សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បំណុលពិភពលោកកើនដល់ ៣១៥ទ្រីលានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤
30, May 2024 , 5:25 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
បំណុលសកលសរុបរួមទាំងបំណុលសាធារណៈ សាជីវកម្ម និងប្រជាជនមានចំនួន ៣១៥ទ្រីលានដុល្លារ កើនឡើង ១,៣ទ្រីលានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤  បើធៀបទៅនឹងត្រីមាសមុន។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF)។

 
របាយការណ៍ត្រួតពិនិត្យបំណុលសកលប្រចាំត្រីមាសដែលទើបតែចេញផ្សាយដោយ IIF បានលើកឡើងថា បំណុលសកលកំពុងកើនឡើងច្រើនបំផុត លឿនបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ សន្ទុះបំណុលពិភពលោក បានកើន២ត្រីមាសជាប់ៗគ្នា ហើយភាគច្រើនត្រូវបានជំរុញដោយទីផ្សារដែលកំពុងរីកចម្រើនមិនធ្លាប់មានពីមុនដល់ជាង ១០៥ទ្រីលានដុល្លារ ដែលកើនចំនួន ៥៥ទ្រីលានដុល្លារបើធៀបមួយទសវត្សរ៍មុន។
 
ប្រហែល ២ភាគ៣ នៃបំណុលសរុបចំនួន ៣១៥ទ្រីលានដុល្លារ គឺជំពាក់ដោយប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍ ដោយជប៉ុន និងអាម៉េរិកបានរួមចំណែកច្រើនបំផុត។ ទោះជាយ៉ាងណាក៏ដោយ ផលធៀបបំណុលទៅផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសទាំងនេះជាទូទៅមាននិន្នាការថយចុះ។ ផលធៀបបំណុលទៅ GDP ត្រូវបានចាត់ទុកថាជាសូចនាករដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់ប្រទេសមួយក្នុងការសងបំណុល។
 
ទន្ទឹមនេះ ទីផ្សារដែលកំពុងរីកចម្រើនមានបំណុលសរុប ១០៥ទ្រីលានដុល្លារ ប៉ុន្តែផលធៀបបំណុលទៅ GDP បានកើនឡើងដល់កំណត់ត្រា ២៥៧ភាគរយ។ ជាលទ្ធផល អនុបាតបំណុលសកលធៀប GDP បានកើនឡើងជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។ ចិន ឥណ្ឌា និងម៉ិកស៊ិក ជាទីផ្សារដែលមានផលធៀបធំបំផុតនៃតួលេខ១០៥ទ្រីលា​នដុល្លារនេះ។
 
សម្រាប់ឥណ្ឌា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្លាប់បានព្រមានថា បំណុលរបស់ប្រទេសនេះអាចលើសពីទំហំសេដ្ឋកិច្ចនៅចុងទសវត្សរ៍នេះ ក្នុងបរិបទដែលរដ្ឋាភិបាលត្រូវចំណាយប្រាក់យ៉ាងច្រើនជារៀងរាល់ឆ្នាំដើម្បីឆ្លើយតប ទៅនឹងគ្រោះមហន្តរាយធម្មជាតិ។
 
បើតាមវិទ្យាស្ថាន ​​IIF អតិផរណាខ្ពស់ ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ជាកត្តាដែលអាចបង្កឱ្យមានហានិភ័យធំក្នុងការសងបំណុល ដោយបង្កើនសម្ពាធលើការចំណាយទូទៅនៅទូទាំងពិភពលោក។
 
ក្នុងចំនោមបំណុលសរុប ៣១៥ ទ្រីលានដុល្លារ មានបំណុលប្រជាជនដែលរួម បំណុលកម្ចីទិញផ្ទះ បំណុលកាតឥណទាន បំណុលសិស្ស...មានចំនួន ៥៩,១ទ្រីលានដុល្លារ ស្មើនឹង១៨,៧ភាគរយនៃបំណុលសរុប។ ចំណែកបំណុលសាជីវកម្មមានចំនួន ១៦៤,៥ទ្រីលានដុល្លារស្មើនឹង ៥២,២ភាគរយ ក្នុងនោះ ៧០,៤ទ្រីលានដុល្លារជាអាជីវកម្មក្នុងវិស័យឯកជន ខណៈបំណុលសាធារណៈមាន ៩១,៤ទ្រីលានដុល្លារ។
 
IIF បានជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយបំណុលក្រោយជំងឺរាលដាលកូវីដ-១៩បានបញ្ចប់ នៅពេលរដ្ឋាភិបាលចាប់ផ្តើមកាត់បន្ថយពន្ធ និងបង្កើនការចំណាយនៅឆ្នាំនេះ ដែលជាឆ្នាំដែលមានចំនួនបោះឆ្នោតយ៉ាងច្រើននៅទូទាំងពិភពលោក៕ 

Tag:
 ពិភពលោក
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com