កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បំបែកកំណត់ត្រា ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីគអារ៉ាប៊ីសាអូឌីត
28, May 2024 , 10:41 am        
រូបភាព
Cristiano Ronaldo បានក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាល ប្រចាំប្រវត្តិសាស្ត្រលីគបាល់ទាត់អារ៉ាប៊ីសាអូឌីត ក្រោយរកបាន ២គ្រាប់ នៅក្នុងជ័យជម្នះរបស់ Al Nassr លើក្រុម Al Ittihad លទ្ធផល ៤-២។ Ronaldo រកបាន ៣៥គ្រាប់ ក្នុងលីគអារ៉ាប៊ីសាអូឌីត ក្នុងរដូវកាល ២០២៣-២៤ ដោយបំបែកកំណត់ត្រារបស់ Abderrazak Hamdallah ដែលកាន់កំណត់ត្រារកបាន៣៤គ្រាប់។



ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ រកបានគ្រាប់បាល់ ២គ្រាប់ នៅក្នុងការប្រកួតឈ្នះលើក្រុម Al Ittihad របស់ខ្សែប្រយុទ្ធ Karim Benzema ដែលជាជំនួបបិទរដូវកាលលីគ Saudi Pro League។ 
Ronaldo ស៊ុតគ្រាប់បើកឆាកសម្រាប់ Al Nassr នាទី៤៥+៣ វគ្គទីមួយ និងគ្រាប់ទី២ នាទី៦៩ ចំណែក ២គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Abdulrahman Ghareeb នាទី៧៩ និង Al Nemer នាទី៩០+៥។ 
 
​​កំណត់ត្រាកន្លងមក ក្នុងនាមជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាល ប្រចាំ Saudi Pro League គឺអតីតកីឡាករខ្សែប្រយុទ្ធក្រុម Al Nassr និងជម្រើសជាតិម៉ារ៉ុក Abderrazak Hamdallah ជាអ្នកកាន់កាប់ ដោយគេរកបាន ៣៤គ្រាប់ ក្នុងរដូវកាល ២០១៨-១៩។
 
ទោះបីជាការធ្វើបានល្អ ទៅលើកំណត់ត្រាផ្ទាល់ខ្លួន និងការឈ្នះពានឯកត្តជនផ្សេងៗ ប៉ុន្តែរដូវកាលនេះ Ronaldo មិនបានជួយក្រុមឈ្នះពានរង្វាន់ណាមួយឡើយ។ ក្រុម Al Nassr បញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅ Saudi Pro League បន្ទាប់ពីក្រុមជើងឯក Al Hilal ដែលគ្មានវត្តមានខ្សែប្រយុទ្ធ Neymar Jr ដោយសាររបួស។ 
 
Al Nassr បានបរាជ័យក្នុងពានរង្វាន់ AFC Champions League នៅត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក៏ដូចជារបូតពានរង្វាន់ Saudi Cup បន្ថែមទៀតផងដែរ។ 
 
គួររំលឹកថា Ronaldo ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ បានចូលរួមជាមួយនឹងក្លិប Al Nassr កាលពីខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីរូបគេត្រូវបានបញ្ចប់កិច្ចសន្យាមុនផុតកំណត់ ដោយក្លិប Manchester United បន្ទាប់ពីមានបញ្ហាជម្លោះរវាងគ្នា និងគ្នា៕

Tag:
 Cristiano Ronaldo
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com