ជាតិ
គយ ដុតកម្ទេចសាច់បង្កកជាង៤តោន លួចនាំចូលពីថៃ និងវៀតណាម
× សាច់បង្កកដែលឈ្មួញលួចនាំចូលពីថៃ និងវៀតណាមប្រមាណ ៤៣២៩គីឡូក្រាម ត្រូវ បាន មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្រ្កាបនិងដុតបំផ្លាញចោល កាលពីថ្ងៃទី២៩ ខែមិថុនា។
តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់គយ បំណែកសាច់បង្កកទាំងនេះ រួមមាន មឹក ១ ២១០គីឡូក្រាម, ពោះវៀនជ្រូក ១៩៧០គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម និងចុងស្លាបមាន់ ២២៥ គីឡូក្រាម។ ទំនិញគ្មានច្បាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចដកហូតពីឈ្មួញលួចនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង និងពីប្រទេសវៀតណាម តាមមាត់ច្រករបៀង។
សូមជម្រាបថា វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកបណ្ដោះអាសន្ន សម្រាប់រយៈពេល៦ខែ ដែលចេញដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចូលជាធរមានតាំងពីថ្ងៃទី១២ ខែមីនា និងបញ្ចប់នៅថ្ងៃទី ១២ ខែកញ្ញា។ ផលិតផលដែលត្រូវបានហាមឃាត់ រួមមាន អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន , ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com