កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីហ្វ៊ីជី Rabuka ឈ្នះមេដាយអត្តពលកម្មអន្តរជាតិ នៅអាយុ​​ ៧៥ឆ្នាំ
05, Jun 2024 , 4:58 pm        
រូបភាព
នាយករដ្ឋមន្ត្រីហ្វ៊ីជី លោក Sitiveni Rabuka បាន​ធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើលបន្ទាប់ពីដណ្តើមបាន​មេដាយ​សំរឹទ្ធកីឡាចោលដុំដែក នៅអាយុ ៧៥ឆ្នាំ ​ក្នុង​ការ​ប្រកួត​កីឡា​អត្តពលកម្ម​អន្តរជាតិ​។
មេដឹកនាំពិភពលោកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺចូលរួមហើយ ថែមទាំងអាចដណ្តើមបានមេដាយពីការប្រកួតកម្រិតអន្តរជាតិថែមទៀត។



លោក Sitiveni Rabuka នាយករដ្ឋមន្ត្រីហ្វ៊ីជី ដែលធ្លាប់ជាទាហាន និងកីឡាករ និងបានចូលរួមប្រកួតប្រជែងឱ្យប្រទេសហ្វ៊ីជី ទាំងកីឡាបាល់ឱប និងអត្តពលកម្ម បានបញ្ចប់ចំណាត់ថ្នាក់លេខ៣ កីឡាចោលដុំដែក លើវិញ្ញាសាអាយុ ៧៥ឆ្នាំដល់៧៩ឆ្នាំ ក្នុងការប្រកួតជើងឯកអូសេអានី Oceania championships ដែលធ្វើឡើងនៅរដ្ឋធានីស៊ូវ៉ា ប្រទេសហ្វ៊ីជី ពីថ្ងៃទី១ ដល់ទី៨ ខែមិថុនា។
  


ក្រោយទទួលបានមេដាយសំរឹទ្ធ លោក Rabuka ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជាមួយមេដាយរបស់ខ្លួន​ថា​៖«​ទោះ​អាយុ​៧៥​ឆ្នាំ​ក៏ដោយ ខ្ញុំ​សង្ឃឹមថា​នឹង​ជំរុញ​ទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បង្កើត​ទម្លាប់​រក្សា​រាង​កាយ និងសុខភាព​ឱ្យ​បាន​ស្អាត​ល្អ​»។
 
ក្នុងប្រវត្តិជាអ្នកកីឡា ក្រៅពីជាកីឡាករបាល់ឱប​ កាលពី៥០ឆ្នាំមុន នាយករដ្ឋមន្ត្រី Rabuka រូបនេះ ធ្លាប់តំណាងឱ្យហ្វ៊ីជី ចូលរួមប្រកួតកីឡា Commonwealth Games នៅនូវែលសេឡង់ ក្នុងឆ្នាំ ១៩៧៤។ កាលនោះលោក Rabuka ប្រជែងក្នុងប្រភេទកីឡាចោលដុំដែក ក្នុង៣ប្រភេទវិញ្ញាសា។
 
ក្នុងតំណែងជានាយករដ្ឋមន្ត្រីហ្វ៊ីជី តាមរយៈការបោះឆ្នោត អតីតមេទាហាន ដែលគេឱ្យរហស្សនាមថា «Rambo» រូបនេះ កាន់តំណែងពីរលើក ដោយលើកទី១ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៩ និងលើកទីពីរ ពីឆ្នាំ ២០២២ ដល់សព្វថ្ងៃ៕ 
 

Tag:
 Sitiveni Rabuka
  អត្តពលកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com