ជាតិ
អត្ថបទពាណិជ្ជកម្ម
Smart Axiata និង Impact Hub បន្តបណ្ដុះបណ្ដាលសហគ្រិនភាពបែបឌីជីថលតាមរយៈកម្មវិធី SmartStart ULP នៅសាកលវិទ្យាល័យ១៧ ទូទាំងប្រទេស
30, May 2024 , 2:29 pm        
រូបភាព
ភ្នំពេញ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៖ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh (IHPP) រួមជាមួយសាកលវិទ្យាល័យជាដៃគូចំនួន១៧ នៅតាមបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃសហការចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កម្មវិធី SmartStart Unipreneur Learning Platform (ULP) ដើម្បីបន្តវគ្គបណ្ដុះបណ្ដាល សហគ្រិនភាពតាមឌីជីថល​ និងភាពជាអ្នកដឹកនាំក្នុងព្រះរាជាណាចក្រកម្ពុជា។​

កម្មវិធីដ៏ពិសេសនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី​លោក Ziad Shatara​​​​​ នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata, កញ្ញា​ Melanie Mossard នាយកប្រតិបត្តិ នៃ Impact Hub Phnom Penh, សាកលវិទ្យាធិការ ប្រធាន និងតំណាងមកពីសាកលវិទ្យាល័យចំនួន ៨ក្នុងរាជធានីភ្នំពេញ សាកលវិទ្យាល័យចំនួន ៤ពីខេត្តសៀមរាប សាកលវិទ្យាល័យចំនួន ៣ពីខេត្តបាត់ដំបង សាកលវិទ្យាល័យ ១ពីខេត្តបន្ទាយមានជ័យ និងសាកលវិទ្យាល័យ ១ពីខេត្តស្វាយរៀង។



អំពី SmartStart ULP

SmartStart ULP បានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ ២០១៩ ក្នុងគោលបំណងបំពាក់អ្នកសិក្សាវ័យក្មេង នូវចំណេះជំនាញដែលសមស្របតាមតម្រូវការទីផ្សារ នៃសតវត្សរ៍ទី២១។ កម្មវិធីនេះ បង្ហាត់បង្រៀនពួកគេអំពីសហគ្រិនភាព តាមរយៈកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលរួមមានការអនុវត្តផ្ទាល់ក្នុងថ្នាក់រៀន និងការចុះទស្សនកិច្ចនៅតាម startup ក្នុងស្រុក រួមបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ។​ នៅចុងបញ្ចប់នៃការសិក្សា សិស្សានុសិស្ស នឹងមានឱកាសបង្ហាញស្នាដៃរបស់ខ្លួន ក្នុងកម្មិវិធីវាយតម្លៃគំនិតអាជីវកម្មរបស់ពួកគេ។



​សមិទ្ធិផលក្នុងការជំរុញស្មារតីសហគ្រិន

ក្នុងអំឡុងពេលបួនឆ្នាំកន្លងមកនេះ SmartStart ULP បានបង្កើតនូវសមិទ្ធផលយ៉ាងគួរឱ្យកោតសសើរ និងត្រួសត្រាយផ្លូវសម្រាប់ការសិក្សាបែបថ្មី។​ ដោយរួមបញ្ចូលការរៀនតាមបែបធ្វើគម្រោង ទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ កម្មវិធីនេះបានបណ្ដុះគំនិតផ្ដួចផ្តើមអាជីវកម្ម គួរឱ្យចាប់អារម្មណ៍ជាច្រើន។
 
កម្មវិធីនេះ ជាផ្នែកមួយនៃកម្លាំងចលករដែលជំរុញ​ការអភិវឌ្ឍធនធានមនុស្ស ដោយបានផ្ដល់ចំណេះដឹងនិងបទពិសោធន៍ដែលចាំបាច់ក្នុងជំនាញរបស់ពួកគេ ទៅកាន់និសិត្ស ១.៤១៣ រូប មកពីថ្នាក់រៀនចំនួន 44 នៃសាកលវិទ្យាល័យចំនួន១០ នាពេលកន្លងមក។​ តាមរយៈកម្មវិធីនេះ startup ចំនួន២៥ ត្រូវបានបង្កើតឡើងដោយមានគំនិតល្អៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។ 
 
កម្មវិធីនេះដោះស្រាយបញ្ហាប្រឈមសំខាន់ៗដូចជា គម្លាតរវាងជំនាញរបស់និសិត្ស និងតម្រូវការទីផ្សារការងារ កង្វះសហគ្រិនភាព និងការខ្វះខាតកម្មវិធីសិក្សាអំពីសហគ្រិនភាពជាភាសាខ្មែរ។ សមិទ្ធផលសំខាន់ៗរួមមានការចាប់ដៃគូជាមួយសាកលវិទ្យាល័យ ដើម្បីបង្កើនការអប់រំសហគ្រិនភាពនៅក្នុងស្ថាប័ន ការផ្ទេរចំណេះដឹងដល់សាស្ត្រាចារ្យលើវិធីសាស្រ្តបង្រៀន និងការណែនាំអំពីភាពជាសហគ្រិន ដើម្បីជួយនិសិត្សដុសខាត់គំនិតអាជីវកម្មនៅក្នុងថ្នាក់រៀន ព្រមទាំងកម្មវិធី "National Hackathon" ប្រចាំឆ្នាំដែលនិសិត្សចូលរួមទាំងអស់ មានឱកាសសហការគ្នា និងចូលរួមផ្ដួចផ្ដើមគំនិតដោះស្រាយបញ្ហាសង្គម។
 
ការបង្កើតសមិទ្ធផលកាន់តែធំធេង

ជាមួយនឹងការពង្រីកភាពជាដៃគូនៃកម្មវិធី SmartStart ULP ក្រុមហ៊ុន Smart និងដៃគូរបស់ខ្លួនកំពុងត្រួសត្រាយផ្លូវនៃការសិក្សាជំនាន់ថ្មី។ កិច្ចសហការថ្មីជាមួយសាកលវិទ្យាល័យចំនួន១០ រួមជាមួយនឹងការបន្ថែមសាកលវិទ្យាល័យជាដៃគូថ្មីចំនួន៧ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកឱកាសសិក្សារបស់រាល់ភាគីពាក់ព័ន្ធ។ ដោយការពង្រីកបណ្តាញ​សាកល​វិទ្យាល័យកាន់តែទូលំទូលាយនៅទូទាំងប្រទេស គំនិតផ្តួចផ្តើមនេះ នឹងផ្តល់ឱកាសកាន់តែច្រើនដល់សិស្សនិស្សិតឱ្យមានគំនិត ចំណេះដឹង និងធនធានដែលចាំបាច់ដើម្បីរីកចម្រើន នៅក្នុងពិភពឌីជីថល។



លោក Ziad Shatara​​​​​ នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata មានប្រសាសន៍ថា​៖ «ក្រោមភាពជាដៃគូរបស់យើង យើងនឹងបន្តជំរុញស្មារតីសហគ្រិន និងការច្នៃប្រឌិតបន្ថែមទៀត ដោយ​គាំទ្រសាស្រ្តាចារ្យក្នុងការបង្រៀនកម្មវិធីសិក្សាចម្រុះនេះ។ ជាមួយនឹងការពង្រីកភាពជាដៃគូនេះ យើងសង្ឃឹមថា នឹងផ្ដល់ការបង្ហាត់បង្រៀនផ្ទាល់ដល់សិស្សជាង ២ ៥០០នាក់ ពីក្នុងថ្នាក់រៀនជាង៥០ នៅចុងឆ្នាំ ២០២៤ នេះ។​ យើងមានភាពសោមន្សរីករាយក្នុងការបន្តការសហការនេះ ជាមួយសាកលវិទ្យាល័យទាំង១៧ ដើម្បីកសាងអនាគតមួយដែលការច្នៃប្រឌិតអាចរីកស្គុះស្គាយ ហើយសហគ្រិនភាពកើតចេញពីភាពធន់ និងគំនិតថ្មីៗ។ ក្នុងពេលអនាគត យើងនឹងឃើញនិស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ មិនត្រឹមតែជាអ្នកស្វែងរកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបង្កើតការងារថ្មីៗសម្រាប់សេដ្ឋកិច្ចជាតិផងដែរ»។​ 
 
ដោយមានការគាំទ្រពីមូលនិធិ CBRD កម្មវិធី SmartStart ULP កំពុងត្រូវបានអនុវត្តរួមគ្នាជាមួយសាកលវិទ្យាល័យចំនួន ១៧ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាបាត់ដំបង សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យខេមតិច សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តសៀមរាប សាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យបៀលប្រាយបាត់ដំបង។ 
 
«យើងបានចាប់ផ្តើមកម្មវិធីដោយសាកល្បងជាមួយសាកលវិទ្យាល័យចំនួន​៤ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៩។ ការសាកល្បងជោគជ័យ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូសាកលវិទ្យាល័យនៅក្រៅទីក្រុងភ្នំពេញ បានជំរុញទឹកចិត្ត និងអនុញ្ញាតឱ្យពួកយើងពង្រីកវគ្គសិក្សារបស់យើងទៅកាន់ខេត្តផ្សេងទៀតដូចជា ខេត្តសៀមរាប បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ។ ខ្ញុំពិតជា​រំភើបមែនទែន ដែលបានឃើញកម្មវិធីនេះបានក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកគេ។ ជាផ្នែកមួយនៃភាពជាដៃគូរបស់យើង យើងផ្តល់ជូននូវវេទិកាសិក្សាដែលនិសិត្សអាចរៀនពីទូរសព្ទដៃ និងឡេបថប់របស់ពួកគេផ្ទាល់។ នៅលើកម្មវិធីសិក្សា និសិត្សអាចចូលរៀន ១៥ វគ្គ ជាមួយនឹងការណែនាំអំពីរបៀបបង្កើតគំនិតអាជីវកម្ម។» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា គឹម កុសុម៉ា នាយក​ប្រតិបត្តិ​នៃ Impact Hub Phnom Penh។
 
និស្សិតសាកលវិទ្យាល័យដែលចូលរួមក្នុងវគ្គសិក្សាទទួលបានការយល់ដឹងស៊ីជម្រៅអំពីភាពជាសហគ្រិន អភិវឌ្ឍគំនិតសហគ្រិនភាព ព្រមទាំងបង្កើនសមត្ថភាពការងារ និងជំនាញជីវិតរបស់ពួកគេ។
 
លោក ឈួន ភារុន នាយកសាខានៃសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប មានប្រសាសន៍ថា៖ «ខ្ញុំចង់ឃើញសិស្សដែលចូលរៀនវគ្គនេះ អាចផ្លាស់ប្តូរគំនិត និងសាកល្បងគំនិតរបស់ពួកគេនៅលើទីផ្សារ តាមរយៈការប្រកួតប្រជែងគំនិតអាជីវកម្ម។ កម្មវិធីនេះ នឹងផ្ដល់ឱកាសសម្រាប់និស្សិតក្នុងការការបណ្ដុះគំនិតចាប់ផ្តើមអាជីវកម្មរបស់ពួកគេ»។
 
និរន្តរភាពនៃគម្រោង 

ជាមួយការបន្តអនុស្សរណៈ និងការពង្រីកដៃគូសាកលវិទ្យាល័យនេះ SmartStart ULP នឹងបន្តសមិទ្ធិផលឱ្យកាន់តែធំធេង។ វឌ្ឍនភាពនេះបង្ហាញពីសក្ដានុពលរបស់គម្រោង សម្រាប់ផ្ដល់សមិទ្ធផលរយៈពេលវែងក្នុងការជំរុញនវានុវត្តន៍ និងបណ្ដុះបណ្ដាលអ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា។ 



ខណៈដែលសមិទ្ធផលពី SmartStart ULP បានលេចចេញជារូបរាង វាក៏ជាឱកាសមាសសម្រាប់សាកលវិទ្យាល័យនានាក្នុងការបញ្ចូលកម្មវិធីនេះ ទៅក្នុងកម្មវិធីសិក្សាផ្លូវការរបស់សាកលវិទ្យាល័យ។​ តាមរយៈសកម្មភាពទាំងនេះ ស្ថាប័ននានានឹងមានឯករាជ្យភាពក្នុងការផ្ដល់នូវគំនិតល្អៗ និងសហគ្រិនភាព ដល់អ្នកជំនាញវ័យក្មេង និងបណ្ដុះអ្នកច្នៃប្រឌិតនាពេលអនាគត ដែលនឹងមិនត្រឹមតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអនាគតដ៏រុងរឿងមួយដែលកំណើនសេដ្ឋកិច្ចត្រូវបានជំរុញដោយការច្នៃប្រឌិតគ្មានដែនកំណត់៕
 


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com