សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ត្រឹម៦ខែនៃឆ្នាំ២០២៤ ថៃនាំចេញអង្ករបាន ៥លានតោន
01, Jul 2024 , 3:00 pm        
រូបភាព
កសិករថៃប្រមូលផលស្រូវ ។ រូបភាព ៖ AFP
កសិករថៃប្រមូលផលស្រូវ ។ រូបភាព ៖ AFP
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ ថៃបាននាំចេញអង្ករ ៥លានតោ​ន។ ប្រធានសមាគមអ្នកនាំចេញអង្ករថៃ​ បានបញ្ជាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៣០ ខែមិថុនា។ យ៉ាងណាមិញ នៅត្រីមាសទី៣​ ការនាំចេញបង្ហាញសញ្ញាថមថយ ព្រោះតម្លៃខ្ពស់ជាងដៃគូប្រជែង ការពន្យាពេលបញ្ជាទិញ ស្របពេលអង្ករវៀតណាម ឥណ្ឌា និងប៉ាគីស្ថានកំពុងវាយលុកទីផ្សារ។

 
ថៃជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ក្នុងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ និងប្រទេសក្នុងតំបន់។ 
 
ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​មាន​សន្ទុះ​ខ្លាំង​នៅ ​៥​ខែ​​ឆ្នាំ​នេះ។ បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងគយថៃ អង្ករចំនួន៤,០៥លានតោនត្រូវបាននាំចេញ កើនឡើងខ្លាំងធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៣,៤៨ លានតោន។ 
 
នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមអ្នកនាំចេញអង្ករថៃរំពឹងថា ការនាំចេញអង្កររបស់ថៃនឹងលើសពីគោលដៅប្រចាំឆ្នាំចំនួន ៧,៥លានតោន ដែលអាចឈានដល់ ៨លានតោន ធៀបនឹង ៨,៧លានតោនដែលបាននាំចេញក្នុងឆ្នាំ ២០២៣។
 
លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានលើកឡើងថា ថៃបាននាំចេញអង្ករប្រហែល ៥លានតោនក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដោយសារមានតម្រូវការអង្ករពិភពលោកខ្ពស់ ព្រោះមានការបារម្ភសន្តិសុខស្បៀងពីប្រទេសជាច្រើន។  
 
បើតាមលោក Chookiat ការធ្លាក់ថ្លៃប្រាក់បាតចន្លោះពី ៣៦-៣៧បាតក្នុងមួយដុល្លារ ក៏បានជួយកែលម្អការប្រជែងតម្លៃ ខណៈការហាមឃាត់នាំចេញអង្ករបស់ឥណ្ឌានៅតែបន្ត។ 
 
កន្លង​មក មាន​ការ​បញ្ជា​ទិញ​អង្ករ​ថៃ​ច្រើន​បាន​ជំរុញ​ឱ្យ​តម្លៃ​អង្ករ​ក្នុង​ស្រុក និង​នាំ​ចេញ​ឡើង​ថ្លៃ។ តម្លៃអង្ករស ៥ភាគរយដែលជាប្រភេទនាំចេញច្រើនជាងគេរបស់ថៃ ជាមធ្យមថ្លៃ ៦៤៩ដុល្លារ និង៦៣០ដុល្លារក្នុងមួយតោនសម្រាប់ខែឧសភា និងមិថុនារៀងគ្នា។ 
 
ទន្ទឹមនេះ តម្លៃជាមធ្យមសម្រាប់ស្រូវមិនទាន់កែច្នៃដែលកសិករអាចលក់បានគឺប្រមាណ ៣០០ដុល្លារក្នុងមួយតោន ដែលចាត់ទុកថាជាតម្លៃខ្ពស់ជំរុញឱ្យកសិករបន្តដាំស្រូវដើម្បីទទួលបានអត្ថប្រយោជន៍ពីលក្ខខណ្ឌអំណោយផល។
 
«​រយៈពេល​ ៦ខែ​ ​យើង​បាន​នាំ​ចេញ​អង្ករ​ប្រហែល ៥លាន​តោន​រួច​ហើយ​។ ការប្រកួតប្រជែងខ្លាំងក្នុងចំណោមអ្នកនាំចេញ ដើម្បីទិញអង្ករសម្រាប់នាំចេញបានជំរុញឱ្យតម្លៃក្នុងស្រុកកើនឡើង។ យ៉ាងណាមិញ ការបញ្ជាទិញថ្មីបានក្លាយទៅជាខ្វះខាត ដោយសារតម្លៃរបស់យើងខ្ពស់ជាងអ្នកប្រកួតប្រជែង បណ្តាលឱ្យត្រីមាសទី៣ អាចស្ងប់ស្ងាត់នៅទូទាំងទីផ្សារទាំងអស់»។ កាសែតថៃ The Nations បានស្រង់សម្តីលោក Chookiat Ophaswongse បែបនេះ ដោយចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា។ 
 
លោក Chookiat បន្ថែមថា ការផលិតអង្ករក្នុងបណ្តាប្រទេសដៃគូប្រជែងដូចជា វៀតណាម ឥណ្ឌា ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាមានភាពប្រសើរឡើង ដែលនាំឱ្យអង្ករកាន់តែច្រើននៅក្នុងទីផ្សារពិភពលោក។ ឥណ្ឌាក៏បានបង្ហាញពីការវិលត្រឡប់ទៅរកការនាំចេញអង្ករសនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ ដែលនឹងប្រជែងដណ្តើមចំណែកទីផ្សារ ហើយទំនងជាជំរុញឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ ដែលអាចធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះផងដែរ។ 
 
នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ឥណ្ឌូណេស៊ី​ជា​ប្រទេស​នាំ​ចូល​អង្ករ​កំពូលរបស់​ថៃ ដោយ​នាំ​ចូល​អង្ករ​ស​ប្រមាណ ១លាន​តោន។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ីក៏​បាន​ប្រកាស​ពី​ផែនការ​នាំ​ចូល​អង្ករ​ចំនួន ៣,៦ លាន​តោន​ក្នុង​ឆ្នាំ​នេះ ជា​ចម្បង​ពី​ប្រទេស​វៀតណាម និង​ថៃ ព្រម​ទាំង​ប៉ាគីស្ថាន មីយ៉ាន់ម៉ា និង​កម្ពុជាដែរ។ នេះបើតាមការបញ្ជាក់របស់លោក Chookiat ៕ 

Tag:
 ថៃ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com