ព្រឹត្តិការណ៍ UEFA Euro 2024 បន្តការប្រកួតនៅក្នុងរាត្រីថ្ងៃទី១ ខែកក្កដានេះ ដោយ ២គូ នឹងត្រូវបន្តប្រកួតប្រជែងគ្នា ស្វែងរកកៅអីឆ្លងទៅកាន់វគ្គ ៨ក្រុម។ ជំនួបគីឡូធ្ងន់ បារាំង និងបែលហ្ស៊ិក ស្ថិតក្នុងកីឡដ្ឋាន Dusseldorf វេលាម៉ោង ១១យប់ មុនពេលដែលជើងខ្លាំងព័រទុយហ្កាល់ ត្រូវប្រជែងជាមួយស្លូវេនី វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
ជំនួបរវាងបារាំង ទល់បែលហ្ស៊ិក អាចចាត់ទុកថាជាគូប្រកួតដ៏ពិសេសមួយ ប្រចាំវគ្គ ១៦ក្រុម នៃព្រឹត្តិការណ៍ Euro 2024។ នោះក៏ព្រោះថាវាជាការប្រកួតនេះ ដ៏ពិបាកស្មានពីលទ្ធផល ខណៈបារាំង ដែលធ្លាប់ត្រូវបានគេរំពឹងថា នឹងបំបាក់ប៉ូឡូញ ឈរកំពូលតារាងពូល D បែរជាបញ្ចប់ត្រឹមស្មើ ១-១។ ចំណែកបែលហ្ស៊ិក ក៏បានត្រឹមស្មើ ០-០ ការប្រកួតចុងក្រោយវគ្គចែកពូល ឈរជាក្រុមលេខ ២ប្រចាំពូលដូចគ្នា ហើយមកជួបគ្នានៅវគ្គ ១៦ក្រុម។
ការប៉ះគ្នាត្រឹមវគ្គ ១៦ក្រុម នេះ ក៏នឹងក្លាយជាជំនួបដ៏ពិសេសបំផុត ដោយក្រុមលំដាប់ខ្ពស់ពិភពលោក បារាំងលេខ ២ និងបែលហ្ស៊ិកកម្រិតលេខ ៣ ត្រូវតតាំងគ្នាដណ្តើមកៅអីវគ្គ ៨ក្រុម។ ទាំងសងខាង សុទ្ធសឹងតែជាក្រុមកំពុងជួបបញ្ហាផ្នែកទម្រង់លេង និងវិបត្តិនៃការ បញ្ចប់ទី ត្រង់តំបន់ប្រយុទ្ធ ស្ទើរតែដូចគ្នា។
បារាំង ជាក្រុមដែលគ្រប់គ្រងការប្រកួតល្អជាង ខណៈបែលហ្ស៊ិក ហាក់ត្រូវការស្វែងយល់ចិត្តគ្នាបន្ថែមទៀត ពីតំបន់បម្រើ ទៅកាន់តំបន់ប្រយុទ្ធ។ ជំនួបចុងក្រោយបំផុតរបស់ក្រុមទាំងពីរនេះ កើតឡើងកាលពីឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ UEFA Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបារាំងយកឈ្នះលទ្ធផល ៣-២។
សម្រាប់ប្រកួតក្នុងរាត្រីវិញ បារាំងត្រូវបានគេរំពឹងថា នឹងអាចបង្កើតកម្លាំងបន្ថែមនៅតំបន់ប្រយុទ្ធ ដោយរួមមានវត្តមានរបស់កីឡាករវ័យចំណាស់ Olivier Giroud អមដោយតំបន់ស្លាបទាំងសងខាង មានប្រធានក្រុម Kylian Mbappe និង Antoine Griezmann។
បែលហ្ស៊ិក ក៏ត្រូវការកីឡាករមុតស្រួច ក្នុងតំបន់ប្រយុទ្ធ ដើម្បីបញ្ចប់ទី ស្វែងរកគ្រាប់បាល់ ខណៈបច្ចុប្បន្ន Romelu Lukaku តែម្នាក់ឯងនៅតំបន់ប្រយុទ្ធ ដែលធ្វើឱ្យការសម្រេចទី ក្លាយជារឿងលំបាក។ កន្លងមក ការស៊ុតរបស់គេ ៣លើក តែងត្រូវបដិសេធ ដោយប្រព័ន្ធ VAR ពីជំហរ Offside និងបាល់ប៉ះដៃជាដើម។
សម្រាប់ការប្រកួតនៅវេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ស្ថិតក្នុងកីឡដ្ឋាន Deutsche Bank Park ព័រទុយហ្កាល់ រំពឹងយកឈ្នះ ដោយភាពងាយស្រួល លើស្លូវេនី ដើម្បីកៅអីវគ្គ ៨ក្រុមចុងក្រោយ។ ព័រទុយហ្កាល់ចំណោម ១៨ប្រកួត ចុងក្រោយមកនេះ ពួកគេរងបរាជ័យត្រឹមតែ៣លើក ប៉ុណ្ណោះ ហើយការចាញ់ចុងក្រោយគឺនៅវគ្គចែកពូល ភ្លាត់ស្នៀតរបូត ២គ្រាប់ ទៅឱ្យក្រុមហ្ស៊កហ្ស៊ី។
ស្លូវេនី វិញការប្រកួតវគ្គចែកពូល ៣លើកកន្លងមក ពួកគេទប់ទល់ការប្រកួតទាំងនោះ មិនឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី មិនលើសពីស្ថិតិ ២,៥គ្រាប់ឡើយ។ ព័រទុយហ្កាល់ និងស្លូវេនី ធ្លាប់ជួបគ្នាតែមួយលើកប៉ុណ្ណោះ ប្រចាំប្រវត្តិសាស្រ្ត ដោយការប្រកួតមិត្តភាព ហើយស្លូវេនី ដើរចេញដោយជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល លទ្ធផល ២-០ កាលពីខែមីនា។ យ៉ាងណារាត្រីនេះ ព័រទុយហ្កាល់ រំពឹងធំពីការប្រកួតមួយនេះ។
សម្រាប់ការប្រកួតទល់ស្លូវេនី កីឡាករសំខាន់មួយចំនួន ដូចជា Pepe, Bruno Fernandes, Ruben Dias, Bernardo Silva, Vitinha និង Joao Cancelo ជាដើមនឹងត្រូវបន្តចាប់ផ្តើមក្នុងជម្រើស ១១នាក់ដំបូងរបស់ព័រទុយហ្កាល់ ក្រោយការសម្រាកបន្ទាប់ពីចាញ់ហ្ស៊កហ្ស៊ី។ ខ្សែប្រយុទ្ធដ៏លេចធ្លោមួយទៀត Rafael Leao ក៏ត្រឡប់មកវិញ ក្រោយជាប់ពិន័យ ១ប្រកួត ខណៈស្លូវេនី មានក្តីបារម្ភចំពោះកីឡាករសំខាន់ៗ មានបញ្ហារបួស និងជាប់ពិន័យ។
យ៉ាងណាក៏ដោយ ការប្រកួតនៅរាត្រីនេះទៀតសោត បើមើលតាមស្ថិតិការប្រកួតរបស់ស្លូវេនី ៩លើកចុងក្រោយ ពួកគេក៏ជាក្រុមមិនងាយឱ្យរបូតគ្រាប់បាល់ ចាញ់ការប្រកួតដូចគ្នាដែរ។ រឿងនេះ នឹងធ្វើឱ្យក្រុមព័រទុយហ្កាល់ លំបាកទម្លុះសំណាញ់ទីក្រុមស្លូវេនី៕