កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងតំបន់ដែលមានផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) ជាមធ្យមជាង ២៦៣០ដុល្លារ ខណៈសិង្ហបុរីមានដល់ ៨៨៤៥០ដុល្លារ។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើបច្ចុប្បន្នភាពនៅខែមេសា ឆ្នាំ២០២៤។
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានណែនាំដំបូងដោយសេដ្ឋវិទូជនជាតិរុស្សី Simon Kuznets ក្នុងឆ្នាំ១៩៣៧ ដើម្បីវាស់ស្ទង់ទិន្នផលសេដ្ឋកិច្ច។ បច្ចុប្បន្ន GDP Per Capita បានក្លាយជាស្ថិតិស្តង់ដារមួយដើម្បីប្រៀបធៀបសេដ្ឋកិច្ច និងផលិតភាពការងាររបស់ប្រទេសនីមួយៗ។
បើតាមទិន្នន័យរបស់ IMF សង្ហបុរីជាប្រទេសដែលប្រជាជនមានជាងគេក្នុងតំបន់ បើផ្អែកលើ GPD Per Capita រហូតដល់៨៨៤៥០ ដុល្លារ។ បុរីរដ្ឋនេះ ក៏ស្ថិតក្នុងចំណោមប្រទេសមានបំផុតក្នុងពិភពលោកដែរ។
ជាមួយនឹងផ្ទៃដី ៧៣៤គីឡូម៉ែត្រការ៉េ សិង្ហបុរីមានប្រជាជនត្រឹមតែ ៥,៦លាននាក់ ហើយធនធានធម្មជាតិមានកម្រិតតិចតួចណាស់។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងយុទ្ធសាស្ត្រប្រទេសមួយនេះ បានជួយឱ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយក្នុងតំបន់។
ចំណាត់ថ្នាក់បន្ទាប់ គឺប្រ៊ុយណេមានភាពខុសប្លែកគ្នាច្រើនបើធៀបនឹងសិង្ហបុរី នៅពេលដែល GDP Per Capita មានចំនួន ៣៥១១០ដុល្លារ។ ប្រេងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រ៊ុយណេ។ ទោះបីជាវានាំមកនូវប្រាក់ចំណូលដ៏ច្រើន ក៏ប្រេងធ្វើឱ្យប្រទេសនេះពឹងផ្អែកលើធនធានធម្មជាតិផ្សេងទៀត ហើយងាយរងគ្រោះទៅនឹងការប្រែប្រួលនៃទីផ្សារថាមពល។
ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ចំនួនពីរ គឺម៉ាឡេស៊ី និងថៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងទី៤ ក្នុងបញ្ជីនេះ ជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ១៣៣១០ដុល្លារ និង ៧៨១០ដុល្លាររៀងគ្នា។
ក្រាហ្វិក visualcapitalist ។ ទិន្នន័យពី IMF
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ លើពិភពលោក ជាប់ចំណាត់ថ្នាក់ទី៥ ជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ចំនួន ៥២៧០ដុល្លារ។
បន្ថែមពីនេះ វៀតណាមឈរនៅលំដាប់ទី៦ ដែលមាន GDP Per Capita ចំនួន ៤៦២០ ដុល្លារ ខណៈហ្វីលីពីន ៤១៣០ដុល្លារ។
កម្ពុជា ឈរនៅលំដាប់លេខ៨ នៅក្នុងតំបន់ដែលមាន GDP Per Capita ត្រឹមតែ ២០៣០ដុល្លារសម្រាប់ឆ្នាំ ២០២៤។ តាមពីក្រោយដោយឡាវ (១៩៨០ដុល្លារ) ទីម័រខាងកើត(១៤៥០ដុល្លារ) និងមីយ៉ាន់ម៉ា (១២៥០ដុល្លារ)។
ថ្មីៗនេះ លោក ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)បានប្រាប់សារព័ត៌មានថ្មីៗថា ការព្យាករកំណើនប្រាក់ចំណូលរបស់ប្រជាជន គឺមានការអង្កេត និងសិក្សាច្បាស់លាស់ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូល។
បណ្ឌិតផ្នែកសេដ្ឋកិច្ចរូបនេះសង្កេតឃើញសកម្មភាពវិនិយោគមួយចំនួននៅកម្ពុជា មានការកើនឡើងលើផ្នែកផលិតកម្មក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។
«ជាពិសេស គឺយើងឃើញថា វិស័យឧស្សាហកម្មទេសចរណ៍បានងើបឡើងវិញ។ ចំនួនទេសចរដែលមកកម្ពុជា ក៏កើនឡើង។ ដូច្នេះហើយ! យើងឃើញថាស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចយើងនេះ ហាក់មានសន្ទុះកើនឡើងវិញដែលធ្វើឱ្យចំណូលពលរដ្ឋម្នាក់ៗជាមធ្យមក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងរហូតដល់ជាង២០០០ដុល្លារ ដែលជាការព្យាកររបស់រដ្ឋាភិបាល»។ នេះបើតាមការបញ្ជាក់របស់លោក ឆេង គីមឡុង។
ទន្ទឹមនេះ លោកបណ្ឌិតឆេង គីមឡុង មានសុទិដ្ឋិនិយមខ្ពស់ចំពោះការបោះជំហានទៅមុខនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាកើនឡើងជាបន្តបន្ទាប់ ស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រាហ្វិកខាងក្រោមប្រៀបធៀបផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៃប្រទេសអាស៊ីអាគ្នេយ៍គិតជាដុល្លារ ជាមួយនឹងទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើបច្ចុប្បន្នភាពក្នុងខែមេសា ឆ្នាំ២០២៤៕