កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះអាល្លឺម៉ង់ ជាបេក្ខភាពលេចធ្លោ ក្នុងការប្រជែងពាន Euro 2024
29, May 2024 , 8:59 am        
រូបភាព
លោក Rudi Voller ប្រធានផ្នែកកីឡាប្រចាំក្រុមជម្រើសជាតិអាល្លឺម៉ង់ បាននិយាយថាក្រុមម្ចាស់ពាន ៣សម័យទ្វីបអឺរ៉ុប ជាបេក្ខភាពដ៏ស័ក្តិសម និងចាប់អារម្មណ៍បំផុត ក្នុងការប្រជែងជើងឯកព្រឹត្តិការណ៍ Euro 2024។ មូកហេតុដែលនាំឱ្យលោក Voller លើកឡើងបែបនេះ ព្រោះតែកាលពីខែមីនា អាល្លឺម៉ង់ បានប្រកួតឈ្នះ បារាំង និងហូឡង់ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងៗក្នុងតំបន់អឺរ៉ុប។



បច្ចុប្បន្នក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងប្រមូលផ្តុំកីឡាករក្នុងជំរុំហ្វឹកហាត់រយៈពេលដ៏ខ្លីមួយ ក្នុងទីក្រុង Thuringia។ អំឡុងធ្វើសន្និសីទកាសែត ស្ថិតក្នុងជំរុំហ្វឹកហាត់ លោក Voller បានប្រាប់ក្រុមអ្នកកាសែតថា ក្រុមអាល្លឺម៉ង់ កំពុងបង្ហាញការអភិវឌ្ឍយ៉ាងល្អ។
 
លោក Voller បាននិយាយដូច្នេះ៖«គោលគំនិតដ៏ធំដែលបង្ហាញថាយើងអភិវឌ្ឍបានល្អនោះគឺ ការប្រកួតមិត្តភាព ២លើកចុងក្រោយ កាលពីខែមីនា។​ យើងប្រទះឃើញថាបន្ទាប់ពីរយៈពេល ៣ខែកន្លះ មកនេះ ក្រោមការដឹកនាំរបស់លោក Nagelsmann យើងបានឈ្នះ ២ប្រកួត។ […]»។ 
 
អាល្លឺម៉ង់ ម្ចាស់ពាន Euro ៣សម័យ ចាប់ផ្តើមបរាជ័យក្នុងការប្រកួតប្រជែងលំដាប់អន្តរជាតិ តាំងពីពេលពួកគេបានក្លាយជាក្រុមជើងឯក FIFA World Cup 2014 ដែលធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល។ អាល្លឺម៉ង់ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយពិបាកក្នុងការបង្ហាញភាពខ្លាំងរបស់ពួកគេចំពោះមុខ អ្នកគាំទ្រ ១០ឆ្នាំចុងក្រោយមកនេះ។
 
ចាប់តាំងពីឈ្នះ World Cup លើកទី៤ នៅប្រទេសប្រេស៊ីល ពួកគេតែងធ្លាក់ពីពានរង្វាន់ពិភពលោក ២លើកជាប់គ្នា ពោលក្នុងឆ្នាំ ២០១៨ និង ២០២២ នៅត្រឹមវគ្គចែកពូល។ នៅក្នុងព្រឹត្តិការណ៍ Euro 2020 ដែលធ្វើក្នុងឆ្នាំ ២០២១ អាល្លឺម៉ង់បានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។
 
មុនការប្រកួត Euro 2024 លើកនេះមកដល់ទៀតសោត ក្រុមកីឡាករជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានប្រទះឃើញថាមានភាពមមារញឹកខ្លាំង ក្នុងការប្រកួតប្រជែងឱ្យក្លិបនីមួយៗរៀងៗខ្លួន។ កីឡាករចំនួនមកពីក្លិប Bayer Leverkusen ទើបតែបានបញ្ចប់ភារកិច្ចក្លិប ក្រោយជួយក្លិបឈ្នះពាន ២ Bundesliga និង German Cup ក្នុងមួយរដូវកាល។
 
កីឡាករសំខាន់ៗមួយចំនួនផ្សេងទៀត ដែលលេងឱ្យ Borussia Dortmund ក៏កំពុងត្រៀមលក្ខណៈប្រជែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Real Madrid ថែមទៀត ដោយការប្រកួតនៅថ្ងៃទី១ ខែមិថុនា។ ព្រឹត្តិការណ៍ Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ទី២០ ខែកក្កដា។
 
អាល្លឺម៉ង់ នឹងចាប់ផ្តើមការប្រកួតបើកឆាក នៅថ្ងៃទី១៤ ដោយត្រូវជួបក្រុមស្កុតឡែន មុនពេលទៅប៉ះហុងគ្រី និងស្វ៊ីស គូចុងក្រោយ ក្នុងជំនួបពូល A។ មុនការប្រកួតមកដល់ អាល្លឺម៉ង់ ក៏នឹងមានប្រកួតមិត្តភាពទល់ក្រុមអ៊ុយក្រែន នៅថ្ងៃទី៣ ខែមិថុនា មុនទៅប៉ះក្រិកនៅ ៤ថ្ងៃបន្ទាប់៕

Tag:
 អាល្លឺម៉ង់
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com