សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបដិសេធពាក្យចចាមអារ៉ាមថាបានប្រើប្រាស់លុយដើម្បីបញ្ចុះបញ្ចូលកីឡាករបរទេសឱ្យចូលសញ្ជាតិ និងលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ។
ចាប់តាំងពីឆ្នាំ ២០២២ មក ឥណ្ឌូណេស៊ី ទទួលបានកីឡាករបាល់ទាត់ដែលមានគុណភាពចំនួន ១២នាក់ មកពី ហូឡង់ អាម៉េរិក អេស្ប៉ាញ និងអង់គ្លេស ឱ្យចូលសញ្ជាតិខ្លួន ដើម្បីជួយក្រុមជម្រើសជាតិ។ ឆាប់ៗខាងមុននេះ PSSI ក៏នឹងផ្តល់សញ្ជាតិដល់កីឡាករសញ្ជាតិហូឡង់ពីរនាក់ទៀត ដែលរួមមានខ្សែការពារ Calvin Verdonk និងខ្សែប្រយុទ្ធ Jens Raven។
ការប្រើប្រាស់កីឡាករចូលសញ្ជាតិ ជាការផ្ដល់យោបល់ពីសំណាក់គ្រូបង្វឹកក្រុមបាល់ទាត់ឥណ្ឌូណេស៊ី លោក Shin Tae-yong។ តាមរយៈគោនយោបាយនេះ បានជួយឥណ្ឌូណេស៊ីសម្រេចបានផ្លែផ្កាមួយចំនួន ដូចជាការឆ្លងផុតវគ្គចែកពូល Asian Cup ឆ្នាំ ២០២៣ ជាលើកដំបូង ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup ឆ្នាំ ២០២៤ និងមានភាគរយខ្ពស់ ក្នុងការឆ្លងផុតវគ្គជម្រុះជុំទីពីរ FIFA World Cup ឆ្នាំ ២០២៦។
បង្ហាញភាពលេចធ្លោនៅរយៈពេលចុងក្រោយ ប៉ុន្តែឥណ្ឌូណេស៊ី រងការចោទប្រកាន់បង់ប្រាក់ឱ្យកីឡាករបរទេសដើម្បីបញ្ចុះបញ្ចូលពួកគេប្តូរសញ្ជាតិ ដោយសារច្បាប់ឥណ្ឌូណេស៊ីចែងថា ពលរដ្ឋរបស់ខ្លួនអាចកាន់សញ្ជាតិតែមួយប៉ុណ្ណោះ។
ជុំវិញការចោទប្រកាន់ អគ្គលេខាធិការ PSSI លោក Yunus Nusi បានឆ្លើយតបវិញផងដែរ។ លោក Nusi បានប្រាប់កាសែត CNN ឥណ្ឌូណេស៊ីថា៖ «កីឡាករចូលសញ្ជាតិទាំងនោះ មិនដែលបានស្នើសុំ ឬទទួលបានការបង់ប្រាក់ណាមួយនោះទេ។ PSSI បានទាក់ទងទៅឪពុកម្តាយរបស់កីឡាករ ហើយពួកគេក៏ចង់ឲ្យកូនៗរបស់ពួកគេបង្ហាញខ្លួនតំណាងប្រទេសឥណ្ឌូណេស៊ីដែរ។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ជ្រើសរើសកីឡាករដោយផ្អែកលើការផ្ដល់យោបល់ពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong និងនាយកបច្ចេកទេស។ លក្ខណៈវិនិច្ឆ័យជ្រើសរើសគឺកីឡាករដែលមានទេពកោសល្យ និងមានសមត្ថភាពលើសកីឡាករក្នុងស្រុក។
ជុំវិញករណីខាងលើ ក្រសួងយុវជន និងកីឡាបានជួបប្រជុំជាមួយ PSSI ដោយផ្តល់យោបល់ឱ្យក្រុមជម្រើសជាតិត្រូវតែផ្តល់អាទិភាពដល់កីឡាករក្នុងស្រុក ក្នុងគោលដៅអភិវឌ្ឍធនធានកីឡាករក្នុងស្រុក។ សមាជិកម្នាក់ក្នុងចំណោមនោះ ណែនាំថាក្នុងការប្រកួតនីមួយៗ គួរតែមានកីឡាករដើមកំណើតយ៉ាងហោចណាស់ ៦០ភាគរយនៅក្នុងក្រុម។ ទោះយ៉ាងណាបើតាម PSSI ការសម្រេចចុងក្រោយគឺអាស្រ័យលើគ្រូបង្វឹកប៉ុណ្ណោះ។
លោកមហាសេដ្ឋី Erick Thohir ប្រធាន PSSI លើកឡើងថា ការមានកីឡាករចូលសញ្ជាតិមានគុណភាពកាន់តែច្រើន នឹងជួយបង្កើនភាពរឹងមាំរបស់ក្រុមជម្រើសជាតិ និងមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងកីឡាករសញ្ជាតិដើម និងចូលសញ្ជាតិ សម្រាប់ជម្រើសក្រុម។
ឥណ្ឌូណេស៊ី នៅមានភារកិច្ចពីរប្រកួតចុងក្រោយនៅវគ្គជម្រុះ World Cup 2026 ជុំទី២ ទល់នឹងអ៊ីរ៉ាក់ នៅថ្ងៃទី៦ ខែមិថុនា និងហ្វីលីពីននៅថ្ងៃទី១១ ខែមិថុនា នៅទឹកដីខ្លួន។ ឥណ្ឌូណេស៊ី ត្រូវការ៣ពិន្ទុទៀត ដើម្បីធានាកៅអីទៅជុំទី៣ សម្រាប់វគ្គជម្រុះតំបន់អាស៊ី។
ក្រោមការដឹកនាំរបស់លោក Shin Tae-yong ឥណ្ឌូណេស៊ីស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល F ដោយមាន៧ពិន្ទុ តាមពីក្រោយអ៊ីរ៉ាក់ ៥ពិន្ទុ និងនាំមុខវៀតណាម ៤ពិន្ទុ៕