អន្តរជាតិ
លោកត្រាំ ជាអតីតប្រធានាធិបតីដំបូង នឹងត្រូវកាត់ទោសពីបទព្រហ្មទណ្ឌ
31, May 2024 , 11:43 am        
រូបភាព
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ក្រោយដើរចេញពីតុលាការក្រុងញូវយ៉ក នៅថ្ងៃទី៣០ ខែឧសភា។ រូបភាព AFP
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ក្រោយដើរចេញពីតុលាការក្រុងញូវយ៉ក នៅថ្ងៃទី៣០ ខែឧសភា។ រូបភាព AFP
តុលាការក្រុងញូវយ៉ក បានរកឃើញកំហុស លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកចំនួន ៣៤ករណីពាក់ព័ន្ធអាជីវកម្ម និងរឿងអាស្រូវផ្លូវភេទ។ លោកត្រាំ ជាអតីតប្រធានាធិបតីដំបូង នឹងត្រូវកាត់ទោសពីបទព្រហ្មទណ្ឌកម្រិតធ្ងន់។

 
បន្ទាប់ពីសវនាការរយៈពេល ២ថ្ងៃ អង្គវិនិច្ឆ័យដែលមានសមាជិកចំនួន១២នាក់ បានប្រកាសពីការរកឃើញកំហុសរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក និងជាបេក្ខជនមានសំឡេងនាំមុខនៅក្នុងបក្សសាធារណរដ្ឋ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន៣៤ករណី។ 
 
បទល្មើសទាំងនោះ មានពាក់ព័ន្ធក្លែងបន្លំឯកសារអាជីវកម្ម ការព្យាយាមបិទបាំងភាពអវិជ្ជមានមួយចំនួននៅមុនការបោះឆ្នោតឆ្នាំ២០១៦ និងការផ្តល់ប្រាក់ទៅតារាសម្តែងរឿងអាសអាភាស លោកស្រី Stormy Daniels ប្រមាណ ១៣ម៉ឺនដុល្លារដើម្បីបិទមាត់មុនថ្ងៃលោកឈ្នះការបោះឆ្នោតជាប្រធានាធិបតី។ លោកត្រាំ មានរឿងអាស្រូវធ្លាប់រួមភេទជាមួយ លោកស្រី Stormy Daniels នៅក្នុងឆ្នាំ២០០៦។ 
 
បន្ទាប់ពីសេចក្តីសម្រេចខាងលើ លោកចៅក្រម Juan Merchan បានប្រកាសនឹងកាត់ទោសលោកត្រាំជាផ្លូវការ នៅថ្ងៃទី១១ ខែកក្កដា។ ពោលគឺ៤ថ្ងៃប៉ុណ្ណោះ មុនពេលបក្សសាធារណរដ្ឋតែងតាំងលោកត្រាំ ជាបេក្ខជនប្រធានាធិបតីរបស់បក្សមុនការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។ 
 
«នេះជាសេចក្តីគួរឱ្យខ្មាសអៀន។ នេះជាការកាត់ទោសដែលរៀបចំទុកមុន ដោយចៅក្រម ដែលពុករលួយ»។ អតីតប្រធានាធិបតីអាម៉េរិក បានឆ្លើយតបបែបនេះ ទៅនឹងសេចក្តីសម្រេចរបស់តុលាការ នៅថ្ងៃទី៣០ ខែឧសភា ដោយបន្តប្រកាន់ជំហរថា ខ្លួនគ្មានកំហុស។ បើតាមលោកត្រាំ សេចក្តីសម្រេចពិតប្រាកដ គឺជាថ្ងៃទី៥ ខែវិច្ឆិកា ដែលសម្រេចដោយប្រជាជន ក្នុងការរើសប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuter។ 
 
ក្រោយរកឃើញកំហុសខាងលើ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋរូបនេះ អាចប្រឈមនឹងការពិន័យជាប្រាក់ រហូតដល់ជាប់ពន្ធនាគារ។ ក្នុងមួយ១ ករណីនៃបទចោទ លោកត្រាំអាចប្រឈមជាប់ពន្ធនាគារដល់ ៤ឆ្នាំ។ យ៉ាងណាមិញ តុលាការអាចសម្រេចឱ្យលោកត្រាំ អនុវត្តទោសក្នុងពេលតែមួយ សម្រាប់កំហុសទាំង៣៤នោះ។ 
 
យ៉ាងណាមិញ លោកត្រាំ ទំនងមិនប្រឈមជាប់ពន្ធនាគារឡើយ ដោយសារលោកមិនធ្លាប់មានពិរុទ្ធពីមុន។ បើតាមអ្នកជំនាញផ្នែកច្បាប់ មហាសេដ្ឋីអាម៉េរិករូបនេះ មានលទ្ធភាពខ្ពស់ក្នុងការពិន័យជាប្រាក់។ 
 
សេចក្តីសម្រេចខាងលើ មិនអាចហាមឃាត់លោកត្រាំ មិនអោយចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីបាននោះទេ។ ទោះរងការកាត់ទោសពីបទព្រហ្មទណ្ឌ លោក ត្រាំ នៅតែអាចស្បថចូលកាន់តំណែងជាប្រធានាធិបតី ប្រសិនបើឈ្នះលោកចូ បៃឌិន។ 
 
ក្រោយតុលាការរកឃើញកំហុស មេធាវីរបស់លោកត្រាំ បានប្រកាសដាក់បណ្តឹងឧទ្ធរណ៍ ដើម្បីតវ៉ានឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាតុលាការក្រុងញូវយ៉ក៕

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com