កីឡាអន្តរជាតិ
អន្តរជាតិ
Rooney នឹងត្រឡប់ធ្វើអ្នកចាត់ការវិញ ក្នុងក្រុម Plymouth
24, May 2024 , 4:02 pm        
រូបភាព
Wayne Rooney បានដំណើរការពិភាក្សាជាមួយក្លិប Plymouth Argyle ជុំវិញតួនាទីអ្នកចាត់ការទូទៅ ស្របពេលក្រុមក្នុងលីគលំដាប់ទីពីរអង់គ្លេស Championship មូយនេះ នៅកៅអីទំនេរ។



Rooney មានបំណងចង់បង្កើតកេរ្តិ៍ឈ្មោះឡើងវិញបន្ទាប់ពីដឹកនាំក្រុម Birmingham មិនបានល្អ ដោយក្រុមនេះបានធ្លាក់ទៅលីគដំដាប់ទី៣អង់គ្លេស រដូវកាលក្រោយ។ ១៥ប្រកួតក្រោមការដឹកនាំរបស់ អតីតប្រធានក្រុមអង់គ្លេស Birmingham ចាញ់ ៩ប្រកួតឯណោះ មុនចាកចេញពីតំណែង។
 
ស្របពេល Plymouth ស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីបញ្ចប់លោក Ian Foster តំណែង Rooney បានក្លាយជាបេក្ខភាពនាំមុខគេ សម្រាប់កៅអីនេះ។ នាយកកីឡាក្លិប Plymouth លោក Neil Dewsnip ស្គាល់ Rooney ច្បាស់តាំងពីនៅសាលបាល់ទាត់ Everton ខណៈលោក Dewsnip នៅធ្វើគ្រូ។
 
សម្រាប់តំណែងនៅទំនេរនេះ ទាំងក្លិប Plymouth និង Rooney កំពុងពិភាក្សាគ្នាលើកិច្ចសន្យា ស្របពេលលទ្ធផលនឹងបង្ហាញឆាប់ៗ។ នេះបើតាមការផ្សាយរបស់កាសែត DailyMail។
 
អតីតប្រធានក្រុម Manchester United ដែលបានបង្ហាញខ្លួនជាកីឡាករអាជីព ៧៦៣ប្រកួត ជាមួយ Everton, Man Utd, DC United និង Derby County ជាដើម បានឡើងជាគ្រូបង្វឹកលើកដំបូងក្នុងក្រុម Derby កាលពីឆ្នាំ២០២០ បន្ទាប់ពីប្រកាសចូលនិវត្តន៍ពីកីឡាករភ្លាមៗ។ បន្ទាប់មក បានបន្តទៅដឹកនាំ DC United និង Birmingham។
 
ថ្មីៗនេះ Rooney ក៏បានចុះកិច្ចសន្យាជាមួយទូរទស្សន៍កីឡា BBC ក្នុងនាមជាអ្នកវិភាគ ក្នុងព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់៕

Tag:
 Wayne Rooney
  Plymouth Argyle
© រក្សាសិទ្ធិដោយ thmeythmey.com