ថ្ងៃនេះ សុធីរ និង សំណាង បានឆ្លៀតពេលពីការងារ មកណាត់ជួបគ្នាផឹកកាហ្វេនៅហាងមួយកន្លែង ក្រោយសម្លាញ់ទាំងពីរ ខានជួបគ្នាជាច្រើនខែ ដោយសាររវល់ការងារ និងការរកស៊ីរៀងៗខ្លួន។ ក្នុងជំនួប នេះ សំណាង ហាក់ដូចជាមួម៉ៅខុសពីធម្មតា។
សុធីរ៖ ហ្អែងកើតអី អាសំណាង ? មើលទៅដូចជាមិនសប្បាយចិត្ត ហើយខឹងនរណាពីនាយមកអុីចឹង?
សំណាង៖ អើ! អញមិនសប្បាយចិត្ត អញខឹង អញមួម៉ៅ!
សុធីរ៖ ហ្អែង ខឹងមួម៉ៅរឿងអី? សម្លាញ់!
សំណាង៖ អញខឹងនឹងបុគ្គលិកក្រុមហ៊ុនមួយនោះ ដែលវាមកជួបនិយាយការងារជាមួយអញទេ តែវាមួយម៉ាត់ណា ក៏និយាយថា ស្គាល់មេអញ, មួយម៉ាត់ណា ក៏ស្គាល់មេអញ! អញជ្រេញ អញខឹងណាស់វ៉ើយ!
សុធីរ៖ ចុះម៉េចបានជាហ្អែងខឹងគេខ្លាំងម្ល៉េះ ដោយគ្រាន់តែគេនិយាយពាក្យនេះ? ហើយបើស្ដាប់ទៅ ដូចជាធម្មតាទេតើ ព្រោះគេអាចស្គាល់មេ អាសំណាងឯងពិតមែន!
សំណាង៖ អើ! ពាក្យថា «ខ្ញុំស្គាល់មេបងឯង» នេះ វាស្ដាប់ទៅដូចជាសាមញ្ញទេ ព្រោះទំនងជាពួកគេស្គាល់គ្នាមែន។ ប៉ុន្តែវាទើសអារម្មណ៍អញពេក។ ទើបជួបអញដំបូង មកអួតប្រាប់អញថា ស្គាល់មេអញ។ តើគេចង់បានន័យថាម៉េច?
សុធីរ៖ ចុះហ្អែងគិតថា គេចង់មានន័យថាម៉េច? ហើយប៉ះពាល់ផ្លូវអារម្មណ៍យ៉ាងម៉េចវិញ?
សំណាង៖ អ្នកដែលចូលចិត្តនិយាយពាក្យនេះ ទៅកាន់អ្នកដទៃ ក្នុងជំនួបផ្លូវការ ឬមិនផ្លូវការណាមួយនោះ អាចចាត់ទុកថា មានបំណង២ បែបចេតនា ឬអចេតនា។ ក្នុងបំណងបែបអចេតនា គឺបុគ្គលរូបនោះ គ្រាន់តែចង់បញ្ជាក់ថា ខ្លួនធ្លាប់បានស្គាល់ ឬមានទំនាក់ទំនងក្នុងកម្រិតណាមួយ ជាមួយថ្នាក់ដឹកនាំស្ថាប័ន ឬអង្គភាពនោះប៉ុណ្ណោះ។ សម្រាប់បំណងចេតនាវិញ គឺបុគ្គលរូបនោះ ចង់ដំឡើងឫក និងបង្ហាញឥទ្ធិពលខ្លួន ថា ជាមនុស្សមានក្រេឌីតខ្ពស់ ស្មើមេដឹកនាំស្ថាប័ននោះដែរ។ ក្នុងន័យនេះ ពួកគេក៏ចង់ដាក់សម្ពាធផ្លូវអារម្មណ៍លើបុគ្គលម្នាក់ទៀតដែរ។
ក្នុងន័យសុជីវធម៌ គឺបុគ្គលរូបនោះ កំពុងមើលងាយគេដោយប្រយោល ព្រោះមនុស្សជួបគ្នាទំនាក់ទំនងក្នុងកម្រិតប្រតិបត្តិការក្រុមហ៊ុន បែរជានិយាយតម្កើងឫក ស្គាល់ដល់ថ្នាក់ដឹកនាំកណ្ដាលក្រុមហ៊ុនទៅវិញ។ ដូច្នេះសរុបមក ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងទំនាក់ទំនង ជាពិសេសប្រសិទ្ធភាពការងារផ្នែកណាមួយ រវាងក្រុមហ៊ុន និងក្រុមហ៊ុនដែរ។
សុធីរ៖ អ៊ីចឹង គ្រាន់តែគេចង់ប្រាប់ថា «ស្គាល់មេ» នេះ ខុសដែរមែន?
សំណាង៖ វាមិនខុសទេ សម្លាញ់! ប៉ុន្តែត្រូវប្រើប្រាស់ពាក្យសម្តីឱ្យត្រូវតាមកាលៈទេសៈ។ បើយើងជួបគ្នា ទំនាក់ទំនងការងារក្នុងកម្រិតណាមួយ គឺនិយាយត្រឹមកម្រិតនោះទៅ ដើម្បីបង្ហាញពីការឱ្យតម្លៃគ្នាទៅវិញទៅមក៕