អន្តរជាតិ
ប្រទេសលោកខាងលិចរិះគន់អុីស្រាអែល ក្រោយមនុស្ស៤៥នាក់ត្រូវបានសម្លាប់នៅRafah
28, May 2024 , 11:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រទេសលោកខាងលិច នៅថ្ងៃទី២៧ ខែឧសភា បានថ្កោលទោសអុីស្រាអែល ក្រោយការវាយប្រហារបានសម្លាប់មនុស្សប្រមាណ ៤៥នាក់ នៅក្នុងតំបន់កាហ្សា។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យមានការស៊ើបអង្កេត។

 
ការវាយប្រហាររបស់អុីស្រាអែល លើតំបន់ Rafah ដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងកាហ្សា នៅយប់ថ្ងៃទី២៦ ខែឧសភា បានសម្លាប់មនុស្សជាច្រើន ក្នុងនោះរួមទាំងមន្រ្តីជាន់ខ្ពស់ក្រុមហាម៉ាស ២នាក់ផង។ មន្រ្តីនៅក្នុងតំបន់ Rafah បានបញ្ជាក់ថា មនុស្សចំនួន ៤៥នាក់ ត្រូវបានសម្លាប់ ដោយភាគច្រើនជាស្រ្តី និងកុមារ។ 
 
ក្រោយការវាយប្រហារខាងលើ ប្រទេសលោកខាងលិចបានរិះគន់រដ្ឋាភិបាលក្រុង Tel Aviv យ៉ាងខ្លាំង​ ខណៈ​ប្រទេសអារ៉ាប់ បានចាត់ទុកការវាយប្រហារ ជាការសម្លាប់រង្គាល។ ចំណែកប្រមុខអង្គការសហប្រជាជាតិ បានជំរុញដដែលៗឱ្យអុីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់។ 
 
«វាគ្មានកន្លែងមានសុវត្ថិភាពនៅតំបន់កាហ្សាឡើយ។ សេចក្តីរន្ធត់បែបនេះ ត្រូវតែបញ្ឈប់»។ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ នៅលើបណ្តាញសង្គម។ បន្ទាប់ពីហេតុការណ៍ខាងលើ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមួយពាក់ព័ន្ធនឹងប៉ាឡេស្ទីន នៅថ្ងៃទី២៨ ខែឧសភា។ 
 
ចំណែកបារាំង និងអាល្លឺម៉ង ក៏ចូលរួមរិះគន់អុីស្រាអែល ក្រោយមានការសម្លាប់មនុស្ស ៤៥នាក់ នៅក្នុងតំបន់កាហ្សាផងដែរ។
 
មុនពេលបើកកិច្ចប្រជុំ អង្គការផ្តល់ជំនួយសកលមួយចំនួន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខចាប់បង្ខំឱ្យអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ឈប់សកម្មភាពយោធា នៅតំបន់ Rafah។ នៅថ្ងៃទី២៤ ខែឧសភា កន្លងមក តុលាការយុត្តិធម៌អន្តរជាតិ បានបញ្ជាឱ្យអុីស្រាអែលផ្អាកសកម្មភាពយោធានៅតំបន់ Rafah ប៉ុន្តែមិនបានបញ្ជាឱ្យមានបទឈប់បាញ់ឡើយ។ 
 
ក្រោយហេតុការណ៍ខាងលើ លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យមានការស៊ើបអង្កេតទៅក្នុងប្រតិបត្តិការនោះ។ ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានទទូចឱ្យអុីស្រាអែល ធ្វើគ្រប់យ៉ាង និងដាក់ចេញវិធានការជាមុន ដើម្បីការពារប្រជាជនស៊ីវិល នៅក្នុងតំបន់ Rafah។ 
 
តំបន់ Rafah ជាតំបន់ដ៏ធំ និងចុងក្រោយនៅក្នុងតំបន់កាហ្សា ដែលមានប្រជាជនស៊ីវិលភៀសខ្លួនជាច្រើនលាននាក់។ ស្របពេលអុីស្រាអែលចោទថា Rafah ជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស អាម៉េរិក បានជំរុញអុីស្រាអែលមានផែនការជម្លៀសប្រជាជនស៊ីវិលច្បាស់លាស់បង្ហាញខ្លួនជាមុន បើចង់វាយប្រហារ។ 
 
ក្នុងប្រតិបត្តិការយោធាជាច្រើនខែមកនេះ តំបន់កាហ្សា កាន់តែមានស្ថានភាពអាក្រក់ទៅៗ ដោយប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ ជាពិសេសស្រ្តី​ និងកុមារ បានស្លាប់បាត់បង់។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប្រចាំនៅតំបន់កាហ្សា មនុស្សប្រមាណ ៣៦០៥០ បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហារសងសឹងពីសំណាក់អុីស្រាអែលលើក្រុមហាម៉ាស៕ 

Tag:
 អុីស្រាអែល
  ហាម៉ាស
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com