ជាតិ
កម្ពុជា និងកូរ៉េខាងត្បូង ពិភាក្សាគ្នាលើការពង្រឹងសមត្ថភាពមន្រ្តី
29, Jun 2024 , 5:59 pm        
រូបភាព
 លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជួប​ពិភាក្សាជាមួយ​លោក KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ។ រូបពី​ក្រសួង​មុខងារសាធារណៈ
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជួប​ពិភាក្សាជាមួយ​លោក KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ។ រូបពី​ក្រសួង​មុខងារសាធារណៈ
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយលោក KIM Seung Ho ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្លាស់ប្ដូរការសិក្សា។ ក្នុងជំនួបទ្វេភាគីនេះ ធ្វើឡើងនៅសាធាណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៧ មិថុនា។

 
ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២៧ ខែមិថុនា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវបទពិសោធន៍ការងារល្អៗ រវាងគ្នានិងគ្នា។
 
នាជំនួបខាងលើ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកយកនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា មកជម្រាបជូនរដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ពីការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្រៅពីនេះ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងពីការលើកកម្ពស់សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលមានក្រសួងមុខងារសាធារណៈកម្ពុជា ដើរតួនាទីដឹកនាំ និងសម្របសម្រួលផងដែរ។


រូបភាពពី​ក្រសួងមុខងារសាធារណៈ
 
តាមរយៈជំនួបទ្វេភាគីនេះ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីបច្ចេកទេសនៃក្រសួងទាំងពីរ បន្តទាក់ទង និងសម្របសម្រួល ដើម្បីអនុវត្តគម្រោងតាមកិច្ចព្រមព្រៀង ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដោយផ្ទាល់។
 
លើសពីនេះ ពិនិត្យលទ្ធភាពធ្វើកម្មវិធីផ្លាស់ប្តូរ (Exchange Program) ដោយបញ្ជូនមន្រ្តីបច្ចេកទេសជំនាញរៀងៗខ្លួនមកកម្ពុជា និងកូរ៉េ ដើម្បីសិក្សា និងដកស្រង់បទពិសោធទៅវិញទៅមកនៅក្នុងវិស័យមុខងារសាធារណៈ។ នេះបើតាមក្រសួងមុខងារសាធារណៈ៕ 
 

រូបភាពពី​ក្រសួងមុខងារសាធារណៈ


Tag:
 ក្រសួងមុខងារសាធារណៈ
  កូរ៉េ
  មន្រ្តីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com