ជាតិ
អាជ្ញាធរអប្សរា ថានឹងប្រើផ្លូវច្បាប់លើបុគ្គល ភឿន សុភាព ដែលលួចសង់សំណង់ខុសច្បាប់
29, Jun 2024 , 8:39 pm        
រូបភាព
ផ្លូវបេតុង និងស្រះទឹក ដែលសង់ខុសច្បាប់ដោយបុគ្គលិក ភឿន សុភាព។
ផ្លូវបេតុង និងស្រះទឹក ដែលសង់ខុសច្បាប់ដោយបុគ្គលិក ភឿន សុភាព។
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងប្រើផ្លូវច្បាប់លើបុគ្គលឈ្មោះ ភឿន សុភាព មានតួនាទីជាមន្រ្តីនគរបាល ទាក់ទងនឹងករណីសាងសង់សំណង់ខុសច្បាប់ និងការប្រឌិតព័ត៌មានតាមបណ្ដាញសង្គម។

 
អាជ្ញាធរជាតិអប្សរាតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៨ មិថុនា បានសរសេរថា សំណង់ដែលមានម្ចាស់ឈ្មោះ ភឿន សុភាព មុខរបរជាមន្រ្តីនគរបាល ស្ថិតនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប បានលួចសាងសង់កាលពីពេលថ្មីៗ ក្នុងនោះមានកឥដ្ឋធ្វើស្ពាន និងជីកស្រះខុសច្បាប់ កៀកនឹងប្រាសាទកោះហូរ ដែលស្ថិតនៅតំបន់ការពារទី១នៃរមណីយដ្ឋានអង្គរ។ ជុំវិញសកម្មភាពចុះរុះរើកាលពីថ្ងៃទី២៧ មិថុនានោះ គឺធ្វើឡើងក្រោយអនុវត្តន៍នូវនីតិវិធីពាក់ព័ន្ធ នឹងសំណង់ខុសច្បាប់នេះ ហើយផ្លូវបេតុងខាងលើ ជាផ្លូវឯកជន មិនមែនសម្រាប់ប្រើប្រាស់ទូទៅឡើយ។ 
 
ការឆ្លើយតបបែបនេះរបស់អាជ្ញាធរជាតិអប្សរា បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ មិថុនា ដោយលើកឡើងថា ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់របស់អាជ្ញាធរជាតិអប្សរា ចុះរុះរើផ្លូវបេតុងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខាងលើ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមការពារសកម្មភាពខុសច្បាប់ ដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ និងព្រលឹងជាតិខ្មែរ។ 


លោក ភឿន សុភាព (អង្គុយលើអង្រឹង) នៅពេលក្រុមការងារអប្សរាចុះយកលិខិតឱ្យបញ្ឈប់សកម្មភាពសង់សំណង់ខុសច្បាប់នៅក្នុងខែ មេសា។ 
 
បន្ថែមពីនេះ ជាវិធានការបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងបន្តសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ហើយបន្តអនុវត្តន៍វិធានការច្បាប់ ក៏ដូចជារៀបចំសំណើរទៅស្ថាប័ន គ្រប់គ្រងបុគ្គល ភឿន សុភាព ដើម្បីអនុវត្តន៍វិធានការរដ្ឋបាល និងវិធានច្បាប់នានា។ នេះបើតាមខ្លឹមសារ សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាដដែល។ 
 
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ សុំការមិនបកស្រាយទាញខាងណាខុស ឬខាងណាត្រូវនោះទេ លោកគ្រាន់តែស្នើឱ្យពលរដ្ឋយោគយល់ និងគោរពច្បាប់ទាំងអស់គ្នា ស្របពេលដែលស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យពីបញ្ហានេះ។ លោក លី វណ្ណៈ៖« អ្វីដែលខេត្តធ្វើ គឺស្នើសុំប្រជាពលរដ្ឋកុំធ្វើអំពើដែលខុសច្បាប់រដ្ឋ និងចូលរួមសហការថែរក្សាសម្បត្តិបេតិកភណ្ឌទាំងអស់គ្នា បញ្ហាផ្សេងៗយើងរួមគ្នាដោះស្រាយ ព្រោះថ្នាក់ដឹកនាំខេត្ត អជ្ញាធរអប្សរា និងស្ថាបន័ពាក់ពន្ធ័ កំពុងពិនិត្យមើលពីបញ្ហាទាំងនេះ»។
 
បើតាមការអះអាងរបស់មន្រ្តីអាជ្ញាធរជាតិអប្សរា សំណង់ខុសច្បាប់ខាងលើធ្លាប់ត្រូវបានកម្លាំងអាជ្ញាធរជាតិអប្សរា ចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៣លើកមកហើយនៅកំឡុងខែ មេសា។ មិនត្រឹមតែមិនបញ្ឈប់ទេ ម្ចាស់សំណង់ខាងលើថែមទាំងបង្កើនសកម្មភាព និងផ្សព្វផ្សាយលើបណ្ដាញសង្គម ពីគម្រោងបើកភោជនីយដ្ឋាន ដោយគ្រោងដាក់ឈ្មោះថា «ភោជនីយដ្ឋានបារមីប្រាសាទកោះហូរ» ថែមទៀត៕
 

Tag:
 សំណង់ខុសច្បាប់
  តំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com