សង្គមអន្តរជាតិ​
អន្តរជាតិ
ចិនអភិវឌ្ឍឆ្កែយន្ត ដើម្បីជួយនាំផ្លូវមនុស្សពិការភ្នែក
01, Jul 2024 , 10:59 pm        
រូបភាព
ឆ្កែយន្តនាំផ្លូវដាក់សាកល្បងនៅទីក្រុងសៀងហៃ។ រូបភាព ៖ សាកលវិទ្យាល័យ Shanghai Jiaotong
ឆ្កែយន្តនាំផ្លូវដាក់សាកល្បងនៅទីក្រុងសៀងហៃ។ រូបភាព ៖ សាកលវិទ្យាល័យ Shanghai Jiaotong
ក្រុមអ្នកស្រាវជ្រាវមួយនៅទីក្រុងសៀងហៃ កំពុងបង្កើតឆ្កែយន្តនាំផ្លូវដែលមានជើង៦ ដើម្បីជួយមនុស្សពិការភ្នែកធ្វើដំណើរកាន់តែងាយស្រួល។ ឆ្កែយន្តនេះ អាចកំណត់អត្តសញ្ញាណជុំវិញរបស់វាដោយប្រើកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ដូចជាការសម្គាល់ភ្លើងចរាចរណ៍។

 
ឆ្កែយន្តប្រភេទនេះមានទំហំប៉ុនឆ្កែពិត អាចប្រើបញ្ញាសិប្បនិម្មិត ដើម្បីប្រាស្រ័យជាមួយអ្នកដោះស្រាយ ក៏ដូចជាគូសផែនទីផ្លូវធ្វើដំណើរ និងចាប់ភ្លើងសញ្ញាចរាចរណ៍។ វាមានជើងចំនួន៦ ដែលជួយឱ្យវាដើរបានស្រាល និងរឹងមាំ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវ។ 
 
សាស្ត្រាចារ្យ លោក Gao Feng ប្រធានក្រុមស្រាវជ្រាវនៅសាលាវិស្វកម្មមេកានិកនៃសាកលវិទ្យាល័យ Jiaotong ក្នុងទីក្រុងសៀងហៃបានលើកឡើងថា ៖« នៅពេលដែលវាលើកជើងទាំង៣ ឡើងលើ វានៅតែមានជើង៣ ទៀតសម្រាប់ទប់លំនឹងដូចជើងកាមេរ៉ា។ នេះជាទីតាំងដែលមានស្ថិរភាពបំផុត»។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា។
 
ប្តីប្រពន្ធមួយគូ គឺលោក Zhu Sibin អាយុ ៤២ឆ្នាំ និងលោកស្រី Li Fei អាយុ ៤១ឆ្នាំ ស្ថិតក្នុងចំណោមជនពិការភ្នែកដែលជួយក្រុមស្រាវជ្រាវសាកល្បងមនុស្សយន្តដោយប្រើពាក្យបញ្ជាជាភាសាចិន។ លោកស្រី Li ខ្វាក់ភ្នែកទាំងាសងខាង ចំណែកលោក Zhu មើលឃើញតែភាពងងឹត ជារឿយៗត្រូវប្រើបងឈើរំពត់នៅពេលដើរ។
 
«ប្រសិនបើឆ្កែយន្តនាំផ្លូវមនុស្សនេះ ត្រូវបានបញ្ចេញទៅកាន់ទីផ្សារ វានឹងជួយខ្ញុំដោះស្រាយបញ្ហាមួយចំនួននៅពេលធ្វើដំណើរតែម្នាក់ឯង ។ សម្រាប់ពេលនេះ ខ្ញុំមិនអាចទៅធ្វើការ មន្ទីរពេទ្យ ឬផ្សារទំនើបដោយខ្លួនឯងបានទេ ខ្ញុំត្រូវទៅជាមួយសាច់ញាតិ ឬអ្នកស្ម័គ្រចិត្ត»។ លោកស្រី Li បានបញ្ជាក់បែបនេះ។ 
 
ឆ្កែយន្តនាំមនុស្សយន្តក៏កំពុងត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសជាច្រើនផងដែរ ដូចជាអង់គ្លេស និងអូស្ត្រាលីជាដើម។ បើតាមសាស្ត្រាចារ្យ Gao តម្រូវការឆ្កែយន្តនៅចិនមានអត្រាខ្ពស់ណាស់ ដោយសារតែប្រទេសនេះមានសត្វឆ្កែនាំផ្លូវជាង ៤០០ក្បាលសម្រាប់មនុស្សពិការភ្នែកជិត២០លាននាក់។
 
ចំនួនសត្វឆ្កែនាំផ្លូវ ជាធម្មតាមានការលំបាកក្នុងការបង្កាត់ពូជ និងបង្ហាត់។ យ៉ាងណាមិញ លោក Gao បានបញ្ជាក់ថា ឆ្កែយន្តនាំផ្លូវអាចផលិតបានយ៉ាងច្រើនដូចជារថយន្ត។ «ខ្ញុំគិតថានេះជាទីផ្សារដ៏ធំមួយ ពីព្រោះមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោកប្រហែលជាត្រូវការឆ្កែយន្តនាំផ្លូវ»។ នេះបើតាមការបញ្ជាក់របស់លោក Gao៕

Tag:
 ឆ្កែយន្ត
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com