទាប់ពីរូបសំណាក​សេះ​សមុទ្រ បានទាក់ទាញទេសចរយ៉ាងគគ្រឹកគគ្រេងរួចទៅហើយ។ សំណង់«នាឡិកា​យក្ស»​នេះ គ្រោងបញ្ចប់​នៅមុនខែធ្នូខាងមុខ ដែលខេត្តកំពតជាម្ចាស់ផ្ទះបុណ្យ​សមុទ្រ​ឆ្នាំ និងការស្វាគមន៍អ្នកទេសចរ នៅថ្ងៃចូលឆ្នាំសកល។



លោក សយ​ ​ស៊ី​ណុ​ល​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានបញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មី នៅថ្ងៃទី២៨ មិថុនាថា នាឡិកា​យក្សនេះ មានទំហំ៩,៧ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ រំលេច​ដោយលេខនិង​រចនាបថ​ខ្មែរ​។ សំណងនេះ បានដំណើរការសាងសង់ហើយ នៅត្រើយខាង​លិច​ព្រែក ទល់មុខសាលាខេត្តកំពត ដែលមានចម្ងាយប្រហែល៥០០ម៉ែត្រ ពីខាងត្បូង រូប​សំណាក់សេះសមុទ្រ។
 
នាឡិកា​យក្ស ផលិតផលទេសចរណ៍ថ្មីរបស់ខេត្តកំពត បន្ទាប់ពីជោគជ័យលើការសាងសង់​រូប​​សំណាក់សេះសមុទ្រ។ សមិទ្ធផល​ថ្មី​នេះ​ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ​មក​កម្សាន្ត​​​ខេត្តកំពត បន្ថែមទៀត។ នេះជាការលើកឡើងរបស់ លោក សយ​ ​ស៊ី​ណុ​ល ដោយ​បន្ថែម​ដូច្នេះថា៖«គោលបំណងយើងធ្វើនេះ គឺដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍។ ដូច្នេះ បើយើងបានបន្ថែម រូបនាឡិកា​យក្សក្នុងក្រុងកំពតមួយទៀត វានឹងបង្កើនភាពទាក់ទាញ​ភ្ញៀវទេសចរកាន់ច្រើន»។ 


 
 បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះ ក្រោយដាក់ដំណើរការរូបសំណាក​សេះ​សមុទ្រ ខេត្តកំពតទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់៥ម៉ឺននាក់ ក្នុងមួយសប្ដាហ៍ ធៀបនឹង​ពេល​កន្លងទៅ មានត្រឹម២ ទៅ៣ម៉ឺននាក់ប៉ុណ្ណោះ។ គិតត្រឹមដំណាច់ខែមិថុនានេះ ខេត្ត​កំពត ទទួលបានភ្ញៀវទេសចរប្រមាណ ១.៣លាននាក់ កើនឡើង២៩ភាគរយ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ៦៤ ០០០នាក់ កើនឡើង៥២ភាគរយ។ 
 
​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា​ខេត្តកំពត អាណត្តិទី៤ កាលពីថ្ងៃទី២៥ មិ​ថុ​នា​ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្ត បានជ្រើស​យក​ការអភិវឌ្ឍវិស័យទេសចរណ៍មុនគេ ដើម្បីពង្រឹងសេដ្ឋកិច្ចខេត្ត និងផលប្រយោជន៍​​ពលរដ្ឋ​។ 
 
កំពត គឺជាខេត្តចំណាស់ ដែលមានសក្ដានុពលទេសចរណ៍ជាច្រើនផ្នែក ដូចជាសមុទ្រ ព្រៃ​ភ្នំ ទឹកជ្រោះ សំណង់បេតិកភណ្ឌ និងទេសចរណ៍បែបជំនឿសាសនា រួមបញ្ចូលទាំងដំណាំ​កសិកផលល្បីល្បាញជាច្រើនទៀត ដូចជា ទុរេន និងម្រេច ជាដើម៕ 

Tag:
 នាឡិកា​យក្ស
  រដ្ឋបាលខេត្តកំពត
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com