កីឡាអន្តរជាតិ
អន្តរជាតិ
Prado ឈ្នះ​ម៉ារ៉ាតុនចម្ងាយឆ្ងាយ ​តែត្រូវដក​សិទ្ធិវិញ ដោយសារ​ទទួល​ទឹក​ពី​ឪពុក​ពេល​រត់
12, May 2024 , 7:59 am        
រូបភាព
Esteban Prado កីឡាកររត់ម៉ារ៉ាតុនចម្ងាយឆ្ងាយ ត្រូវបានដកសិទ្ធិពីការឈ្នះជើងឯកក្នុងកម្មវិធី Orange County Marathon ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកវិញ ដោយសារយកទឹកពីឪពុករបស់ខ្លួន អំឡុងពេលរត់ប្រណាំង។



Prado វ័យ ២៤ឆ្នាំ ជាកីឡាករដំបូងគេដែលបានឆ្លងផុតវគ្គបញ្ចប់ជាមួយនឹងថេរវេលា ២ម៉ោង ២៤នាទី និង៥៤វិនាទី​ លើរយៈចម្ងាយ ៤២គីឡូម៉ែត្រ ក្នុងកម្មវិធីរត់ម៉ារ៉ាតុន OCM កាលពីចុងសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ កាសែត New York Times ចុះផ្សាយថា ជ័យជម្នះរបស់ Prado មានបញ្ហា ដែលក្រោយមកត្រូវបានដកសិទ្ធិពីការឈ្នះនោះវិញ ក្រោយទទួលទឹកពីបុរសជិះកង់ ដែលជាឪពុកខ្លួន។
 
តាមច្បាប់កីឡាម៉ារ៉ាតុន ដែលបានចែងក្នុងសៀវភៅ Track & Field របស់អាម៉េរិក សរសេរថា «មានតែអ្នកដែលទទួលបានការអនុញ្ញាតក្នុងកម្មវិធី ទើបអាចផ្តល់ទឹក និងវត្តុរាវផ្សេងទៀត ដល់កីឡាករ អំឡុងពេលរត់តាមផ្លូវ»។ ​អ្នកចូលរួម​ប្រកួត​ប្រជែង​ដែលទទួល​អាហារ​ពី​កន្លែង​ផ្សេង ខុស​ពី​កន្លែង​ផ្តល់​ជូនរបស់អ្នករៀបចំ ​ត្រូវ​ទទួល​ខុសត្រូវ​នឹង​ការ​ដក​សិទ្ធិ​វិញ»។
 
លោក Garu Kutschar ដែលជានាយកកម្មវិធី Orange County Marathon ត្រូវបង្ខំចិត្តដកសិទ្ធិពីការឈ្នះពានរបស់ Prado បន្ទាប់ពីរូបគេ ទទួលជំនួយដោយគ្មានការអនុញ្ញាតពីបុគ្គលម្នាក់នៅលើកង់ ដែលបំពានច្បាប់ Track & Field និងបទប្បញ្ញត្តិរបស់កម្មវិធី។ លោក Kutschar ការដកនេះ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងសុចរិតភាព សម្រាប់ដៃគូប្រកួតប្រជែងទាំងអស់គ្នា។
 
Prado ដែលបានចំណាយពេលហ្វឹកហាត់រយៈពេល ៤ ខែដើម្បីចូលរួមរត់ម៉ារ៉ាតុនចម្ងាយឆ្ងាយនេះ ភ្ញាក់ផ្អើលចំពោះការដកយកពានពីខ្លួនត្រឡប់ទៅវិញ។ រូបគេអះអាងថា មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលឃើញខ្លួនទទួលទឹក នោះគឺអ្នករត់នៅលំដាប់ទី២។ Prado នៅតែអះអាង និងចាត់ទុកថាខ្លួនជាអ្នកឈ្នះម៉ារ៉ាតុន Orange County Marathon៕

Tag:
 ម៉ារ៉ាតុន
  Esteban Prado
© រក្សាសិទ្ធិដោយ thmeythmey.com